រដូវក្តៅ ឬរដូវប្រាំងជាទូទៅនៅក្នុងប្រទេសកម្ពុជាយើងមានរយៈពេល ៦ខែ គឺចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា តែដោយសារតែអាកាសធាតុមានការប្រែប្រួលខ្លះ រដូវប្រាំងបានអូសបន្លាសពេលវេលាកាន់តែយូរទៅៗ ដែលទាំងនេះអាចបង្កបញ្ហាមួយចំនួនដល់សុខភាពប្រជាជន។

ការប៉ះពាល់នឹងអាកាសធាតុក្តៅខ្លាំងពេក អាចធ្វើឱ្យមានបញ្ហាដល់សុខភាពមួយចំនួនដូចជា៖ ប៉ះពាល់ពីពន្លឺព្រះអាទិត្យដែលអាចបង្កបញ្ហាដល់ស្បែកដូចជាក្រហម ឬរលាកជាដើម បញ្ហាកង្វះជាតិទឹកនៅក្នុងរាងកាយ ក្តៅខ្លួន (heat stroke) រួមទាំងបញ្ហាប្រព័ន្ធរំលាយអាហារផងដែរ។ ហេតុនេះហើយ ក្រៅពីការពាររាងកាយរបស់អ្នកពីការត្រូវកម្តៅខ្លាំងហួសហេតុពេក របបអាហារទទួលទានក៏ជាអ្វីដែលអ្នកត្រូវគិតគូរឱ្យបានដិតដល់ផងដែរ ដោយសារតែអាហារដែលសម្បូរសារធាតុល្អៗអាចជួយធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ ចៀសឆ្ងាយពីបញ្ហាដែលបង្កពីការឡើងកម្តៅផងដែរ។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីអាហារពិសេសទាំង ១០មុខ ដែលអាចជំនួយដល់សុខភាពរាងកាយពេលដែលអាកាសធាតុកំពុងតែក្តៅខ្លាំង៖

អាការធាតុក្តៅ

១. ឪឡឹក

អ្នកណាៗក៏ដឹងដែរថា ផ្លែឪឡឹកគឺជាផ្លែឈើជម្រើសដំបូងគេបង្អស់សម្រាប់ការទទួលទាននៅក្នុងរដូវក្តៅ ដោយសារតែវាជាផ្លែឈើដែលសម្បូរទៅដោយជាតិទឹកដល់ទៅ ៩២ភាគរយឯណោះ ដែលអាចជួយអ្នកចៀសផុតពីបញ្ហាស្រេកទឹក កង្វះជាតិទឹកបាន ធ្វើឱ្យការចងចាំកាន់តែប្រសើរ រួមទាំងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយល្អក្នុងរដូវក្តៅទៀតផង។

បន្ថែមពីនេះ ឪឡឹកក៏ត្រូវបានគេដឹងថាសម្បូរទៅដោយសារធាតិពិសេសៗដូចជា វីតាមីន A វីតាមីន C សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និង Lycopene ដែលអាចជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ជំងឺរឹងកកសរសៃឈាម ជំងឺមហារីក ជំងឺឡើងសម្ពាធឈាម(លើសឈាម) បញ្ហាអន់ភ្នែក (macular degeneration) និងជំងឺឈឺសន្លាក់ដៃសន្លាក់ជើងទៀតផង។

ចំណាំ៖ អ្នកអាចទទួលទានឪឡឹកជាប្រចាំទាំងមនុស្សចាស់ មនុស្សពេញវ័យ និងកុមារ តែគួរតែជ្រើសរើសឪឡឹកធម្មជាតិដែលមិនប្រើជាតិថ្នាំគីមីទើបល្អ។

២. ផ្លែតាសក់

ផ្លែតាសក់ក៏ជាប្រភេទបន្លែដែលសម្បូរទៅដោយជាតិទឹកផងដែរ ដែលអាចផ្តល់ជាតិទឹកដល់រាងកាយការពារកង្វះជាតិទឹក ធ្វើឱ្យរាងកាយត្រជាក់ល្អ និងអារម្មណ៍ស្រស់ស្រាយក្នុងរដូវក្តៅផងដែរ។ សារធាតុពិសេសៗនៅក្នុងផ្លែតាសក់ ក៏ត្រូវាបានគេរកឃើញថា អាចជំនួយសុខភាពចលនាពោះវៀន និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អទៀតផង គឺល្អពិសេសសម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ។ ក្រៅពីនេះវីតាមីន C ដែលនៅក្នុងផ្លែតាសក់ក៏អាចជួយការពារស្បែកអ្នកពីផលប៉ះពាល់នៃកាំរស្មី UV ពីព្រះអាទិត្យដែលបង្ករបញ្ហាដល់ស្បែក ដូចជាក្រហម រលាក និងស្បែកដែលចាស់ជ្រីវជ្រួញ។ អ្នកអាចទទួលទានផ្លែតាសក់នៅក្នុងរបបអារហារប្រចាំថ្ងៃដូចជាស៊ុប ឬសាឡាត់ជាដើម។

ផ្លែតាសក់

៣. Summer Squash

ផ្លែឈើមួយមុខនេះគឺជាផ្លែឈើបរទេស តែលោកអ្នកក៏អាចរកទិញបាននៅក្នុងផ្សារទំនើបខ្លះៗបានដែរ ដោយវាត្រូវបានចាត់ទុកក្នុងបញ្ជីប្រភេទផ្លែឈើសម្រាប់ទទួលទានក្នុងរដូវក្តៅដូចគ្នា។ ផ្លែឈើនេះសម្បូរទៅដោយជាតិទឹក ដែលក្រៅពីអាចបំបាត់បញ្ហាស្រេកទឹក តែវាក៏សម្បូរទៅដោយវីតាមីនល្អៗ ដែលអាចជួយបង្កើនថាមពលរាងកាយ និងធ្វើឱ្យកម្រិតជាតិស្ករក្នុងខ្លួនមានតុល្យភាពផងដែរ ដោយលោកអ្នកអាចទទួលទានទាំងឆៅ ឬអាចធ្វើជាសាឡាត់ទទួលទានក៏បាន។

Summer Squash

៤.ទឹកដោះគោជូរក្រិច (Greek Yoghurt)

ទឹកដោះគោជូរក្រិចអាចរកបានដោយងាយនៅបណ្តាផ្សារទំនើបនានា ដែលត្រូវបានគេដឹងថាអាចជួយឱ្យរាងកាយត្រជាក់ល្អ និងបំបាត់បញ្ហាក្តៅខ្លួន ឬឡើងកម្តៅក្នុងរាងកាយបានយ៉ាងប្រសើរទៀតផង។ ជាតិប្រូតេអ៊ីន និងកាល់ស្បូមនៅក្នុងទឹកដោះគោជូរក្រិចថែមទាំងអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ធ្វើឱ្យប្រព័ន្ធការពារក្នុងរាងកាយរឹងមាំ ថែមទាំងការពារបញ្ហាការកើតមេរោគផ្សិតនានាទៀតផង។

ដូច្នេះអ្នកអាចទទួលទានទឹកដោះគោជូរក្រិចសុទ្ធតែម្តងក៏បាន ឬអាចលាយផ្លែឈើស្រស់ដូចជាស្ត្រប័រីពីលើដើម្បីបង្កើនរសជាតិរឹតតែប្រសើរ។

ទឹកដោះគោជូរក្រិច (Greek Yoghurt)

៥. ប័រទឹកដោះគោ (Buttermilk)

ការទទួលទានទឹកដោះគោប័រ (អាចរកបាននៅគ្រប់បណ្តាផ្សារទនើប) នៅក្នុងរដូវក្តៅគឺជាវិធីល្អមួយដែលអាចជួយការពារបញ្ហាខ្សោះជាតិទឹកក្នុងខ្លួន និងបំបាត់អាការអស់កម្លាំងផងដែរ។ ក្រៅពីនេះទឹកដោះគោប័រ អាចជំនួយសុខភាពក្រពះបាន រាល់ពេលទទួលទានអាហារដែលមានជាតិហឹរ ឬក្រហល់ក្រហាយក្រពះពោះវៀន ជាពិសេសថែមទាំងអាចជួយបំបាត់បញ្ហាបែកញើស អស់កម្លាំង ឈឺសាច់ដុំ វិលមុខ ឈឺក្បាល និងក្អួតចង្អោរផងដែរ។ បន្ថែមពីនេះទឹកដោះគោប័រក៏ត្រូវបានគេដឹងថាល្អសម្រាប់សុខភាពស្បែកទៀតផងប្រសិនជាទទួលទានវាជាប្រចាំ។

ប័រទឹកដោះគោ (Buttermilk)

៦. ផ្លែស្វាយ

មិនថាតែស្វាយទុំ ឬស្វាយខ្ចីនោះទេ គឺសុទ្ធតែល្អសម្រាប់រាងកាយនៅក្នុងរដូវក្តៅនេះដូចគ្នា ដូចជាការអាចបំបាត់ការស្រេកទឹក ត្រជាក់រាងកាយ និងផ្តល់ថាមពេលរាងកាយ ដោយសារតែវាសម្បូរទៅដោយសារធាតុសំខាន់ៗល្អៗជាច្រើនដូចជា វីតាមីនA វីតាមីនC និងវីតាមីន E។

- សម្រាប់ផ្លែស្វាយទុំអ្នកអាចទទួលទានវាជាផ្លែឈើធម្មតា ឬអាចបន្ថែមជាមួយទឹកដោះគោ និងធ្វើការក្រឡុកវាជាភេសជ្ជៈដ៏ឆ្ងាញ់ពិសាក៏បាន។

- សម្រាប់ផ្លែស្វាយខ្ចី អ្នកអាចទទួលទានវាជាធម្មតា ឬក៏អាចយកផ្លែស្វាយខ្វី១ផ្លែ ដាំទឹកឱ្យពុះ រួចធ្វើការក្រឡុក ហើយលាយជាមួយនឹងទឹកត្រជាក់១កែវ ដោយរោយអំបិលបន្តិច និងម្សៅ roasted cumin បន្តិចក៏បាន (roasted cumin powder រកបាននៅផ្សារទំនើប តែបើពិបាករកមិនបាច់ដាក់ក៏បាន)។ ភេសជ្ជៈមួយនេះត្រូវបានគេដឹងថាអាចបំបាត់អាការក្តៅខ្លួនបានយ៉ាងល្អសម្រាប់រដូវក្តៅ។

ផ្លែស្វាយ

៧. ក្រូចពោធិសាត់

ក្រូចពោធិសាត់ គឺជាផ្លែឈើដ៏ពេញនិយម និងឆ្ងាញ់ពិសា ដែលសម្បូរទៅដោយជាតិទឹក និងអាចជួយបំពេញជាតិទឹក និងអេឡិចត្រូលីត្រដល់រាងកាយបានយ៉ាងល្អនៅក្នុងរដូវក្តៅ។ បន្ថែមពីនេះវាក៏សម្បូរទៅដោយវីតាមីនល្អៗជាច្រើន សម្រាប់ជំនួយប្រព័ន្ធរំលាយអាហារ ឬបញ្ហាក្រពះនានាដែលបណ្តាលពីអាកាសធាតុក្តៅ ថែមទាំងអាចការពារបញ្ហាស្បែកផ្សេងៗពីកម្តៅថ្ងៃដូចជា អុច ខ្មៅ រលាក និងការកើតមុនទៀតផង។ ដូច្នេះអ្នកអាចទទួលទានផ្លែក្រូចពោធិសាត់ជាប្រចាំ ឬអាចលាយជាមួយអំបិលក៏បាន ស្ករសក៏បានដើម្បីបង្កើនរសជាតិបន្ថែម។

ក្រូចពោធិសាត់

៨. ទឹកដូង

ទឹកដូងគឺជាភេសជ្ជៈដែលមានជាតិទឹកល្អបំផុតមួយ ដែលស័ក្តិសមសម្រាប់ការទទួលទានក្នុងរដូវក្តៅ និងពេលស្រេកទឹកបំផុត។ ទឹកដូងសម្បូរទៅដោយជាតិរ៉ែធម្មជាតិ និងអាឡិចត្រូលីត្រដែលអាចបំពេញជាតិទឹកក្នុងខ្លួនបានល្អ ការពារកង្វះជាតិទឹក និងផ្តល់សំណើមរាងកាយបានល្អទៀតផង។

បន្ថែមពីនេះ ទឹកដូងអាចជួយសម្រកទម្ងន់ បង្ការការឡើងជាតិកូឡេស្តឺរ៉លមិនល្អ ជាពិសេសគឺអាចធ្វើឱ្យអ្នកឆ្អែតបានយូរមិនឃ្លានចំណីអាហារផ្តេសផ្តាសផងដែរ។ សម្រាប់រដូវក្តៅលោកអ្នកអាចទទួលទានទឹកដូងជាប្រចាំ ហើយការទទួលទានទឹកដូងនៅពេលព្រឹកព្រលឹមពេលពោះទទេរ ថែមទាំងអាចជំនួយសួត ថ្លើម សុខភាពភ្នែក និងបញ្ហាចរន្តឈាមពីផលប៉ះពាល់នៃការឡើងកម្តៅទៀតផង។

ទឹកដូង

៩. ប៉េងប៉ោះ

ផ្លែប៉េងប៉ោះក៏សម្បូរទៅដោយជាតិទឹកផងដែរ ពោលគឺមានជាតិទឹកដល់ទៅ ៩៥ភាគរយដែលអាចជួយបំបាត់ការស្រេកទឹក និងការពារកការខ្សោះជាតិទឹកពីរាងកាយទៀតផង។ សារធាតុសំខាន់ៗពីផ្លែប៉េងប៉ោះ ថែមទាំងអាចជួយការពារស្បែករបស់អ្នកពីផលប៉ះពាល់នានាពីកាំរស្មី UV ផងដែរ។ ដូច្នេះអ្នកអាចទទួលទានប៉េងប៉ោះឆៅក៏បាន ជាសាឡាត់ក៏បាន ឬអាចធ្វើជាភេសជ្ជៈក្រឡុកស្រស់ៗក៏រឹតតែប្រសើរ។

ប៉េងប៉ោះ

១០. ពោត

ការទទួលទានពោតស្រស់ៗចំហុយ អាចលាយជាមួយអំបិល ឬស្ករ គឺជាអាហារសុខភាពមួយផងដែរសម្រាប់រដូវក្តៅ ដោយវាអាចជួយប្រឆាំង និងការពារផលប៉ះពាល់នានាពីកាំរស្មី UV ពីព្រះអាទិត្យ ថែមទាំងមានសរធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយបញ្ហាសុខភាពនានាផងដែរ។ ក្រៅពីនេះការទទួលទានពោតអាចជួយបំបាត់ស្ត្រេស និងកាត់បន្ថយកម្រិតកូឡេស្តឺរ៉លទៀតផង។ ដូច្នេះអ្នកអាចយកពោតបញ្ចូលនៅក្នុងរបបអាហារទទួលទានរបស់អ្នកជាប្រចាំដោយអាចច្នៃដាក់នៅក្នុងសម្លទទួលទាន ឬជាអាហារប្រភេទសាឡាត់ក៏បានដែរ។

ពោត

ក្រៅពីការទទួលទានអាហារពិសេសៗទាំង ១០មុខនេះ ត្រូវចាំថា នៅក្នុងអាកាសធាតុក្តៅខ្លាំង សូមព្យាយាមការពារ និងបិទបាំងរាងកាយរបស់អ្នកពីកម្តៅថ្ងៃឱ្យបានល្អ ពិសេសគឺព្យាយាមទទួលទានទឹកស្អាតឱ្យបានច្រើនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]