អ៊ីរ៉ាក់៖ ពិតជារឿងដ៏គួរអាណិតខ្លោចចិត្ត ដែលទារកដ៏កំសត់ទើបតែនឹងកើតម្នាក់ នៅឯប្រទេសអ៊ីរ៉ាក់ កើតមកគ្មានច្រមុះ ដែលតម្រូវឲ្យក្មេងតូចនេះត្រូវដកដង្ហើមតាមមាត់ជំនួសវិញ យ៉ាងដង្ហក់ៗដើម្បីរស់ ដែលធ្វើឲ្យគ្រប់គ្នារំជួលចិត្ត និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី២១ មីនា ឆ្នាំ២០១៩ កន្លងទៅនេះ បានរាយការណ៍ឲ្យដឹងថា ទារកដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនេះ បានកើតនិងរស់នៅក្នុងទីក្រុង Fallujah ដែលមានចម្ងាយប្រមាណ ៦៤គីឡូម៉ែត្រ ពីភាគខាងលិចរដ្ឋធានី Baghdad ប្រទេសអ៊ីរ៉ាក់ ដែលជារដ្ឋធានីមួយធ្លាប់បានរងការហែកហួរដោយសង្គ្រាម។

ទារករងគ្រោះកើតមកគ្មានច្រមុះដកដង្ហើម

ទារកខាងលើនេះ ត្រូវបានគេដឹងថា ទើបតែកើតបាន២សប្តាហ៍ប៉ុណ្ណោះ ខណៈដែលធ្វើឲ្យក្រុមគ្រូពេទ្យជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែនេះគឺជាករណីដ៏កម្របំផុត ដែលទារកកើតមកគ្មានច្រមុះដកដង្ហើមបែបនេះ។

គេក៏នៅតែមិនទាន់ដឹងច្បាស់ ហើយក៏មិនទាន់អាចសន្និដ្ឋានឲ្យបានស៊ីជម្រៅ ពីមូលហេតុពិតប្រាកដអំពីទារក ដែលមានសភាពដ៏គួរឲ្យអាណិតនេះឡើយ។ ខណៈដែលបងប្អូនបង្កើត ៣នាក់ផ្សេងទៀត (បងៗ) ក្នុងគ្រួសារទារករងគ្រោះនេះ គឺពួកគេបានកើតមកមានសុភាពល្អជាធម្មតា។

រូបភាពទារកនេះ ត្រូវបានចេញផ្សាយ ឬបង្ហោះចែកចាយដោយខាងអង្គការ Fallujah Birth Defects និងបានអះអាងបញ្ជាក់ថា អត្រាកំណើតពិការពីកំណើតនេះ បានកើតឡើងជាបន្តបន្ទាប់ ដែលនៅក្នុងនោះក៏រួមចំណែកដោយសារតែសង្គ្រាមអ៊ីរ៉ាក់ផងដែរ និងបានបញ្ជាក់ទៀតថា នេះគឺជាលើកទីមួយហើយ ដែលពួកគេបានជួបប្រទះករណីទារកគ្មានច្រមុះបែបនេះ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ករណីនេះក៏ត្រូវបានអ្នកជំនាញខ្លះលើកឡើងថា វាគឺជំងឺពិការពីកំណើតដ៏កម្រម្យ៉ាងហៅថា «Arhinia» ដែលធ្វើឲ្យអវត្តមានផ្នែកណាមួយលើច្រមុះ។ វាក៏អាចបណ្តាលមកពីភាពមិនប្រក្រតីនៃហ្សែន ដោយសារតែការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹងរបស់ម្តាយកំឡុងពពោះផងដែរ។

បន្ថែមលើនេះ វាក៏អាចបណ្តាលមកពី ការប៉ះពាល់ទៅនឹងជាតិពុល ឬវីរុសមើលមិនឃើញណាមួយ មិនខុសអីទៅនឹងជំងឺហ្ស៊ីកា (Zika) ដែលអ្នកម្តាយគ្រប់រូបធ្វេសប្រហែស ក្នុងការយកចិត្តទុកដាក់ថែរក្សាខ្លួននិងគត៌ នាកំឡុងពេលពពោះនោះផងដែរ។

ទារករងគ្រោះកើតមកគ្មានច្រមុះដកដង្ហើម

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះទៀតសោត បច្ចុប្បន្នប្រភពពុំបានទម្លាយឲ្យដឹងបន្ថែម ពីស្ថានភាពរបស់ទារករងគ្រោះ មានសុខភាពល្អជាប្រក្រតី ឬយ៉ាងណានោះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]