ខេត្តកណ្ដាល ៖ បុរស​ពោះម៉ាយ​កូន​១​ម្នាក់​ក្រោយ​ពី​ប្រពន្ធ​មាន​ជម្ងឺ​ក្រិន​ថ្លើម (​ទាច​ទឹក​)​ស្លាប់​ចោល​ទៅ​រយៈពេល​៣​ឆ្នាំ​កន្លង​មក​ហើយ គាត់​មិន​ទាន់​បាន​រកប្រពន្ធ​ថ្មី​ម្នាក់​គ្រាន់​ជួយ​ស្អំ​បេះដូង​ទៀត​នៅឡើយ ។ ហើយដោយ​សារ​តែ​ពោះម៉ាយ​យូរ​ជូរ​មាត់​គាត់​បាន​លួច​ស្រឡាញ់​នាង​ក្រមុំ​ម្នាក់ ដែល​ត្រូវជា​ក្មួយបង្កើត​របស់​ប្រពន្ធ (​ក្មួយ​សាច់ថ្លៃ​ខ្លួនឯង​)​ដែល​រស់នៅ​ផ្ទះ​ជិត​គ្នា ។

ប៉ុន្តែ​ក្ដី​ស្រឡាញ់​នេះ​បុរស​ខាងលើ​បាន​លាក់​ទុក​នៅ​តែ​ក្នុង​ចិត្ត​ប៉ុណ្ណោះ គាត់​គ្មាន​ភាព​ក្លាហាន ដើម្បី​សារភាព​ស្នេហ៍​ប្រាប់​ដល់​នាង​ឡើយ ហើយ​ក៏​មិន​ហ៊ាន​ចូល​ស្ដីដណ្ដឹង​ដែរ លុះ​ក្រោយមក​ក្ដី​ស្រឡាញ់​កាន់តែ​ជ្រាលជ្រៅ ។

ម្យ៉ាង​ពោះម៉ាយ​យូរ​ផង​បាន​សម្រេចចិត្ត​ខុស​ដោយ​បាន​ឡើង​ទៅ​ចាប់​ក្មួយ​ស្រី​សាច់ថ្លៃ​រូប​នោះ​កំពុង​ដេក​រំលោភ​ទាំង​ថ្ងៃ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ ដោយ​នាង​ដឹងខ្លួន​ទាន់​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ ដែល​មាន​ទីតាំង​ស្ថិត​នៅ ខេត្តកណ្តាល ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ អ៊​ន សុធី អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ដោយឡែក​នាងរង​គ្រោះ អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ក្រមុំ​មិន​ទាន់​មានគូស្រករ​នៅឡើយ ។ នាង​មាន​មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ក្រោយ​ពី​ត្រឡប់​មក​ពី​ធ្វើការ​វេន​យប់​វិញ​នាងរង​គ្រោះ​បាន​ឡើង​ទៅ​ដេក​នៅ​លើ​ផ្ទះ​តែ​ម្នាក់ឯង ព្រោះតែ​ធ្វើការ​អត់​បាន​ដេក​ពេញ​១​យប់​មក​ហើយ ។ លុះដល់​ពេល​កើតហេតុ​ជនសង្ស័យ​ដែល​ជា​ពូ​សាច់ថ្លៃ​បាន​ឡើង​ទៅ​លើ​ផ្ទះ​នោះ ហើយ​នៅ​ពេល​ឃើញ​នាងរង​គ្រោះ​កំពុង​ដេក​លក់​ដោយ​មិនដឹង​ខ្លួន​នៅ​ក្នុង​មុង បុរស​នោះ​ក៏​បាន​ស្រាតខោ​ជើងវែង​របស់​ខ្លួន​ចេញ​នៅ​សល់​តែ​ខោ​លី​អូ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ក៏​បាន​ធ្វើ​សកម្មភាព​ទ្រោប​ពីលើ និង​យកដៃ​ខ្ទប់មាត់​នាង​កុំ​ឲ្យ​ស្រែក ដើម្បី​រំលោភ​សេពសន្ថវៈ ប៉ុន្តែ​ពេល​នោះ​សំណាងល្អ​នាង​ដឹងខ្លួន​ទាន់​ខំ​រើ​បម្រាស់​រហូត​ដល់​រួច ហើយ​បាន​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​រត់​ចុះ​មក​ក្រោមផ្ទះ ។

ចំណែក​ជនសង្ស័យ​បាន​ស្លៀកខោ​ជើងវែង​វិញ ហើយ​រត់​ចុះ​តាម​ក្រោយ​គេច​ទៅ​ផ្ទះ​បាត់ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ទៅ​រាយការណ៍ និង​ដាក់​ពាក្យបណ្តឹង​ជូន​នគរបាល​ប៉ុស្តិ៍​ពើក​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ។

ដោយឡែក​ជនសង្ស័យ​បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​ពិតជា​បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ក្មួយ​ស្រី​សាច់ថ្លៃ​ប្រាកដ​មែន ព្រោះ​ខ្លួន​ជា​បុរស​ពោះម៉ាយ​ដែល​ត្រូវ​ប្រពន្ធ​មាន​ជម្ងឺ​ក្រិន​ថ្លើម ឬ​ហៅ​ថា ជម្ងឺ​ទាច​ទឹក​ស្លាប់​ចោល​៣​ឆ្នាំ​កន្លង​មក​ហើយ មិនតែប៉ុណ្ណោះ​ខ្លួន​មិន​ទាន់​បាន​យកប្រពន្ធ​ថ្មី​ទៀត​នៅឡើយ ។

នៅ​រយៈពេល​ចុង​ក្រោយ​ខ្លួន​បាន​លួច​ស្រឡាញ់​ក្មួយ​ស្រី​សាច់ថ្លៃ​របស់​ខ្លួន​ខាងលើ​ខ្លាំង​ណាស់ ហើយ​ក្ដី​ស្រឡាញ់​នេះ​មាន​រយៈពេល​៣​ខែ​កន្លង​មក​ហើយ ប៉ុន្តែ​មិន​ហ៊ាន​សារភាព​ប្រាប់​នាង​ទេ ហើយ​ក៏​មិន​ហ៊ាន​ចូល​ស្ដីដណ្ដឹង​ដែរ ព្រោះ​ត្រូវជា​មារ និង​ក្មួយ តែ​ដោយសារ​តែ​ស្រឡាញ់​ខ្លាំង​ទ្រាំ​លែង​បាន​ទើប​ឡើង​ទៅ​ចាប់រំលោភ ខណៈ​ពេល​នាង​កំពុង​ដេក ប៉ុន្តែ​មិន​ត្រឹមតែ​មិន​បាន​សម្រេច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាង​ស្រែក​បង្ក​ការ​ភ្ញាក់ផ្អើល និង​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​បែប​នេះ​ទៀត ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]