រាជធានីភ្នំពេញ ៖ ទារិកាម្នាក់ត្រូវបានអ្នកដើររើសអេតចាយ២នាក់ប្រទះឃើញដេកយំនៅក្នុងគំនរសំរាម មើលទៅគួរអោយសង្វេគ និងខ្លោចចិត្តបំផុត នៅចំណុចតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ ។
បុរសជាអ្នករើសអេតចាយទាំង២នាក់ខាងលើ ម្នាក់ឈ្មោះបញ្ញា អាយុ៣០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ភឿន តួ ។
តាមការរៀបរាប់របស់បុរសជាអ្នករើសអេតចាយទាំង២នាក់ខាងលើបានអោយដឹងថា មុនពេលកើតហេតុ គឺពួកគាត់ទើបតែត្រឡប់មកពីរើសអេតចាយវិញ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ដោយជិះកាត់ផ្លូវ៦០ម៉ែត្រ លុះមកដល់ចំណុចគំនរសំរាម ស្រាប់តែពួកគាត់ឮសូរសម្លេងយំចេញពីក្នុងថង់សំរាមខ្មៅមួយយ៉ាងខ្លាំងៗ ។
ប្រភពដដែលបានបន្តថា ពេលឮសំឡេងយំនោះ ពួកគាត់គិតថាសត្វឆ្មាយំ ព្រោះសំឡេងយំនោះគឺដូចឆ្មាណាស់ ។ ដោយមិនអស់ចិត្តពួកគាត់ទាំង២នាក់ក៏ដើរទៅកាយថង់សំរាមនោះមើល ក៏ប្រទះឃើញទារិកាម្នាក់ត្រូវគេយកមកបោះចោលក្នុងគំនរសំរាម ដែលមើលទៅគួរអោយសង្វេគ និងខ្លោចចិត្ត គួរអោយអាណិតបំផុតនោះ ។
ប្រភពដដែលបានបន្តទៀតថា ដោយសារតែពួកគាត់មិនស្គាល់លេខសមត្ថកិច្ច និងមិនស្គាល់អ្នកភូមិក្បែរនោះផងនោះ ពួកគាត់ក៏សម្រេចចិត្តលើកទារិកាដាក់ក្នុងរ៉ឺម៉កអេតចាយរបស់ពួកគាត់ ហើយដឹកយកទៅកាន់វិទ្យុ ABC ដើម្បីប្រគល់ជូនក្រុមការងារនៃវិទ្យុនេះ អោយជួយសង្គ្រោះទារិកាខាងលើបន្ថែមផង ព្រោះពួកគាត់មិនអាចជួយអ្វីលើសពីហ្នឹងបានទៀតទេ ។
ភ្លាមៗនោះបន្ទាប់ពីទទួលបានទារិកាខាងលើពីបុរសជាអ្នករើសអេតចាយចិត្តល្អទាំង២នាក់ខាងលើហើយនោះ ក្រុមការងារនៃវិទ្យុ ABC ក៏បានដឹកទារិកាខាងលើតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ព្រោះតែទារិកាខាងលើហាក់ដកដង្ហើមមិនដល់គ្នា និងផ្ទៃមុខមើលទៅស្លេកស្លាំងអស់ទៅហើយដែរ ។
គិតមកត្រឹមវេលាព្រឹកថ្ងៃដដែលនេះ គេនៅពុំទាន់ដឹងថា ទារិកាខាងលើស្ថិតក្នុងស្ថានភាពបែបណានៅឡើយទេ ដោយរង់ចាំព័ត៌មានបន្ថែមនៅពេលក្រោយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]