ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា ជា​ប្រពន្ធ​របស់​អ្នកកាសែត​នគរវត្ត និង​ជា​ភ្នាក់ងារ​ទូរទស្សន៍ MSJ ប្រចាំ​ខេត្ត​ប៉ៃលិន បាន​រង​របួស​​ទទឹង​ថ្ងាស ដោយសារ​ត្រូវ​សត្វ​ឆ្មា​ដែល​ដេញ​ខាំ​គ្នា​នៅ​ក្នុងផ្ទះ ហើយខណៈ​គាត់​បើក​មុង​​​ចេញ​មក​ក្រៅ ក៏​ត្រូវ​សត្វ​ឆ្មា​ខ្វាច​មុត​របួស​ ។

ពេល​ប្តី​ឃើញ​សភាព​មិន​ស្រួល​ ទើប​​ប្រញាប់​ដឹក​តាម​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត តែ​ដោយ​គ្រូពេទ្យ​អត់​មាន​ថ្នាំ​វ៉ាក់សាំង ក៏​ដឹក​តាម​រថយន្ត​បន្ត​ទៅ​ខេត្តបាត់ដំបងវិញ ។

ហេតុការណ៍​ឆ្មា​ដេញ​ខាំ​គ្នា​ខ្វាច​មុត​ថ្ងាស​ជន​រង​គ្រោះ​នេះ ​​កើតឡើង​នៅ​វេលា​ម៉ោង​០៦ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ​មីនា ​ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ហ៑ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ប្រភព​​ពី​លោក សរ សា​រឿ​ន ជា​ប្តី បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ មាន​សត្វ​ឆ្មា​ពីរ​ក្បាលបាន​រត់​ដេញ​ខាំ​គ្នា​នៅ​ក្នុងផ្ទះចុះឡើង​ៗ រួច​ក៏​លោត​ពី​បង្អួច​​ខាងក្រៅ​លោត​ចូលទៅ​ក្នុងផ្ទះ ។ ខណៈ​ពេល​នោះ​ ស្រប​ពេល​ដែល​ប្រពន្ធ​គាត់​​បើក​មុង​បម្រុង​ចេញ​ក្រៅ បណ្ដាល​ឱ្យ​​ឆ្មា​ដែល​កំពុង​ខាំ​គ្នា​ស្ទុះ​លោត​ទៅ​ខ្វាច​ត្រូវ​លើ​ចិញ្ចើមប្រពន្ធ បណ្តាល​​​ហូរ​ឈាម ។

លោក​បន្ត​ទៀត​ថា ដោយ​មើលទៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៑ុ​ក ឃើញ​ជន​រង​គ្រោះ​ដែល​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​ក្លាយទៅជា​កើត​ឆ្កួត ​ទើប​គាត់​មានការ​ភ័យ​បារម្ភ​​ខ្លាំង ។ បន្ទាប់​មក ក៏​នាំ​ប្រពន្ធ​ឡើង​រថយន្ត​តាក់ស៊ី​បន្ត​ទៅពេទ្យ​ខេត្តបាត់ដំបង ដើម្បី​ចាក់​ថ្នាំ​ការពារ​ជម្ងឺ​ឆ្កែឆ្កួត ។​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]