ភ្នំពេញ៖ កម្មវិធី «ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩» ធ្វើឡើងក្រោមប្រធានបទ “ផែនទីបង្ហាញផ្លូវអាស៊ាន ទៅកាន់ឧស្សាហកម្ម ៤.០” គឺជាកម្មវិធីពិព័រណ៍រួមជាមួយនិងសន្និសីទស្តីអំពីបច្ចេកវិទ្យាឌីជីថលដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ទទួលបានជោគជ័យជាមួយការគាំទ្រចូលរួមយ៉ាងច្រើនកុះករលើសពីការរំពឹងទុក។

កម្មវិធីនេះ ទទួលបានការចូលរួមពីមហាជនទូទៅ យុវជន ជាសិស្សានុសិស្ស អ្នកបច្ចេកទេសចូលចិត្តខាងផ្នែកបច្ចេកវិទ្យា អាជីវកម្មទាក់ទងក្នុងវិស័យបច្ចេកវិទ្យានៅក្នុងស្រុក និងក្នុងតំបន់ តំណាងរបស់រដ្ឋាភិបាល គ្រឹះស្ថានឧត្តមសិក្សា អង្គការមិនរកប្រាក់ចំណេញ សរុបប្រមាណជា ១៥,០០០ នាក់ ជារៀងរាលថ្ងៃ ក្នុងរយៈពេល ៣ ថ្ងៃ។

កម្មិវិធី «ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩» ត្រូវបានរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដោយមានការចូលរួមរបស់វាគ្មិនសំខាន់ៗជាង ១០០ រូប ការពិភាក្សាលើប្រធានបទសំខាន់ៗដឹកនាំដោយអ្នកជំនាញទៅក្នុងវិស័យបច្ចេកវិទ្យា អ្នកចូលរួមតាំងពិព័រណ៍ផលិតផល និងសេវាកម្មជាង ១៥០ ស្ដង់ រួមជាមួយឆាកហ្គេមដ៏ធំ ដែលទាក់ទាញអ្នកជំនាញលេងហ្គេមចូលរួមប្រកួតប្រជែង និងអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនផងដែរ។

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩
ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩

អ្នកចូលរួមក្នុងកិច្ចពិភាក្សារួមមាន មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់របស់កម្ពុជា មានដូចជាឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីតំណាងមកពីប្រទេសវៀតណាម ថៃ ឡាវ ម៉ាឡេស៊ី និងហ្វីលីពីនផងដែរ។

ចំណែកវាគ្មិនពោពេញដោយចំណេះដឹងយ៉ាងទូលំទូលាយនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដែលបានចូលរួមធ្វើបទបង្ហាញដ៏គួរឲ្យចាប់អារម្មណ៍ នៅក្នុងវិស័យឯកជនរួមមានលោក David LI នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា លោកបណ្ឌិត Susan AMAT អនុប្រធាន និងនាយកប្រតិបត្តិនៃបណ្តាញសហគ្រិនភាពសកល GEN លោកបណ្ឌិត Chawapol JARIYAWIROJ អ្នកគ្រប់គ្រងប្រចាំប្រទេស របស់ក្រុមហ៊ុន Amazon Web Services ប្រទេសថៃ។ ចំណែកអ្នកចូលរួម និងវាគ្មិនលេចធ្លោផ្សេងទៀតរួមមាន តំណាងមកពីធនាគារ Fintech ស្ថាប័នអប់រំជាន់ខ្ពស់ និងអង្គការអន្តរជាតិ។

លោក ធុល រិទ្ធី ដែលត្រូវបានគេស្គាល់ថាជាសហគ្រិនមួយរូប និងជាអ្នកមានឈ្មោះបោះសម្លេងឈានមុខគេនៅក្នុងប្រទេសកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពបានឲ្យដឹងថា៖

«ប្រទេសកម្ពុជា និងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាដែនដីដ៏មានជីវជាតិ សំរាប់ការច្នៃប្រឌិត បច្ចេកវិទ្យា និងសហគ្រិនភាព។ ចំនួនអ្នកចាប់ផ្ដើមអាជីវកម្មថ្មី បានកើនឡើងជាបន្តបន្ទាប់នៅក្នុងតំបន់នេះជាមួយការគាំទ្រយ៉ាងខ្លាំងពីសហគមន៍អ្នកធ្វើជំនួញ អ្នកវិនិយោគមកពីទូទាំងពិភពលោក ដែលមានបំណងចង់ធ្វើជាដៃគូ ជាមួយអ្នកច្នៃប្រឌិត ជាពិសេសអ្នកមានទេពកោសល្យនឹងនៅតែបន្តប្រសើរឡើងថែមទៀត ដោយមានយុវជនកាន់តែច្រើនរៀនជំនាញពាក់ព័ន្ធនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលដោយផ្ទាល់»។
ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩

លោក ធុល រិទ្ធី បានបន្ថែមទៀតថា៖

«ជាមួយការរៀបចំកម្មវិធីបានយ៉ាងល្អចំពោះសន្និសីទទៅលើប្រធានបទ ដែលមនុស្សភាគច្រើនចាត់ទុកជាប្រធានបទនៃការចាប់អារម្មណ៍ដូចជា បច្ចេកវិទ្យាឌីជីថល បានប្រាប់ទៅកាន់សហគមន៍ អ្នកវិនិយោគទុនអន្តរជាតិ កាន់តែទូលំទូលាយថែមទៀតថា ទ្វាររបស់យើងបានបើកចំហរង់ចាំសម្រាប់ការវិនិយោគ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងជាពិសេសប្រទេសកម្ពុជា ដែលជាប្រទេសដើរតួនាទីឈានមុខគេ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល»។

កម្មិវិធី «ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩» រៀបចំធ្វើឡើងជាមួយគោលបំណងសំខាន់ៗចំនួន ៥ គឺ៖
១. បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការវិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា
២. បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខណ្ឌគោលនយោបាយ និងគតិយុត្ត និងផលិតផល និងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន
៣. បញ្ជ្រាបអំពីសារៈសំខាន់ និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រីក្នុងន័យធ្វើឱ្យប្រសើរឡើងនៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារ និងផលិតភាព និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសធុនតូចបំផុតធុនតូច និងមធ្យមរបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ
៤. កៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា-គមនាគមន៍ និងព័ត៌មានរួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មចាប់ផ្ដើមថ្មី (Startup) អ្នកវិជ្ជាជីវៈ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏ដូចជា អំពីបញ្ហាប្រឈមនានាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ
៥. ជម្រុញអំពីសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ
៦. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងអាជីវកម្មចាប់ផ្តើមថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។

ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាបុគ្គលមួយរូបដើរតួនាទីយ៉ាងសំខាន់ ដើម្បីឲ្យកម្មវិធី «ឌីជីថលកម្ពុជាឆ្នាំ ២០១៩» កើតមានឡើងបានមានប្រសាសន៍ថា៖ 

«ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមសម្រាប់ជាយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺការធ្វើសមាហរណកម្មឲ្យកាន់តែប្រសើរឡើង សម្រាប់សេដ្ឋកិច្ចនៅក្នុងតំបន់ និងអន្តរជាតិ ដោយបង្វែរទៅរកមូលដ្ឋានឧស្សាហកម្មចម្រុះ ដែលគាំទ្រការរីកចម្រើនប្រកបដោយនិរន្តរ៍ភាពរយៈពេលវែង និងមួយផ្នែកទៀត គឺការទាក់ទាញអ្នកវិនិយោគិន ដែលចាប់អារម្មណ៍ជាមួយការវិនិយោគក្នុងផ្នែកឌីជីថល និងឱកាសជាច្រើនទៀត។ ការវិនិច្ឆ័យដោយភាពជោគជ័យ និងកម្លាំងចលករ ដែលបានបង្កើតឡើងដោយព្រឹត្តិការណ៍នេះ ខ្ញុំជឿជាក់ថាយើងនឹងសម្រេចបាននូវគោលដៅរបស់យើង។ នៅក្នុងប្រទេសកម្ពុជា យើងមានវិធានការជាក់ស្តែង ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍នៅទូទាំងប្រទេស និងពង្រឹងគុណភាព និងភាពជឿជាក់នៃប្រព័ន្ធទូរគមនាគមន៍និងសេវាកម្ម។ លើសពីនេះទៀត យើងកំពុងចាត់វិធានការដើម្បីធានាថា ក្របខ័ណ្ឌច្បាប់ដែលគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ និងសេវាកម្ម អនុញ្ញាតឱ្យបច្ចេកវិទ្យាឌីជីថលទទួលយកឱកាសវិនិយោគនិងបង្កើនដើមទុន ប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធភាព ដល់គម្រោងដែលមានសក្តានុពលខ្ពស់»។
ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩
ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩

គួររំម្លឹកផងដែរថា «ពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩» រៀបចំធ្វើឡើងដោយវិទ្យាស្ថានជាតិ NIPTICT ដោយទទួលបានការគាំទ្រពីក្រសួងនានារបស់រដ្ឋាភិបាល ដែលក្នុងនោះរួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំណែកចូលរួមគាំទ្រពីវិស័យឯកជនវិញ រួមមានក្រុមហ៊ុន Smart Axiata និង Metfone ដែលជាអ្នកផ្តល់សេវាកម្មទូរគមនាគមន៍ធំជាងគេបំផុតនៅកម្ពុជា ក្រុមហ៊ុន Huawei Technology (Cambodia) និង CFOCN ហើយត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Sabay Digital Corporation និងក្រុមហ៊ុន Two Way Public Relations ដែលជាក្រុមហ៊ុនរៀបចំ និងគ្រប់គ្រងកម្មវិធី និងទំនាក់ទំនងសាធារណៈឈានមុខគេរបស់ប្រទេសកម្ពុជា។

បន្ថែមពីនេះទៀត «ពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩» ទទួលបានការឧបត្ថម្ភគាំទ្រដោយ ក្រុមហ៊ុនសែលកាត UnionPay TrueMoney ក្រុមហ៊ុន EZECOM Oracle Cisco Systems Smart City Consortium ធនាគារ PPC ធនាគារឯកទេស វីង Payon Mobile C & C ក្រុមហ៊ុនរៀបចំកម្មវិធី Kilat ជាដើម។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍សូមចូលទៅកាន់គេហទំព័រ www.digitalcambodia.com.kh ឬទំព័រហ្វេសប៊ុករបស់យើង https://www.facebook.com/OfficialDigitalCambodia/ ៕

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩
ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩
ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩
ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩
ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]