ចិន៖ បុរសជាឪពុកជនជាតិចិនងប់និងល្បែងម្នាក់ ត្រូវបានចាប់ខ្លួនក្រោយធ្លាយរឿងបែកគំនិតលក់កូនស្រីបង្កើតតាមអនឡាញ ដើម្បីយកប្រាក់ជាច្រើនពាន់ដុល្លារទៅសងបំណុលគេ។

ងប់នឹងល្បែងលក់កូនស្រីលើអនឡាញ

បើយោងតាមប្រភពសារព័ត៌មានចិន បានរាយការណ៍ឲ្យដឹងថា បុរសជាឪពុកចិត្តខ្មៅខាងលើនេះ ត្រូវបានគេស្គាល់នាមត្រកូលថា Jiang រស់នៅក្នុងទីក្រុង Guiyang ខេត្ត Guizhou បានដាច់ចិត្តលក់កូនស្រីបង្កើតរបស់ខ្លួន អាយុទើបតែ១ឆ្នាំ លើអ៊ីនធើណែតក្នុងតម្លៃជាង ៨ពាន់ដុល្លារ ក្រោយជំពាក់ប្រាក់គេជាច្រើន ដោយសារតែចាញ់ល្បែងស៊ីសងអនឡាញ (Gambling Online) ។

ប្រភពដដែលបន្តថា បុរសជាឪពុកដែលពុំមានការងារធ្វើច្បាស់លាស់ ពោលគឺលោក Jiang បានរៀបគម្រោងយ៉ាងមួយស្អាត ដោយបានកុហកប្រពន្ធរបស់លោក ឈ្មោះ Wang ថា បានយកកូនស្រីទៅនៅជាមួយនឹងយាយគេវិញ ដើម្បីឲ្យគាត់បានជួយមើលថែទាំ។

ជាការពិតណាស់ ទម្រាំតែធ្លាយការពិតមួយនេះ វាស្ទើរតែអស់ពេលជាច្រើនខែទៅហើយ ដែលភរិយារបស់លោក Jiang មិនបានដឹងរឿង ហើយក៏មិននឹកស្មានថា ប្តីខ្លួនមានគំនិតបែបនេះនោះទេ។ ព្រោះតាំងតែក្នុងកំឡុងខែវិច្ឆិកា ឆ្នាំមុនមកម៉្លេះ ដែលលោក Jiang បានកុហកនាងថា យកកូនស្រីឲ្យទៅនៅជាមួយនឹងលោកយាយរបស់គេ ក្នុងទីក្រុង Zunyi ដែលមានចម្ងាយឆ្ងាយគ្នាប្រមាណ ១៤០គីឡូម៉ែត្រ ពីផ្ទះដែលនាងនិងប្តីរស់នៅ។

ងប់នឹងល្បែងលក់កូនស្រីលើអនឡាញ

ប៉ុន្តែបើទោះយ៉ាងណាក្តី ក្រោយរយៈពេលជាង ៣ខែមកនេះ (មកដល់ក្នុងខែកុម្ភៈ ឆ្នាំ២០១៩) Wang ដែលជាភរិយា ក៏បានកើតការសង្ស័យលើប្តី បន្ទាប់ពីនាងហាក់ពុំទទួលបានដំណឹងអ្វីសោះពីកូនស្រី ដែលថាទៅរស់នៅជាមួយនឹងលោកយាយនោះ។ នាងតែងតែសួរនាំប្តី អំពីកូនស្រីជារឿយៗ ខណៈដែលប្តីរបស់នាងក៏តែងតែព្យាយាមរកលេសឆ្លើយដោះសារ ក្នុងហេតុផលផ្សេងៗជាច្រើន ព្រោះមិនចង់ឲ្យប្រពន្ធសួរនាំដដែលៗ ក៏ដូចកុហកថាថ្ងៃនេះថ្ងៃនោះ កូនស្រីនឹងត្រលប់មកផ្ទះវិញហើយ។

ក្រោយមកស្រាប់តែមានថ្ងៃមួយ ក្នុងកំឡុងខែកុម្ភៈ កន្លងទៅនេះ Wang ដែលជាភរិយាកំពុងតែកើតក្តីព្រួយបារម្ភខាងលើ ក៏បានលួចឆែកមើលទូរស័ព្ទរបស់ប្តីនាង ហើយក៏បានរកឃើញប្តីនាងបានថតទុក (Screenshot) នូវសារសន្ទនាគ្នារវាងលោកនឹងអ្នកទិញកូនស្រី។

ដោយមិនបង្អង់យូរ នៅក្នុងថ្ងៃដដែលនោះ Wang នាងក៏បានសម្រេចចិត្តទៅជួបនឹងម្តាយក្មេករបស់នាងផងដែរ ដើម្បីចង់ដឹងលម្អិតក៏ដូចជាសួរនាំពីរឿងរ៉ាវមួយនេះ ប៉ុន្តែត្រូវបានគាត់ប្រាប់វិញថា កូនស្រីរបស់នាងត្រូវបានប្តីនាង យកទៅវិញយូរថ្ងៃហើយ។

ងប់នឹងល្បែងលក់កូនស្រីលើអនឡាញ

Wang នាងពិតជារន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឮបែបនេះ ហើយក៏បានរាយការណ៍ដំណឹងនេះទៅមន្រ្តីប៉ូលិស ក្នុងស្រុក Qiangling តែម្តង ព្រោះថាប្តីរបស់នាងក៏បានរត់គេចខ្លួនដែរ។ ក្រោយមក បន្ទាប់ពីបើកការស៊ើបអង្កេត និងស្វែងរកឪពុកចិត្តខ្មៅខាងលើនេះ នៅទីបំផុតលោក Jiang ត្រូវបានស៊ើបដឹងថា បានគេចខ្លួនមកស្នាក់នៅសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង Guiyang ហើយក៏ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនផងដែរ។

ក្រោយកើតហេតុ លោក Jiang បានសារភាពថា លោកពិតជាបានលក់កូនស្រីទៅឲ្យអ្នកដទៃមែន បន្ទាប់ពីលោកបានឃើញគេប្រកាសចង់បានកូនយកទៅចិញ្ចឹម ម្យ៉ាងលោកក៏ត្រូវការលុយដើម្បីយកទៅសងបំណុលគេ ក្រោយចាញ់ល្បែងយ៉ាងស្ពឹកមុខផងដែរ។

លោកថា លោកបានកុហកគ្រប់រឿងទាំងអស់ ហើយបានប្រាប់ប្តីប្រពន្ធមួយគូ រស់នៅក្នុងទីក្រុង Zhoushan ខេត្ត Zhejiang ដែលមានបំណងចង់ទិញកូនស្រីបង្កើតរបស់លោកនោះថា លោកពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមកូននេះនោះទេ ព្រោះថាលោកបានបែកបាក់ចែកផ្លូវគ្នាជាមួយនឹងប្រពន្ធហើយ ហើយឪពុកម្តាយរបស់លោកក៏ស្លាប់អស់ទៀត។

ងប់នឹងល្បែងលក់កូនស្រីលើអនឡាញ

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីខាងលើនេះ ប៉ូលិសក៏បានជួយធ្វើអន្តរាគមន៍ នឹងបាននាំយកក្មេងស្រីរងគ្រោះ មកឲ្យម្តាយរបស់នាងវិញ កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះផងដែរ។ ចំណែកឯ បុរសជាប្តីហេងស៊យចិត្តខ្មៅនោះវិញ ក៏ត្រូវបានចាប់ឃាត់ខ្លួន និងបន្តថាស៊ើបអង្កេតបន្ថែម ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ជុំវិញនឹងការជួញដូរកុមារនេះផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]