ឥណ្ឌា៖ អ្នករាល់គ្នាភាគច្រើនប្រាកដជាធ្លាប់ទៅកាត់សក់នៅហាងមួយចំនួន ក្រោយពីកាត់សក់រួច ជាងក៏ម៉ាស្សាក្បាល និងកឱ្យ ហើយវាពិតជាមានអារម្មណ៍ស្រួលខ្លួនពិតមែន។

ប៉ុន្តែតើអ្នករាល់គ្នាដឹងទេ ការម៉ាស្សាបែបនេះអាចធ្វើឱ្យអ្នកមានគ្រោះថ្នាក់ធ្ងន់ធ្ងរដោយមិនដឹងខ្លួន? ជាក់ស្តែង យោងតាមទំព័រហ្វេសប៊ុកផ្លូវការមួយឈ្មោះ Public Health Malaysia (សុខភាពសាធារណៈនៃម៉ាឡេស៊ី) ទើបតែបង្ហោះកាលពីថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ បានចែករំលែកករណីមួយធ្លាប់កើតឡើងឱ្យដឹងថា មានបុរសម្នាក់ត្រូវចូលមន្ទីរពេទ្យ បន្ទាប់ពីរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីត្រូវជាងកាត់សក់ម៉ាស្សាក្បាល និងកឱ្យ។  ឧប្បត្តិហេតុនេះបានកើតឡើងក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ ២០១៧ កន្លងទៅ មានបុរសម្នាក់ឈ្មោះ Ajay Kumar អាយុ ៥៤ឆ្នាំនៅពេលនោះ។ លោក Ajay បានទៅកាត់សក់នៅហាងមួយកន្លែង ក្រោយពីកាត់សក់រួច ជាងក៏ជួយម៉ាស្សាក្បាល និងកឱ្យ។ បន្ទាប់ពីចាកចេញពីហាងកាត់សក់ លោកក៏ចាប់ផ្តើមមានអាការៈពិបាកដកដង្ហើមយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មាន Time of India

រូបតំណាង

ក្រោយមកលោកក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។ បន្ទាប់ពីធ្វើការស្កេន MRI រួច រូបភាពបានបង្ហាញថា លោក Ajay រងរបួសកយ៉ាងធ្ងន់ធ្ងរបំផុត ដែលខូចខាតដល់ប្រព័ន្ធសរសៃប្រសាទ phrenic បណ្តាលឱ្យពិបាកក្នុងការដកដង្ហើម។

លោក Ajay ត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យ និងត្រូវដាក់ខ្យល់អុកស៊ីសែន។ លោកវេជ្ជបណ្ឌិត Anand Jaiswal នៅក្នុងមន្ទីរពេទ្យ Medanta បាននិយាយថា៖

«លោក Ajay ត្រូវតែដាក់ខ្យល់អុកស៊ីសែនដើម្បីជំនួយក្នុងការដកដង្ហើមទើបរស់។» 

បន្ថែមពីនេះទៀត លោកគ្រូពេទ្យបានបញ្ជាក់បន្ថែមទៀតថា គេអាចនឹងត្រូវការដាក់ខ្យល់នេះអស់មួយជីវិត ព្រោះតែប្រព័ន្ធសរសៃប្រសាទ phrenic របស់គេត្រូវបានខូចខាតអស់ទៅហើយ។

ចុងក្រោយលោកបានបន្ថែមទៀតថា៖

«ការម៉ាស្សាក ឬការកាច់កចុះឡើង ដែលជាងកាត់សក់តែងតែធ្វើ បន្ទាប់ពីកាត់សក់រួច អាចបង្កការខូចខាតដល់ឆ្អឹងកក្នុងរយៈពេលយូរ។ វាអាចបង្កឱ្យមានការខូចខាតដល់ឆ្អឹងក, ប្រព័ន្ធប្រសាទ, សាច់ដុំក នានាដូចករណីខាងលើអីចឹង។ ដូច្នេះអ្នកពុំគួរឱ្យអ្នកដទៃមកម៉ាស្សាករបស់អ្នកនោះទេ ដើម្បីចៀសវាងនូវឧប្បត្តិកើតឡើងជាយថាហេតុ៕» 

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]