រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ក្រោយពេល​ប្ដី​ស្លាប់​ចោល​ទៅ​មួយ​រយៈ ក៏​បាន​យក​ប្រុស​ក្មេង​ម្នាក់​ទៀត​ធ្វើ​ជា​ប្ដី ប៉ុន្តែ​ក្រោយមក ​ប្ដី​ក្មេង​របស់​គាត់​ម្នាក់​នោះ មានចិត្ត​មិន​ស្មោះត្រង់​បាន​លួចលាក់​មាន​ស្នេហា​ថ្មី​ជាមួយ​ស្រី​ក្មេង​ម្នាក់​ទៀត។

មិនតែប៉ុណ្ណោះ បាន​ចាយ​លុយ​បំផ្លាញ​គាត់អស់​ជា​ច្រើន ហើយ​ថែម​ទាំង​យក​ម៉ូតូ​ស៊េរី​ទំនើប១​គ្រឿង​ ដែល​ប្រពន្ធ​ទើបនឹង​ទិញ​ឲ្យ​ថ្មី​ៗ​ទៅ​ឌុ​បស្រី​ស្នេហ៍​ជា​ញឹកញាប់​ទៀត​ផង ។ លុះ​ពេល​ចុងក្រោយ ទ​ង្វើ​មាន​ស្នេហ៍​លួចលាក់​នេះ​​បែកការណ៍​ដឹង​ដល់​ប្រពន្ធ ក៏​ផ្ទុះ​ដូច​គ្រាប់បែក​បេ៥២​អា​មេ​រិ​ក ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ ដោយសារ​តែ​មិន​អាចទប់ស្កាត់​ប្ដី​បាន ក៏​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ និង​ទូរស័ព្ទ​ក្នុង​វិទ្យុ​ក្នុងស្រុក​មួយ​ចោទ​ប្ដី​ថា ​ជា​ចោរលួច​ម៉ូតូ ។ ខណៈនោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​កម្លាំង​នគរបាល​២​ខណ្ឌ​និង​២​ស្រុក រួម​មានខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ស្រុក​កណ្ដាលស្ទឹង និង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ចេញ​ពួន​ស្ទាក់​ក្នុង​ស្ថានភាព​ប្រុង​ជើងការ ដើម្បី​ចាប់ខ្លួន​តាម​បណ្តឹង​របស់​ប្រពន្ធ ។

ទីបំផុត ដោយសារ​តែ​ម៉ូតូ​នេះ​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​GPS​ផង​នោះ ទើប​នគរបាល​បាន​តាមដាន​តាម​សញ្ញា​នេះ ហើយ​ក្រោយមក​បាន​ប្រទះ​ឃើញ​ម៉ូតូ​ដែល​មាន​ភិនភាគ​ ដូច​ការ​ប្រកាស​ខាងលើ​ ទៅ​ដល់​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទើប​នគរបាល​ខណ្ឌ​ដង្កោ​​ ឃាត់​បាន​ទាំង​មនុស្ស​និង​​ម៉ូតូ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែមីនា ។

លុះ​ក្រោយមក​ នាំ​ទៅ​សាកសួរ​ទើប​ដឹង​ថា​ ករណី​នេះ​មិនមែន​ជា​ចោរលួច​ម៉ូតូ​ទេ គឺជា​រឿង​ស្នេហា​ត្រីកោណ ហើយ​ប្រពន្ធ​ហាម​ប្ដី​មិន​ឲ្យ​យក​ម៉ូតូ​ទៅ​ដឹក​ស្រី​ក្មេង​មិន​បាន ទើប​ប្ដឹង​ចោទ​ប្ដី​ថា​ជា​ចោរលួច​ម៉ូតូ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ចាប់​ប្ដី​ដោះស្រាយ​គ្នា ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​មានអាយុ​ប្រហែល​ជាង​៥០​ឆ្នាំ ឯ​បុរស​ជា​ប្ដី​អាយុ​ប្រហែល​៣០​ឆ្នាំ ។ អ្នក​ទាំង​២​នាក់​មិន​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​ឡើយ ដើម្បី​លាក់បាំង​ការ​អៀនខ្មាស ហើយ​កោះសន្តិភាព​ក៏​មិន​ចង់​លាតត្រដាង​ភាព​អាម៉ាស់​នេះ​ដែរ ។ ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ​និយាយ​ប្រាប់​នគរបាល​ថា កាលពីមុន​គាត់​ជា​ស្ត្រី​មេម៉ាយ ​ដោយ​ប្ដី​ស្លាប់​ចោល ។ ក្រោយមក បាន​ជួបនឹង​ប្រុស​ក្មេង​ម្នាក់​នេះ ហើយ​មានចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​សម្រេចចិត្ត​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​តែ​ម្ដង ។ គាត់​សង្ឃឹមថា មាន​ប្ដី​ក្មេង​នឹង​មាន​សុភមង្គល​ និង​បាន​ផ្ញើខ្លួន​ប្រាណ ផ្ញើ​វាសនា​លើ​ប្ដី​ក្មេង​នេះ​តែ​ម្នាក់​គត់ ​ឱ្យ​បាន​យូរអង្វែង​ដល់​ចាស់ជរា ។

ផ្ទុយ​ទៅ​វិញ អ្វី​ដែល​គាត់​គិត​គឺ​ខុសស្រឡះ​ និង​ខកបំណង​ទាំងស្រុង ដោយសារ​តែ​ប្ដី​ក្មេង​នេះ​មានចិត្ត​ផិត​ក្បត់ មិន​ស្មោះត្រង់​ជាមួយ​រូប​គាត់​សោះ គឺ​លោក​ប្ដី​បាន​ទៅ​លួចលាក់​មាន​ស្រី​ថ្មី​ដែល​ជា​ស្រី​ក្មេង​ម្នាក់ ។ មិនតែប៉ុណ្ណោះ បាន​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ១HK-៤៩៣៧ ដែល​គាត់​ទើប​ទិញ​ឲ្យ​ជិះ​ទៅ​ដឹក​ស្រី​ក្មេង​ជា​ញឹកញាប់ ។ មិនតែប៉ុណ្ណោះ មិន​ដែល​គិតការ​រក​សុ​ី​នោះ​ទេ រយៈពេល​១​ឆ្នាំ​កន្លង​ទៅ​នេះ លោក​ប្ដី​ចាយ​លុយ​បំផ្លាញ​អស់​ជា​ច្រើន​ថែម​ទៀត​ផង ។

នគរបាល​ឲ្យ​ដឹង​ទៀត​ថា លុះ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែមីនា លោក​ប្ដី​បាន​យក​ម៉ូតូ​ជិះ​ចេញពីផ្ទះ​ទៅ​រក​ដឹក​ស្រី​ក្មេង​ទៀត ហើយដោយ​សារ​តែ​មិន​អាច​រារាំង​ឈ្នះ​ទើប​គាត់​សម្រេចចិត្ត​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ជួយ​អន្តរាគមន៍ ។ ខណៈនោះ ក៏​មានការ​ប្រកាស​តាម​វិទ្យុទាក់ទង​ទៅ​តាម​បណ្ដា​គោល​ដៅ​នានា​ឲ្យ​ជួយ​ស្ទាក់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​២​ខណ្ឌ​និង​២​ស្រុក គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ស្រុក​កណ្ដាលស្ទឹង និង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ចេញ​ពួនស្ទាក់​ក្នុង​ស្ថានភាព​ប្រុង​ជើងការ ។

លុះ​ក្រោយមក នគរបាល​ខណ្ឌដង្កោ​បាន​ប្រទះ​ឃើញ​ម៉ូតូ​ដូច​មាន​ភិនភាគ​ខាងលើ​ទៅ​ដល់ផ្លូវ​៦០​ម៉ែត្រស្ថិត​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក៏​ឃាត់​បាន​ទាំង​មនុស្ស​និង​ម៉ូតូ​តែ​ម្ដង ។

ប្រភព​ខាងលើ​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំ​ទៅ​សាកសួរ​ទើប​ដឹង​ថា បុរស​នេះ​មិនមែន​ជា​ចោរលួច​ម៉ូតូ​ទេ តែ​គឺជា​រឿង​ស្នេហា​ត្រីកោណ ដោយ​ស្ត្រី​ចំណាស់​ខឹង​ប្ដី​ក្មេង​លួច​មាន​ស្រី​ថ្មី​និង​យក​ម៉ូតូ​ថ្មី​សន្លាង​១​គ្រឿង​ខាងលើ ដែល​គាត់​ទើប​ទិញ​ឲ្យ​ទៅ​ដឹក​ស្រី​ក្មេង ហើយ​គាត់​រារាំង​មិន​បាន​ទើប​ប្ដឹង​ចោទ​ថា​ជា​ចោរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ​តែ​ម្ដង ។

ក្រោយមក បុរស​ជា​ប្ដី​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ប៉ុស្តិ៍​នគរ​បាល​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សម្រប​សម្រួល​គ្នា​ជាមួយ​ប្រពន្ធ​ចំណាស់ កុំឱ្យ​មានរឿង​វែង​ឆ្ងាយ​ទៀត ។ បន្ទាប់​ពី​ធ្វើការសម្របសម្រួល​គ្នា​រួច​មក ស្ត្រី​ជា​ប្រពន្ធ​បាន​សម្រេចឈប់​ប្ដឹង​ប្ដី​វិញ រួច​ហើយ​ប្ដី​ប្រពន្ធ​មួយគូ​នេះក៏​នាំ​គ្នា​ចាក​ចេញពី​ប៉ុស្តិ៍​នគរ​បាល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ផ្ទះភ្លើង​ឆេះ​បែប​ណា​ទៀត​នោះ ពុំ​មាន​អ្នក​ណា​ដឹង​ដល់​​ទេ ស្រួល​មិន​ស្រួល​ឆាបឆេះ​តិចតួច​ប៉ុណ្ណោះ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]