រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ក្រោយ​ពេល​ប្ដី​ស្លាប់​ចោល​បាន​មួយ​រយៈ​ក៏​បាន​យក​បុរស​ម្នាក់​ដែល​មាន​វ័យក្មេង​ជាង​គាត់​ធ្វើ​ជា​ប្ដី ហើយ​ក្រោយមក​ប្ដី​វ័យក្មេង​នោះ​មានចិត្ត​មិន​ស្មោះត្រង់​បាន​លួចលាក់​មាន​ស្នេហា​ថ្មី​ជាមួយ​នារី​វ័យ​ក្មេង​ម្នាក់​ទៀត ។ មិនតែប៉ុណ្ណោះ ថែម​ទាំង​បាន​យក​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​ដែល​គាត់​ទើបនឹង​ទិញ​ឲ្យ​ថ្មី​ៗ​យក​ទៅ​ឌុ​ប​ស្រី​ស្នេហ៍​ជា​ញឹកញាប់​ទៀត​។

ដោយសារ​តែ​រារាំង​ប្ដី​វ័យក្មេង​យក​ម៉ូតូ​ទៅ​ឌុ​ប​ស្រី​ស្នេហ៍​មិន​បាន ទើប​ប្រពន្ធ​វ័យ​ចំណាស់​ក៏​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ដោយ​ចោទ​ប្ដី​វ័យក្មេង​នោះ​ថា​ជា​ចោរលួច​ម៉ូតូ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​កម្លាំង​នគរបាល​ខណ្ឌ​និង​ស្រុក​ចំនួន​៤ រួម​មាន ១-​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-​នគរបាល​ខណ្ឌដង្កោ ៣-​នគរបាល​ស្រុក​កណ្ដាលស្ទឹង និង​៤-​នគរបាល​ស្រុក​អង្គស្នួល បាន​ប្រកាស​តាម​វិទ្យុទាក់ទង​ដើម្បី​ចេញ​ពួនស្ទាក់​ក្នុង​ស្ថានភាព​ប្រុង​ជើងការ​។

ក្រោយមក​នគរបាល​ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​ដែល​មាន​ភិនភាគ​ដូច​ការ​ប្រកាស​ខាងលើ​ទៅ​ដល់​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទើប​នគរបាល​ខណ្ឌដង្កោ​ឃាត់​បាន​ទាំង​មនុស្ស និង​ម៉ូតូ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩​។

ក្រោយមក​បាន​នាំ​ទៅ​សាកសួរ​ទើប​ដឹង​ថា​ករណី​ខាងលើ​នេះ​មិនមែន​ជា​ករណី​ចោរលួច​ម៉ូតូ​នោះ​ទេ គឺជា​រឿង​ស្នេហា​ត្រីកោណ ព្រោះ​ប្រពន្ធ​ហាមឃាត់​ប្ដី​មិន​ឲ្យ​យក​ម៉ូតូ​ទៅ​ដឹក​ស្រី​ក្មេង​មិន​បាន ទើប​ប្ដឹង​ចោទ​ប្ដី​ថា​ជា​ចោរលួច​ម៉ូតូ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ចាប់​ប្ដី​នាំមក​ដោះស្រាយ​គ្នា​។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​មាន​វ័យ​ប្រហែល​ជាង​៥០​ឆ្នាំ និង​បុរស​ដែល​ជា​ប្ដី​វ័យក្មេង​មាន​អាយុ​ប្រ​ហែ​៣០​ឆ្នាំ ហើយ​អ្នក​ទាំង​២​មិន​បាន​ប្រាប់​ឈ្មោះ​ឱ្យ​ដឹង​នោះ​ទេ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ប្រាប់​នគរបាល​ថា គាត់​គឺជា​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​ត្រូវ​​ប្ដី​ស្លាប់​ចោល ក្រោយមក​បាន​ជួប​បុរស​ម្នាក់​ដែល​មាន​វ័យក្មេង​ជាង​គាត់ ហើយ​ក៏​មានចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​សម្រេចចិត្ត​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​តែ​ម្ដង​។

គាត់​សង្ឃឹមថា​មាន​ប្ដី​ក្មេង​នឹង​មាន​សុភមង្គល និង​បាន​ផ្ញើ​វាសនា​លើ​ប្ដី​ក្មេង​នេះ​តែ​ម្នាក់​គត់ ប៉ុន្តែ​អ្វី​ៗ​ដែល​គាត់​គិត​គឺ​ខុសស្រឡះ​និង​ខកបំណង​ទាំងស្រុង ដោយសារ​តែ​ប្ដី​ក្មេង​មានចិត្ត​ផិតក្បត់ មិន​ស្មោះត្រង់​ជាមួយ​គាត់​ឡើយ គឺ​ប្ដី​ក្មេង​បាន​ទៅ​លួចលាក់​មាន​ស្នេហ៍​ថ្មី​ជាមួយ​ស្រី​ក្មេង​ម្នាក់​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មិនតែប៉ុណ្ណោះ ប្តី​របស់​គាត់​បាន​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ភ្នំពេញ ១HK-៤៩៣៧ ដែល​គាត់​ទើប​ទិញ​ឲ្យ​ជិះ​ទៅ​ដឹក​ស្រី​ក្មេង​ជា​ញឹកញាប់ ដោយ​មិន​គិត​ការងារ​រកស៊ី​នោះ​ទេ ។ រយៈពេល​១​ឆ្នាំ​កន្លង​ទៅ​នេះ ប្ដី​របស់​គាត់​ចាយ​បំផ្លាញ​លុយ​អស់​ជា​ច្រើន​ថែម​ទៀត​ផង​។

នគរបាល​បាន​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មិ​នា ឆ្នាំ​២០១៩ ប្តី​របស់​គាត់​បាន​យក​ម៉ូតូ​ជិះ​ចេញពីផ្ទះ​ទៅ​រក​ដឹក​ស្រី​ក្មេង​ទៀត ដោយសា​តែ​មិន​អាច​រារាំង​ឈ្នះ ទើប​គាត់​សម្រេចចិត្ត​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ជួយ​អន្តរាគមន៍ ពេល​នោះ​ក៏​មានការ​ប្រកាស​តាម​វិទ្យុទាក់ទង​ទៅ​តាម​បណ្ដា​គោលដៅ​នានា​ឲ្យ​ជួយ​ពួនស្ទាក់​ផង​ដែរ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌ​និង​ស្រុក​ចំនួន​៤ ក្នុង​នោះ​រួម​មាន​១-​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-​នគរបាល​ខណ្ឌដង្កោ (​ក្នុង​រាជធានី​ភ្នំពេញ​) ៣-​នគរបាល​ស្រុក​កណ្ដាលស្ទឹង និង​៤-​នគរបាល​ស្រុក​អង្គស្នួល (​ក្នុង​ខេត្តកណ្ដាល​) ចេញ​ពួនស្ទាក់​ក្នុង​ស្ថានភាព​ប្រុង​ជើងការ​។

លុះ​ក្រោយមក នគរបាល​ខណ្ឌដង្កោ​បាន​ប្រទះ​ឃើញ​ម៉ូតូ​ដូច​មាន​ភិនភាគ​ខាងលើ​ទៅ​ដល់​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទើប​នគរបាល​ខណ្ឌដង្កោ​ឃាត់​បាន​ទាំង​មនុស្ស​និង​ម៉ូតូ​តែ​ម្ដង​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​បុរស​ជា​ប្តី​ខាងលើ​នាំ​ទៅ​សាកសួរ ទើប​ដឹង​ថា​មិនមែន​ជា​ចោរលួច​ម៉ូតូ​នោះ​ទេ គឺជា​រឿង​ស្នេហា​ត្រីកោណ ដោយ​ស្ត្រី​ចំណាស់​ជា​ប្រពន្ធ​ខឹង​ប្ដី​វ័យក្មេង​លួច​មាន​ស្រី​ថ្មី និង​យក​ម៉ូតូ​ថ្មី​សន្លាង​១​គ្រឿង​ខាងលើ ដែល​គាត់​ទើប​ទិញ​ឲ្យ បែរជា​យក​ទៅ​ដឹក​ស្រី​ក្មេង ហើយ​គាត់​រារាំង​មិន​បាន ទើប​គាត់​ប្ដឹង​ចោទ​ថា​ចោរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​ប្ដី​វ័យក្មេង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សម្របសម្រួល​គ្នា​ជាមួយ​ប្រពន្ធ​វ័យ​ចំណាស់ បន្ទាប់​ពី​ធ្វើការ​សម្របសម្រួល​គ្នា​រួច​មក ស្ត្រី​ជា​ប្រពន្ធ​បាន​សម្រេចចិត្ត​ឈប់​ប្ដឹង​វិញ រួច​ហើយ​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​ក៏​បាន​នាំ​គ្នា​ចាក​ចេញពី​ប៉ុស្តិ៍​នគរបាល​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​ទៅ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]