ចិន៖ សត្វឆ្កែដ៏គួរឲ្យស្រលាញ់មួយក្បាល បានក្លាយទៅជាតារាល្បីលើបណ្តាញសង្គមភ្លាមៗ បន្ទាប់ពីវីដេអូឃ្លីបមួយត្រូវបានបង្ហោះចែកចាយ ក្នុងថ្ងៃមង្គលការរបស់ម្ចាស់ស្រីវា ក្រោយវាបានបង្ហាញសកម្មភាពរារាំងកូនកំលោះ មិនឲ្យចូលក្នុងបន្ទប់កូនក្រមុំ (ម្ចាស់ស្រីវា) ដែលធ្វើឲ្យគ្រប់គ្នាទប់សំណើចមិនបាន។

ហេតុការណ៍ និងពិធីមង្គលការនេះ ត្រូវបានធ្វើឡើងក្នុងខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០១៩ កន្លងទៅ។

កូនកំលោះប្រុងចូលបន្ទប់កូនក្រមុំ

នៅក្នុងថ្ងៃមង្គលការនោះ ត្រូវបានគេរាយការណ៍ថា ខាងសាច់ញាតិកូនកំលោះ និងកំលោះ បានធ្វើដំណើរមកដល់ផ្ទះខាងកូនក្រមុំ ទៅតាមប្រពៃណី ដែលតម្រូវឲ្យកូនកំលោះ សុំបើកទ្វារចូលបន្ទប់កូនក្រមុំ (ដើម្បីយកនាងចេញមកក្រៅ)។

ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលជារឿងដ៏ហួសចិត្ត និងអស់សំណើចនោះ បែរជាត្រូវសត្វឆ្កែចិញ្ចឹមរបស់ម្ចាស់ផ្ទះខាងកូនក្រមុំ រត់មកឃាំងមុខទ្វារបន្ទប់ជាប់ ដោយក្នុងបំណងចង់ការពារម្ចាស់ស្រីរបស់វា មិនចង់ឲ្យម្ចាស់វាចេញមកក្រៅ ហើយក៏មិនចង់ឲ្យកូនកំលោះបានចូលទៅក្នុងឡើយ បើទោះបីជាគ្រប់គ្នាព្យាយាមដេញវាឲ្យចេញពីទីនោះក៏ដោយ។

ប៉ុន្តែបើទោះយ៉ាងណាក្តី ចុងក្រោយឆ្កែដ៏គួរឲ្យស្រលាញ់មួយក្បាលនេះ ក៏នៅតែត្រូវបានគេចាប់វាចេញបានសម្រេចផងដែរ។

ជុំវិញនឹងរឿងរ៉ាវដ៏អស់សំណើចមួយនេះ ម្ចាស់ឆ្កែ (គ្រួសារកូនក្រមុំ) ក៏បានឲ្យដឹងដែរថា វាជាឆ្កែដែលគួរឲ្យស្រលាញ់ និងបានរស់នៅជាមួយនឹងនាង (កូនក្រមុំ) អស់រយៈពេលជាង ៧ឆ្នាំមកហើយ ហើយវាក៏មិនមែនជាឆ្កែដែលក្លាហានអីបែបនេះនោះទេ។ ព្រោះជាក់ស្តែង សូម្បីតែសំឡេងដុតផាវនៅក្នុងថ្ងៃការនោះ ក៏វាភ័យញ័រដែរ ហើយនេះក៏អាចជាមូលហេតុមួយ ដែលធ្វើឲ្យវាស្លន់ស្លោរហូតរត់មកឃាំងទ្វារបន្ទប់យ៉ាងក្លាហានបែបនេះ ក៏ដូចជាក្នុងបំណងចង់ការពារម្ចាស់វាដែរ។

យ៉ាងណាមិញ ម្ចាស់របស់វាក៏បានសម្ដែងអារម្មណ៍រំភើប និងការស្រលាញ់ ដោយសារតែនេះក៏បានបង្ហាញឲ្យឃើញថា វាគឺជាឆ្កែមួយក្បាលដែលស្មោះស្ម័គ្រនឹងម្ចាស់៕

ទស្សនាវីដេអូខាងក្រោម៖   

ឆ្កែរត់មកឃាំងមុខទ្វារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]