រាជធានីភ្នំពេញ៖ ធនាគារ ស្ថាបនា បានប្រកាសជាផ្លូវការនូវអនុលោមភាពរបស់ខ្លួន ទៅតាមបទដ្ឋានឧស្សាហកម្មប័ណ្ណទូទាត់អន្ដរជាតិ (PCI DSS and PIN Security) ដែលធ្វើឱ្យធនាគារ ស្ថាបនា ក្លាយជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយបទដ្ឋាន ឧស្សាហកម្មប័ណ្ណទូទាត់អន្តរជាតិ ចាប់តាំងពីចុងឆ្នាំ២០១៨ មក។

PCI DSS and PIN Security

PCI DSS និង PIN Security បានអភិវឌ្ឍវិធានការរបស់ខ្លួន ដែលមានការទទួលស្គាល់ជាសកល ដើម្បីធានាបាននូវសុវត្ថិភាព និងទំនុកចិត្តដល់អ្នកប្រើប្រាស់ប័ណ្ណធនាគារ។ បទដ្ឋានទាំងនេះផ្ដល់ជូនអតិថិជនធនាគារទាំងអស់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំទាំងផ្នែកសុវត្ថិភាពបច្ចេកទេស និងផ្នែកសុវត្ថិភាពប្រតិបតិ្តការនៅតាមទីតាំងនានាដែលមានទទួលការទូទាត់តាមរយៈប័ណ្ណធនាគារ។

លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖

«ការអនុលោមទៅតាមបទដ្ឋានស្ដង់ដា PCI DSS និង PIN Security គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងចំណោមជោគជ័យធំៗរបស់ធនាគា ស្ថាបនា និងជាការបោះជំហានដ៏ធំមួយឆ្ពោះទៅរកធនាគារឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការប្រតិបត្តិបទដ្ឋានស្តង់ដារអន្តរជាតិនេះ បានផ្តល់ជូនអតិថិជនធនាគារស្ថាបនានូវសុវត្ថិភាពប័ណ្ណធនាគារ សុវត្ថិភាពលេខសម្ងាត់ បង្កើនទំនុកចិត្តកាន់តែខ្ពស់ និងជម្រុញការវិវឌ្ឍន៍របស់ធនាគារ ប្រកបដោយនិរន្តរ៍ភាព»។

លោកក៏មានប្រសាសន៍បន្តទៀតថា៖

«សមិទ្ធផលនេះនឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការជួយជ្រោមជ្រែងដោយមិនគិតពីការនឿយហត់ពីសំណាក់ក្រុមការងារទាំងអស់រួមមាន ក្រុមការងារក្រុមហ៊ុន SISA Information Security ក្រុមការងារធនាគារ និងផ្នែកពាក់ព័ន្ធដទៃទៀត ដែលបានខិតខំប្រឹងប្រែង ដើម្បីសម្រេចគ្រប់ដំណាក់កាលទាំងអស់»។

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មសរុប ១៣០០ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ធនាគារ ស្ថាបនា ផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារ ពេញលេញមានដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ សេវា iBanking សេវា Mobile Banking សេវាប័ណ្ណ សេវាផ្ទេរប្រាក់ ក្នុងស្រុកនិងក្រៅប្រទេស សេវាធានា សេវាទូទាត់ការនាំចេញ និងនាំចូល និងមាន សេវាកម្មដទៃទៀតជា ច្រើន នៅទូទាំងប្រទេសតាមរយៈ បណ្តាញ ១៧២ សាខា ១៥០ ម៉ាស៊ីន អេ ធី អឹម និងបុគ្គលិកបម្រើការងារជាង ៤០០០ នាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]