ភ្នំពេញ៖ ថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលវិញ្ញាបនបត្រជាស្ថាប័នដ៏សំខាន់ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង “The Leader Milestone” និងជាស្ថាប័នដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលសម្រេចបាននូវភាពជោគជ័យនេះ ដែលផ្តល់ដោយ Truelift។ អេ អឹម ខេ បានចូលរួមប្រកួតប្រជែងជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៦ ផ្សេងទៀតនៅក្នុងពិភពលោក សម្រាប់ការទទួលស្គាល់ជាអ្នកដឹកនាំដ៏សំខាន់របស់ Truelift ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ 

ចំណុចរួមតែមួយ ដែលស្ថាប័នទាំងអស់ត្រូវបានទទួលស្គាល់នោះ គឺជាការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្ថានភាពក្រីក្រ។ ក្នុងនោះដែរ វិញ្ញាបនបត្ររបស់ អេ អឹម ខេ ដែលទទួលស្គាល់ដោយ Truelift ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងស្ថានភាពក្រីក្រផងដែរ។

អេ អឹម ខេ ទទួលស្គាល់ដោយ Truelift

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថាន អេ អឹម ខេ បានលើកឡើង៖

«អេ អឹម ខេ ពិតជាមានមោទកភាពខ្លាំងណាស់ ដែលទទួលបាននូវវិញ្ញាបនបត្រជាអ្នកដឹកនាំដ៏សំខាន់ “The Leader Milestone” ពី Truelift នេះហើយកត្តាសំខាន់ ដែលធ្វើឱ្យយើងងាយនឹងទទួលសមិទ្ធផលនេះ ដោយសារតែប្រកាន់ភ្ជាប់នូវការអនុវត្តន៍បេសកកម្ម និងទស្សនវិស័យរបស់យើង គឺដើរស្របនឹងលក្ខខណ្ឌរបស់គម្រោង Truelift ដោយផ្តោតលើការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ។ ជាក់ស្តែងចំពោះការបង្កើតផលិតផល និងសេវាកម្មណាមួយ យើងព្យាយាមគិតពីប្រយោជន៍អតិថិជនជាសំខាន់មុន ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាលធ្វើយ៉ាងណាឱ្យពួកគេមានលទ្ធភាពអាចប្រើប្រាស់សេវាកម្មយើង។ បន្ថែមលើនេះទៀត យើងតែងតែផ្តល់សេវាកម្មដល់អតិថិជន​ ដោយប្រកាន់នូវគោលការណ៍ការពារអតិថិជនប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់។ ក្រៅពីទទួលបាននូវវិញ្ញាបនបត្រជាអ្នកដឹកនាំដ៏សំខាន់ “The Leader Milestone” អេ អឹម ខេ ក៏ធ្លាប់ទទួលជាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ដែលអនុវត្តពេញលេញតាមគោលការណ៍ ការពារអតិថិជនពី Smart Campaign ផងដែរកាលពីឆ្នាំ២០១៦»។

រយៈពេលជាង ១៥ ឆ្នាំមកនេះ អេ អឹម ខេ បាន និងកំពុងបន្តការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់តាមរយៈការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែបរបស់ខ្លួន និងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ ស្របពេលជាមួយគ្នានេះដែរ អេ អឹម ខេ នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ជួយដល់សង្គមរបស់ខ្លួន ជាពិសេសការកាត់បន្ថយភាពក្រីក្រ។ ដូចដែលបានបង្ហាញតាមរយៈលទ្ធផលនៃការវាយតម្លៃរបស់ Truelift ធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយ M-CRIL។ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរជាង ១៥ ឆ្នាំកន្លងមកនេះ អេ អឹម ខេ បានជួយដល់អតិថិជន និងគ្រួសាររបស់ពួកគេ ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាលទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន។

លោក គា បូរាណ

Truelift គឺជាគម្រោងគំនិតផ្តួចផ្តើមជាសាកលមួយ ដែលបង្កើតឡើងដើម្បីជម្រុញឱ្យគណនេយ្យភាពក្នុងការអភិវឌ្ឍន៍ប្រជាជនក្រីក្រ។ Truelift ជានិមិត្តសញ្ញាដែលទុកចិត្តត្រូវបានទទួលស្គាល់ជាអន្តរជាតិលើវិស័យមីក្រូហិរញ្ញវត្ថុ និងអាជីវកម្មសង្គមផ្សេងៗ ដើម្បីបង្ហាញការបេ្តជ្ញាចិត្តចំពោះការផ្លាស់ប្តូរជាវិជ្ជមាន និងយូរអង្វែងសម្រាប់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារស្ថានភាពក្រីក្រ។

គួរឱ្យកត់សម្គាល់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹមចុងឆ្នាំ២០១៨ នេះ អេ អឹម ខេ មានបុគ្គលិកសរុបចំនួនជិត ៣.០០០ នាក់ ដែលកំពុងផ្តល់សេវាដល់អតិថិជនជិត ៨០០.០០០ នាក់ ក្នុងភូមិចំនួន ១៣.៦០៧ ភូមិ ដែលចំនួននេះស្មើនឹង ៩៦% ភាគរយនៃចំនួនភូមិសរុបទូទាំងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ២៥២ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៥៨ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និងមានភ្នាក់ងារជិត ៤.០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជនដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕

អេ អឹម ខេ ជួយឱ្យជីវភាពប្រជាពលប្រសើរឡើង
អេ អឹម ខេ ជួយឱ្យជីវភាពប្រជាពលប្រសើរឡើង
អេ អឹម ខេ ជួយឱ្យជីវភាពប្រជាពលប្រសើរឡើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]