សិង្ហបុរី៖ Grab Financial Group (ស្ថាប័នហិរញ្ញវត្ថុរបស់ហ្គេ្រប) ដែលជា ស្ថាប័នបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេរបស់តំបន់អាស៊ីអាគ្នេយ៍ បានប្រកាសនៅថ្ងៃនេះអំពីយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ដែលមានឈ្មោះថា «Grow with Grab (រីកចម្រើនជាមួយហ្គ្រេប)» នឹងចាប់ផ្តើមផ្តល់សេវាកម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម (SME) និងសេវាធានារ៉ាប់រ៉ងខ្នាតតូចបំផុតសម្រាប់អ្នកបើកបរនៅទីក្រុងសិង្ហបុរី។ 

ផែនការជាយុទ្ធសាស្ត្ររបស់កម្មវិធី Grow with Grab មានគោលដៅក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែបបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់សហគ្រិនខ្នាតតូច និងអាជីវកម្មខ្នាតតូច។ ផែនការថ្មីនេះនឹងផ្តល់ជូននូវសេវាកម្មផ្សេងទៀតជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងផលិតផលធានារ៉ាប់រ៉ងខ្នាតតូចបំផុត សេវាបង់ប្រាក់រំលស់ និងការទូទាត់ប្រាក់នៅចុងខែ (Post-Paid) ក៏ដូចជាសេវា «Pay with GrabPay (ទូទាត់ជាមួយ GrabPay)» ដែលជាវិធីសាស្ត្រទូទាត់ប្រាក់តាមអនឡាញសម្រាប់អាជីវករតាមអនឡាញ។

ក្រោយពីផ្លាតហ្វមបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) មួយនេះ ត្រូវបានដាក់ឲ្យដំណើរការយ៉ាងជោគជ័យក្នុងឆ្នាំ២០១៨ និងបានរីកចម្រើនយ៉ាងឆាប់រហ័ស និងឈានមុខគេលើសេវាទូទាត់ចល័តកម្មវិធី Grow with Grab បង្ហាញពីការបោះជំហានចូលទាំងស្រុងរបស់ Grab Financial Group ទៅលើសេវាផ្តល់កម្ចី និងធានារ៉ាប់រ៉ង់។ យុទ្ធសាស្ត្រនេះ នឹងធ្វើឲ្យ Grab Financial ស្ថិតក្នុងទីតាំងដ៏រឹងមាំលើសេវាសេវាហិរញ្ញវត្ថុ ខណៈពេលដែលស្ថាប័នមួយនេះ មានបំណងក្នុងស្វែងរកលទ្ធភាពបន្ថែមទៀតដល់សហគ្រិនខ្នាតតូច និងអាជីវកម្មខ្នាតតូច។ Grab Financial Group កំណត់មហិច្ឆតាយ៉ាងច្បាស់ដើម្បីក្លាយជាផ្លាតហ្វមផ្តល់សេវាហិរញ្ញវត្ថុ និងការទូទាត់ប្រាក់ធំជាងគេបំផុតប្រចាំតំបន់ក្នុងឆ្នាំ ២០១៩ នេះ។ Grab Financial Group មានបំណងក្លាយជាបណ្តាញពាណិជ្ជករ ភ្នាក់ងារផ្តល់សេវាធានារ៉ាប់រ៉ងបែបបច្ចេកវិទ្យា និងភ្នាក់ងារផ្តល់ប្រាក់កម្ចីបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅលើផ្លាតហ្វមតែមួយធំជាងគេបំផុតនៅក្នុងតំបន់។ Grab Financial Group មានបំណងក្នុងការប្រើប្រាស់ទុនវិនិយោគក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្តល់កិច្ចសន្យាដ៏ល្អបំផុតសម្រាប់ដៃគូសហគ្រាសរបស់ខ្លួន និងជួយសន្សំសំចៃដល់ពួកគេផងដែរ។ លោក Reuben Lai នាយកគ្រប់គ្រងជាន់ខ្ពស់របស់ Grab Financial Group បានឲ្យដឹងថា៖

«យើងកំពុងតែបន្ថែមសេវាហិរញ្ញវត្ថុរបស់យើងទ្វេដង សម្រាប់សហគ្រិនខ្នាតតូច ជាមួយនឹងកម្មវិធី Grow with Grab។ នេះគឺជាឱកាសដ៏ធំមួយមិនធ្លាប់មានពីមុនមកសម្រាប់ Grab Financial ក្នុងការជួយគាំទ្រដល់សហគ្រិនទាំងអស់នៅក្នុងតំបន់ ដែលខ្វះនូវលទ្ធភាពក្នុងការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ។ ខណៈពេលដែលសហគ្រាសខ្នាតតូច និងមធ្យម (SME) បានចូលរួមចំណែកច្រើនជាង ៥០% នៃផលិតផលសរុបក្នុងស្រុករបស់ប្រជាជនអាស៊ាន ដែល ២ ភាគ ៣ នៃសហគ្រាសខ្នាតតូច និងមធ្យម បង្ហើបប្រាប់ថា មូលនិធិអាជីវកម្ម និងហិរញ្ញវត្ថុ គឺជាបញ្ហាដ៏បំផុតរបស់សហគ្រាសទាំងនោះ។ កម្មវិធីដំឡើងលើទូរស័ព្ទដៃរបស់ Grab បានបម្រើជូនសហគ្រិនខ្នាតតូចច្រើនជាង ៩ លាននាក់ ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ។ ជាលទ្ធផលយើងអាចប្រើប្រាស់ទុនវិនិយោគ និងទិន្នន័យរបស់យើងក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដល់ទីផ្សារក្នុងតម្លៃមួយដែលមានការប្រកួតប្រជែង»។

ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ខាងមុខនេះ Grab Financial នឹងដាក់ឲ្យដំណើរការនូវសេវាថ្មីៗជាច្រើនរបស់ Grow with Grab ដែលអាចជួយឲ្យសហគ្រិនខ្នាតតូចបំផុត និងអាជីវកម្មខាតតូច អាចបង្កើនប្រាក់ចំណូល ពង្រីកអាជីវកម្ម និងការពារអាជីវកម្មរបស់ខ្លួន។

រកចំណូលបានកាន់តែច្រើនបន្ថែមទៀតជាមួយបច្ចេកវិទ្យាទូទាត់ប្រាក់ថ្មី

ជាមួយនឹងការអាចដំណើរការទៅកាន់កម្មវិធី Grab SuperApp ពេលនេះ Grab Financial Group នឹងផ្តល់នូវ ឱកាសរកប្រាក់ចំណូលដ៏សម្បូរបែប និងយ៉ាងទូលំទូលាយសម្រាប់សហគ្រិនខ្នាតតូចនៅអាស៊ីអាគ្នេយ៍។ ហ្គ្រេបផ្តល់សេវាកម្មយ៉ាងសម្បូរបែប ពោលគឺចាប់ពីសេវាបើកបរជាមួយនឹង Grab សេវាដឹកជញ្ជូនចំណីអាហារ ឬការដឹកជញ្ជូនជំនិញ និងការផ្តល់ជូនកម្មវិធីភក្តីភាពជាមួយកម្មវិធី GrabRewards រហូតដល់ការទូទាត់ផ្សេងៗតាមរយៈកម្មវិធីកាបូបចល័តរបស់ Grab។

ក្នុងនាមជាផ្លាតហ្វមបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេ ដែលទទួលបានអាជ្ញាបណ្ណលើសាច់ប្រាក់អេឡិចត្រូនិកក្នុងតំបន់សេដ្ឋកិច្ចធំៗចំនួន ៦ នៅអាស៊ីអាគ្នេយ៍ Grab Financial បានបង្កើតបណ្តាញពាណិជ្ជករធំជាងគេបំផុតតាមរយៈការគ្របដណ្តប់លើពាណិជ្ជករច្រើនជាង ៦០ ម៉ឺននាក់។ នៅថ្ងៃនេះដែរ Grab បានដាក់ឲ្យដំណើរការនូវបច្ចេកវិទ្យាទូទាត់ប្រាក់ថ្មីៗជាច្រើន ដែលនឹងអនុញ្ញាតឲ្យអាជីវកម្មខាតតូចបំផុត និងតូចទទួលបានអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់សេវាកម្មរបស់ Grab ដូចជាការធ្វើសមាហរន្តកម្មរវាងឧបករណ៍ Point-of-Sale (POS) និងការទូទាត់តាមអនឡាញតាមរយៈ GrabPay ជាដើម។ បច្ចេកវិទ្យាទាំងនេះបានជួយឲ្យ Grab Financial Group កាន់តែមានលក្ខខណៈពិសេសជាងគេបន្ថែមទៀតទៅលើភាពរហ័សទាន់ចិត្ត ភាពងាយស្រួល និងភាពបត់បែនបាន ដែលសុទ្ធសឹងជាតម្រូវដ៏ចាំបាច់សម្រាប់រាល់សហគ្រិតខ្នាតតូចទាំងអស់។

ការទូទាត់តាមកម្មវិធី GrabPay អនុញ្ញាតឲ្យអាជីវករ ក្នុងទទួលយកកម្មវិធី GrabPay ដែលជាកាបូបដាក់ប្រាក់ចល័ត មកដាក់នៅលើគេហទំព័រ ឬផ្លាតហ្វមរបស់ពួកគេ។ អតិថិជនទាំងអស់ អាចទិញជំនិញរបស់ពួកគេតាមអនឡាញពីការបូបប្រាក់ដូចគ្នា ប្រកបដោយអត្ថប្រយោជន៍ និងសុវត្ថិភាពខ្ពស់ដែលពួកគេអាចប្រើប្រាស់ជាប្រចាំថ្ងៃដើម្បីជិះយានជំនិះ និងទិញចំណីអាហារជាដើម។ ការទូទាត់តាម GrabPay “Pay with GrabPay” ចាប់ផ្តើមដំណើរការរបស់ខ្លួននៅថ្ងៃនេះជាមួយនឹងអាជីវកម្មខ្នាតតូចបំផុត និងខ្នាតតូចនៅលើផ្លាតហ្វមជាច្រើនដូចជា Qoo10 និង 11Street ដែលជាផ្លាតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក ២ ធំជាងបំផុតនៅសិង្ហបុរី និងម៉ាឡេស៊ី។ កិច្ចព្រមព្រៀងជាច្រើន ត្រូវបានចុះហត្ថលេខាជាមួយនឹងពាណិជ្ជករធំៗបំផុតជាច្រើនក្នុងតំបន់នេះផងដែរ ក្នុងនោះរាប់បញ្ចូលទាំង Adyen, Boku, iPay88, Dragonpay ក៏ដូចជាយីហោសំខាន់ៗជាច្រើនរួមមាន Cathay Cineplexes នៅសិង្ហបុរី និង SM Cinema នៅហ្វីលីពីន។

ក្រោមពីការធ្វើសមាហរន្តកម្មជាមួយនឹងឧបករណ៍ POS ម្ចាស់អាជីវកម្មនានា ដែលមានឧបករណ៍ POS អាចភ្ជាប់ជាមួយអ្នកប្រើប្រាស់ទាំងអស់យ៉ាងទូលំទូលាយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមិនចាំបាច់ផ្លាស់ប្តូរប្រព័ន្ធហាដវ៉ែ (Hardware) និងប្រព័ន្ធគណនីផ្សេងឡើយ។ ពាណិជ្ជករនានាអាចបន្ថែមកម្មវិធី GrabPay សម្រាប់ធ្វើការ ទូទាត់បានដោយងាយ នៅលើឧបករណ៍ POS ដែលមានស្រាប់របស់ខ្លួន។ វិធីសាស្ត្រក្នុងការទូទាត់ប្រាក់នេះនឹងដាក់ឲ្យដំណើរការជាលើកដំបូងនៅសិង្ហបុរី ជាមួយនឹងពាណិជ្ជករជាច្រើនដូចជា ហាងកាហ្វេ Coffee Bean & Tea Leaf និងហាងនំប៉័ង Paris Baguette មុននឹងធ្វើការពង្រីកខ្លួនទៅកាន់កន្លែងផ្សេងទៀតទូទាំងតំបន់។

ពង្រីកអាជីវកម្មរបស់ខ្លួនជាមួយនឹងកម្ចីខ្នាតតូចបំផុត

ចាប់តាំងពីការប្រកាសអំពីការបណ្តាក់ទុនរួមគ្នា (Joint-Venture) ជាមួយនឹង Credit Saison កាលពីខែមីនា ឆ្នាំមុន Grab បានបោះជំហានចូលក្នុងវិស័យផ្តល់កម្ចីទូទាំងអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ការវិនិយោគរួមគ្នានេះបានចាប់ដៃគូជាមួយនឹងស្ថាប័នហិរញ្ញវត្ថុជាច្រើន ដើម្បីបង្កើតគម្រោងសាកល្បងលើកម្ចីប្រកបដោយភាពជោគជ័យ ទៅកាន់ដៃគូជាអ្នកបើកបររបស់ Grab។ ផ្លាតហ្វមបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះ ក៏បានចាប់ផ្តើមផ្តល់កម្ចីសម្រាប់អាជីវកម្ម ដើម្បីជួយធ្វើឲ្យអាជីវកម្មខ្នាតតូចនានានៅសិង្ហបុរីមានការរីកចម្រើន។ ជាមួយនឹងកម្ចីសម្រាប់អ្នកបើកបរ និងសហគ្រាសខ្នាតតូច និងមធ្យមបានចាប់ផ្តើមនោះ បានធ្វើឲ្យ Grab Financial Group ដែលជាអ្នកផ្តល់កម្ចីបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងតែព្យាយាមស្នើសុំអាជ្ញាបណ្ណផ្តល់កម្តីទូទាំងតំបន់អាស៊ាន។

នៅថ្ងៃនេះការបណ្តាក់ទុនរួមគ្នានេះចាប់ផ្តើមដំណើរការលើផលិតផលទាំងស្រុងជាលើកទី១របស់ខ្លួនគឺ Pay Later ដែលជាសេវាទូទាត់ប្រាក់នៅចុងខែ (Post Paid) និងសេវាបង់ប្រាក់រំលស់ (Installment Payment)។ សេវាទូទាត់ ប្រាក់នៅចុងខែរបស់ Pay Later នឹងចាប់ផ្តើមដំណើរការជាលើកដំបូងរបស់ខ្លួននៅសិង្ហបុរី ក្នុងរយៈពេល ៣ ទៅ ៤ សប្តាហ៍ខាងមុខនេះ មុននឹងធ្វើការពង្រីកខ្លួនទៅកាន់ប្រទេសផ្សេងទៀត។

សេវា Pay Later ជួយសម្រួលឲ្យអតិថិជនធ្វើការទូទាត់ជាមួយសេវាកម្មនានារបស់ Grab នៅចុងខែដោយមិន មានការបូកបញ្ចូលការចំណាយផ្សេងៗឡើយ។ វាអាចជួយដល់អតិថិជន ដែលប្រឈមមុខនឹងការចំណាយប្រាក់ជាច្រើន ប៉ុន្តែមិនចង់ជួបបញ្ហាដោយសារតែការទូទាត់លើអត្រាការប្រាក់ខ្ពស់របស់សេវាឥណទានផ្ទាល់ខ្លួន ឬប័ណ្ណឥណទាន។ នៅប៉ុន្មានខែខាងមុខទៀត Grab ក៏នឹងចាប់ផ្តើមប្រើប្រាស់សេវាបង់ប្រាក់រំលស់របស់ Pay Later ផងដែរ ដើម្បីអនុញ្ញាតឲ្យអតិថិជនទិញទំនិញបានភ្លាមៗ និងទូទាត់ប្រាក់តាមការរំលស់ក្នុងអត្រាការប្រាក់ ០% ក្នុងរយៈពេលជាច្រើនខែ។

ផលិតផលទាំង២នេះនឹងផ្តល់ឲ្យតែសម្រាប់អតិថិជនដែលមានប្រវត្តិឥណទានល្អតែប៉ុណ្ណោះ។ Grab Financial Group កំណត់ហានិភ័យឥណទាន ដោយផ្អែកទៅលើចំណុចវិនិច្ឆ័យយ៉ាងល្អិតល្អន់ ក្នុងនោះរាប់បញ្ចូលទាំងរយៈពេលនៅលើផ្លាតហ្វមជាមួយ Grab កម្រិតនៃការប្រើប្រាស់ និងការចំណាយផ្សេងៗ។

ទទួលបានសន្តិភាពផ្លូវចិត្តជាមួយនឹងសេវាធានារ៉ាប់រ៉ងខ្នាតតូចបំផុត

ក្រោយពីការប្រកាសអំពីការបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុន Zhong An កាលពីខែមករាមក Grab នឹងចាប់ផ្តើមដំណើរការលើទីផ្សារសម្រាប់សេវាធានារ៉ាប់រ៉ងនៅខែមេសា។ ទីផ្សារធានារ៉ាប់រ៉ង់បែបឌីជីថលមួយនេះ នឹងក្លាយទៅជាសេវាធានារ៉ាប់រ៉ង់ដ៏គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់សហគ្រិនខ្នាតតូចបំផុតក្នុងតំបន់ អាចរកទិញបានពីកម្មវិធីរបស់ Grab ដែលដំឡើងនៅលើទូរស័ព្ទ។

នៅប្រទេសសិង្ហបុរី Grab បានចាប់ផ្តើមដំណើរលើសេវាធានារ៉ាប់រ៉ង់លើការសុំច្បាប់សម្រាកពេទ្យដោយឥតគិតប្រាក់សម្រាប់ដៃគូជាអ្នកបើកបរ ក្រៅពីការធានារ៉ាប់រ៉ងលើឧប្បត្តិហេតុផ្ទាល់ខ្លួនដោយឥតគិតប្រាក់ ដែលមានស្រាប់របស់ Grab។ ដៃគូជាអ្នកបើកបរដែលមានសិទ្ធិពិសេស ដែលថិតនៅក្រោមប្រព័ន្ធផ្តល់ពិន្ទុ Emerald Circle នឹងទទួលបានការធានារ៉ាប់រ៉ងដោយស្វ័យប្រវត្តិលើការបាត់បង់ប្រាក់ចំណូលដោយសារតែមានជំងឺ និងរងរបួសផ្សេងៗ។ ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ខាងមុខទៀត Grab នឹងដាក់ឲ្យប្រើប្រាស់ផលិតផលជាបន្តបន្ទាប់ទៀត ដែលអាចរកបាននៅលើកម្មវិធីរបស់ Grab ដែលដំឡើងនៅលើទូរស័ព្ទដៃ ដោយចាប់ផ្តើមក្នុងប្រទេសសិង្ហបុរីមុនគេ មុននឹងពង្រីកខ្លួនទូទាំងតំបន់អាស៊ីអាគ្នេយ៍។

សេវាធានារ៉ាប់រ៉ងលើការសុំច្បាប់សម្រាកពេទ្យរយៈពេលវែង (Prolonged medical leave insurance): គោលនយោបាយសេវាធានារ៉ាប់រ៉ងស្ម័គ្រចិត្តមួយនេះ នឹងបន្ថែមទៅលើសេវាធានារ៉ាប់រ៉ង ដែលត្រូវបានប្រកាសនៅមុនពេលនេះបន្តិច។ សេវាធានារ៉ាប់រ៉ង់មួយនេះនឹងអនុញ្ញាតឲ្យដៃគូអ្នកបើកបរ ដែលមិនទាន់គ្រប់ លក្ខខណ្ឌ័របស់កម្មវិធី Emeral Cycle អាចទទួលបានការធានារ៉ាប់រ៉ងនេះជាលើកទីដំបូង។
ការធានារ៉ាប់រ៉ងឧប្បត្តិហេតុផ្ទាល់ខ្លួន (Personal accident insurance): ការធានារ៉ាប់រ៉ងផ្ទាល់ខ្លួន ដែលផ្តល់ឲ្យក្នុងកម្មវិធីរបស់ Grab នឹងអនុញ្ញាតឲ្យដៃគូអ្នកបើកបរ អាចទិញសេវាធានារ៉ាប់រ៉ងដែលមានស្រាប់របស់ខ្លួន ដើម្បីទទួលបានការធានារ៉ាប់រ៉ងបន្ថែម។

តាមរយៈការវិនិយោគដ៏ធំទូលាយនេះនៅលើផ្លាតហ្វម Grab Financial អាចផ្តល់សេវាធានារ៉ាប់រ៉ងនានាក្នុងអត្រាដ៏សមរម្យបំផុត និងតម្រូវទៅតាមតម្រូវការនៃរបៀបរបបក្នុងការរស់នៅរបស់សហគ្រិនខ្នាតតូចបំផុត។ ក្រៅពីផលិតផលទាំង២ ដែលនឹងដាក់ឲ្យដំណើរការក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ទៀត Grab Financial ក៏បានប្រកាសអំពីផែនការយុទ្ធសាស្ត្រលើផលិតផលសេវាធានារ៉ាប់រ៉ងដ៏រំភើបមួយផ្សេងទៀតសម្រាប់នៅឆ្នាំ ២០១៩ នេះផងដែរ។ គម្រោងនោះគឺផ្តោតលើសេវាធានារ៉ាប់រ៉ងយានជំនិះឈ្មោះថា pay-as-you-drive (បង់ប្រាក់ក្នុងពេលអ្នកកំពុងបើកបរ) ជាមួយនឹងប្រាក់បុព្វលាភធានារ៉ាប់រ៉ងផ្សេងៗគ្នាជាច្រើន ដើម្បីអនុញ្ញាតឲ្យដៃគូអ្នកបើកបរធ្វើការបង់ប្រាក់សម្រាប់សេវាធានារ៉ាប់រ៉ង លុះត្រាតែនៅពេលដែលពួកគាត់កំពុងតែបើកបរប៉ុណ្ណោះ ដែលដូចទៅនឹងគោលនយោបាយសេវាធានារ៉ាប់រ៉ងលើអាយុជីវិតខ្នាតតូច និងគោលនយោបាយសេវាធានារ៉ាប់រ៉ង់ក្នុងពេលមានជំងឺធ្ងន់ធ្ងរ។

ការពង្រីកប្រព័ន្ធអេកូឡូស៊ីររបស់ Grab Financial Group

កាលពីឆ្នាំ ២០១៨ Grab បានទាក់ទាញដៃគូឧស្សាហកម្មឈានមុខគេជាច្រើន ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធនៃសេវាទូទាត់ប្រាក់ និងសេវាហិរញ្ញវត្ថុដ៏ច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រិនខ្នាតតូចនៅអាស៊ីអាគ្នេយ៍។ លោក Reuben បានបញ្ជាក់បន្ថែមទៀតថា៖ 

«យើងកំពុងតែលុបចោលបញ្ហានៃភាពឯកោនៅអាស៊ីអាគ្នេយ៍ តាមរយៈការនាំយក ប្រព័ន្ធអេកូឡូស៊ីនៃកាទូទាត់ប្រាក់ និងសេវាកម្មហិរញ្ញវត្ថុធំជាងគេបំផុតក្នុង ពិភពលោកឲ្យនៅជាមួយគ្នា។ យើងបានបើកផ្លាតហ្វមរបស់យើងសម្រាប់ដៃគូច្រើនជាង ១០០ លើឧស្សាហកម្មផ្សេងៗ ចាប់តាំងពីផ្សារទំនើបរហូតដល់បណ្តាញកាតឥណទាន និងធនាគារ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]