ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អាណិត​ទេ​កូន​គេ​កូន​យើង​អាយុ​ទើប​១៨​ខែ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់ នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី​ត្រពាំង​ត្រ​យ៉ង ស្ថិត​នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​អូ​រ៉ៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ជា​ចម្ការ​ស្វាយចន្ទី​របស់​អ្នកស្រី នួន ម៉ៅ​។ ហើយ​បើ​តាម​ការ​បញ្ជាក់​ពី សមត្ថកិច្ច​ថា ក្មេង​ប្រុស​នោះ​ស្លាប់​ដោយ​មូលហេតុ​អត់​អាហារ ព្រោះតែ​វង្វេង​ឪពុក​ម្តាយ​។ ក្មេង​ស្លាប់​នោះ​មានឈ្មោះ វ​ណ្ណា ពេ​ជ្ជ​រ៉ា ភេទ​ប្រុស អាយុ​១៨​ខែ​។

សេចក្តីរាយការណ៍​បន្ត​ថា វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ មានគ្រួសារ​មួយ​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ចេញ​ទៅ ស៊ីឈ្នួល​រើស​ផ្លែ​ចន្ទី​ឲ្យ​គេ ដោយ​បាន​យក​កូនប្រុស​អាយុ​១៨​ខែ​ទៅ​ជាមួយ​ផង​ដែរ​។ នៅ​ពេល​ឪពុក​ម្តាយ​ចេញ​ដើរ​រើស​គ្រប់​ស្វាយចន្ទី បាន​ទុក​កូន​តូច​អាយុ​ទើប​១​ឆ្នាំ​កន្លះ​នោះ ឲ្យ​នៅ​លេង​ក្នុង​ខ្ទម​ចាំចម្ការ ដែល​ពួក​គាត់​មិន​បាន​ទៅ​ឆ្ងាយ​ប៉ុន្មាន​ពី​កូន​ទេ អាច​ប្រហែល​ពី​៥០​ទៅ​៦០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​ស្ត្រី​ជា​ម្តាយ​តែងតែ​ត្រឡប់​ទៅ​មើល​កូន​២​ទៅ​៣​ដង​ដែរ​។

នា​វេលា​ម៉ោង​ថ្ងៃត្រង់ ម្តាយ​បាន​ត្រឡប់​ទៅ​ខ្ទម​នោះ​វិញ ដើម្បី​រក​ដាំបាយ​ដាំទឹក​ហូប​ទាំងអស់​គ្នា ពេល​នោះ​ស្រាប់តែ​បាត់​កូន​ពី​ខ្ទម​ចាំចម្ការ ទើប​ពួក​គាត់​រួម​ទាំង​កម្មករ​ជា​ច្រើន​នាក់ បាន​ដើរ​រកតែ​រក​មិនឃើញ​។ លុះដល់​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ពោល​គឺ​៣​ថ្ងៃ​ក្រោយមក ទើប​គេ​ប្រទះ​ឃើញ​សាកសព​កូនប្រុស​នោះ ស្លាប់​នៅ​ចំណុច​ត្រពាំង​ត្រ​យ៉ង ស្ថិត​នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​អូ​រ៉ៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក្នុង​ចម្ការ​ចន្ទី របស់​អ្នកស្រី នួន ម៉ៅ នោះ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង អធិការ​ស្រុក និង​គ្រូពេទ្យ ចុះ​ទៅ​ពិនិត្យ​សាកសព​ខាងលើ​នោះ ដោយ​រក​មិនឃើញ​មាន​ស្នាក​ស្នាម នៅ​លើ​ដងខ្លួន​ជន​រង​គ្រោះ​ទេ​។ ហើយ​បើ​តាម​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​របស់​គ្រូពេទ្យ​តុលាការ​គឺ​លោក ហុង ហៃ បាន​បញ្ជាក់​ថា សព​នេះ​ពិតជា​ស្លាប់​ដោយសារ​ការ​អត់​អាហារ អត់បាយ​អត់​ទឹក​ពិតប្រាកដ​មែន ព្រោះតែ​ដើរ​ចេញពី​ខ្ទម ហើយ​វង្វេង​ឪពុក​ម្តាយ​រក​មិនឃើញ​។

តែ​ទោះជា​យ៉ាងណា​ការ សន្និដ្ឋាន​នោះ គ្រាន់តែ​ជា​ជំហាន​ដំបូង​របស់​សមត្ថកិច្ច ប៉ុន្តែ​អ្វី​ៗ​វា​ស្ថិត​នៅ​លើ​ការ​ស្រាវជ្រាវ​បន្ត​។ សព​ក្មេង​ប្រុស​នោះ ត្រូវ​បាន​សមត្ថកិច្ច ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​មន្ត្រី​ជំនាញ នៃ​នាយកដ្ឋាន បច្ចេកទេស វិទ្យាសាស្ត្រ​ធ្វើ​លើ​កោសល្យ​វិ​ច្ច័​យ​ម្ដងទៀត​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]