បរទេស៖ កាលពីពេលថ្មីៗនេះ សត្វព្រាបមួយក្បាលប្រភេទ Armando ដែលត្រូវបានគេស្គាល់ថាជាសត្វព្រាបដ៏កម្រ និងមានដើមកំណើតមកពីប្រទេសបែលហ្ស៊ិក អាចហោះបានក្នុងចម្ងាយឆ្ងាយជាងសត្វព្រាបដទៃ ត្រូវបានគេយកទៅដាក់ដេញថ្លៃនិងលក់ចេញក្នុងតម្លៃកប់ពពកបាត់ទៅហើយ។ វាក៏ត្រូវបានគេយកទៅប្រៀបជាមួយនឹងលោក Lewis Hamilton ដែលជាកីឡាករប្រណាំងរថយន្ត Formula 1 ម្នាក់របស់ប្រទេសអង់គ្លេស។

ក្នុងពេលជាមួយគ្នានេះ ព្រាប Armando នេះក៏ទើបតែបំបែកកំណត់ត្រាពិភពលោកថ្មី ក្នុងកម្មវិធីដេញថ្លៃ PIPA អាចលក់ចេញក្នុងតម្លៃមហាសាលដល់ទៅ ១,៤១លានដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចុះផ្សាយក្នុងថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៩។ 

សត្វព្រាប Armando តម្លៃរាប់លានដុល្លារ
សត្វព្រាប Armando តម្លៃរាប់លានដុល្លារ

ប្រភពសារព័ត៌មានដដែលបានបន្តថា ដំបូងឡើយ ការដាក់ដេញថ្លៃតម្លៃខ្លួនសត្វព្រាប Armando នេះបានចាប់ផ្តើមពី ៤២៦,៨១៦ដុល្លារប៉ុណ្ណោះ។ 

យ៉ាងណាមិញ បើយោងតាមប្រសាសន៍របស់លោក Nikolaas Gyselbrecht ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដេញថ្លៃ Pipa ខាងលើបានឲ្យដឹងថា “ វាមិនគួរឲ្យជឿ។ អារម្មណ៍នៅពេលនោះហាក់ដូចជាហោះចេញទៅក្រៅពិភពលោកនេះបាត់ទៅហើយ”។ លោក Nikolaas បានបន្តថា “ ពួកយើងពិតជាមិនដែលសង្ឃឹមថាសត្វព្រាបមួយក្បាលនេះអាចលក់ចេញក្នុងតម្លៃដ៏ច្រើនមហាសាលបែបនេះទេ។ ពួកយើងគ្រាន់តែសង្ឃឹមថា វាអាចមានតម្លៃចន្លោះពី ៤៥ ទៅ ៥៥ ម៉ឺនដុល្លារតែប៉ុណ្ណោះ ហើយក្តីស្រមៃរបស់យើងវិញគឺអស់ត្រឹម ៦៥ម៉ឺនដុល្លារនេះឯង”។

ប៉ុន្តែរឿងដែលមិនគួរឲ្យជឿបានក្លាយទៅជាការពិត នៅពេលដែលអ្នកដេញថ្លៃជាជនជាតិចិន២នាក់បាន បញ្ចប់សង្គ្រាមដេញថ្លៃនេះតម្លៃខ្លួនសត្វព្រាប Armando នេះជាមួយនឹងអ្នកទិញដទៃទៀត កើនឡើងទឹកប្រាក់ទ្វេដងចាប់ពី ៦០ម៉ឺនដុល្លារ ហក់ដល់ ១,៤១លានដុល្លារ ក្នុងថេរវេលាត្រឹមតែ១ម៉ោងប៉ុណ្ណោះ។

បន្ទាប់ពីការដេញថ្លៃនេះហើយ លោក Nikolass បានបញ្ជាក់បន្ថែមថា ជាទូទៅតម្លៃលក់ចេញសត្វព្រាបប្រណាំងគឺប្រហាក់ប្រហែល ២៨០០ដុល្លារតែប៉ុណ្ណោះ។ យ៉ាងណាមិញ សត្វព្រាប Armando នេះគឺមិនមែនជាព្រាបធម្មតានោះទេ ព្រោះវាតែងតែទទួលបានជ័យជម្នះជាប់ៗគ្នា៣លើកមកហើយ ក្នុងការហោះប្រណាំងជាមួយនឹងសត្វព្រាបដទៃទៀត ក្នុងកម្មវិធីប្រណាំងព្រាប  Pigeon Olympiad និង Angouleme ដែលប្រព្រឹត្តឡើងកាលពីឆ្នាំ២០១៨កន្លងមកនេះ៕

សត្វព្រាប Armando តម្លៃរាប់លានដុល្លារ
សត្វព្រាប Armando តម្លៃរាប់លានដុល្លារ
( Lewis Hamilton)​កីឡាករប្រណាំងរថយន្ត Formula 1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]