ភ្នំពេញ៖ ក្រៅពីការអង្គុយតែមួយកន្លែងធ្វើការឲ្យគេ ជម្រើសដ៏ល្អបំផុត ដែលអាចធ្វើឲ្យអ្នកអភិវឌ្ឍន៍ខ្លួនឯងបាននោះ គឺការចេញរកស៊ីបើកអាជីវកម្មផ្ទាល់ដោយខ្លួនឯង បើទោះបីជា ការកស៊ីនោះតូចឬធំក៏ដោយ ប៉ុន្តែក៏ជាការបើកឱកាសឲ្យខ្លួនអ្នក អាចរកប្រាក់ចំណេញធំបាន សំខាន់ឲ្យតែអ្នកជ្រើសរើស ប្រភេទអាជីវកម្មដែលត្រឹមត្រូវមួយសម្រាប់ខ្លួន។

ជាការពិតណាស់ ក្នុងសម័យថ្មីឆ្នាំ២០១៩នេះ ឲ្យឮពាក្យថាចេញរកស៊ី ម្នាក់ៗតែងតែគិតទៅដល់២ចំណុច នោះគឺការចេញរកស៊ីដោយបើកអាជីវកម្មខ្លួនឯង និងការចេញរកស៊ីដោយការទិញសិទ្ធិ អាជីវកម្មឬប្រ៊េនអ្វីមួយបន្តទៅអ្នកដទៃ ឬគេនិយមហៅថា «Franchise»។ 

ប្រាកដណាស់ អ្នកដែលទើបតែចេញរកស៊ីថ្មីថ្មោង ដែលមិនទាន់មានគោលដៅអាជីវកម្មច្បាស់លាស់មួយសម្រាប់ខ្លួនឯង ប្រាកដជាពិបាកក្នុងការសម្រេចចិត្ត ក្នុងការជ្រើសរើសថា តើគួរតែបើកអាជីវកម្មមួយផ្ទាល់ខ្លួន ឬក៏ទិញFranchise បន្តពីគេ ដោយសារតែក្នុងចិត្តនៅតែភ័យខ្លាច ថាអាចនឹងមានហានិភ័យអ្វីមួយ និងមិនមានទំនុកចិត្តលើខ្លួនឯងជាដើម។

ដោយហេតុនេះផងដែរ បើសិនជាអ្នកនៅមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ក៏សូមលើកយកនូវគុណសម្បត្តិ និងគុណវិបត្តិ និងភាពខុគ្នាមួយចំនួន រវាងការបើកអាជីវកម្មដោយខ្លួន និងការទិញ Franchise ពីគេផងដែរ ដើម្បីជាគំនិតខ្លះៗ អាចជំនួយដល់ការគិតពិចារណារបស់អ្នក ឲ្យកាន់តែល្អប្រសើរ និងងាយស្រួលជ្រើសរើសប្រភេទអាជីវកម្ម​ ដែលអ្នកពេញចិត្តផងដែរ។ 

ដោយឡែក​ មុននឹងឈានដល់ការបកស្រាយ យើងសូមពន្យល់ពីពាក្យថា Franchise ជាមុនសិន។ Franchise គឺជា “សិទ្ធិធុរកិច្ច” ដែលម្ចាស់ជំនួញដើម បានផ្ដល់សិទ្ធិទៅឱ្យភាគីមួយទៀត​ ដើម្បីបានរកស៊ីលើមុខជំនួញរបស់ខ្លួន ដោយបានបង់ថ្លៃលើ «សិទ្ធិធុរកិច្ច» ទៅឱ្យម្ចាស់ជំនួញដើមនោះ ហើយសម្រាប់រយៈពេលនិងលក្ខខណ្ឌនានា ដើម្បីដំណើរការនៃការបើកអាជីវកម្មនេះ នឹងត្រូវបានអនុវត្តន៍ ទៅតាមការចរចាលក្ខខណ្ឌ ជាមួយនឹងម្ចាស់ជំនួញដើម ឬម្ចាស់កម្មសិទ្ធិបញ្ញាផងដែរ។  

លើសពីនេះ Franchise “សិទ្ធិធុរកិច្ច” គឺជាប្រភេទអាជីវកម្មដែលមានរចនាសម្ព័ន្ធ(ការរៀបចំបង្គំ)រួមមួយដូចគ្នា ដែលជាទូទៅម្ចាស់ជំនួញដើម ត្រូវបានគេឱ្យឈ្មោះថាជា Franchisor ហើយអ្នកដែលសុំសិទ្ធិធ្វើអាជីវកម្មបន្ដត្រូវបានគេឱ្យឈ្មោះថា Franchisee ដែលមានសិទ្ធិធ្វើជំនួញលក់ផលិតផលឬសេវាកម្ម ដោយប្រើឈ្មោះនិងប្រព័ន្ធគ្រប់គ្រងទាំងអស់ដូចគ្នាទៅនឹងម្ចាស់ម្ចាស់ជំនួញដើម(Franchisor) ដូច្នោះដែរ។

ក). Franchise “សិទ្ធិធុរកិច្ច” 

+អត្ថប្រយោជន៍នៃ Franchise

១. គេស្គាល់ច្រើន

នៅពេលដែលយើងទិញសិទ្ធ Franchise ពីប៊្រេនណាមួយដែលមានកេរ្តិ៍ឈ្មោះស្រាប់ នោះវានឹងជួយឲ្យអាជីវកម្មរបស់អ្នកដើរទៅមុខយ៉ាងរហ័ស ដោយសារតែការល្បីតពីមាត់មួយទៅមាត់មួយទៀត ល្បីមានភ្ញៀវចូលទិញកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃៗ។ លើសពីនេះ បើសិនជាហាងរបស់អ្នកមានទីតាំងល្អ មានមនុស្សឆ្លងកាត់ច្រើន ហើយផលិតផលរបស់អ្នកមានការនិយមទៀតនោះ វាពិតជាឱកាសល្អក្នុងការកើបប្រាក់ចំណេញបានច្រើនហើយ។

២. ស្រួលរក និងងាយចំណាំ

មិនខុសពីចំណុចមុនប៉ុន្មានដែរ ដោយសារតែអាជីវកម្មខ្នាតតូចមួយភាគធំលក់ជាជួរៗ ឬមានដូចៗគ្នាច្រើនកន្លែង ដូច្នេះជារឿងល្អបំផុតបើអ្នកមានអាជីវកម្ម ដែលឈ្មោះល្បីមួយដែលមានគេស្គាល់ច្រើនសម្រាប់អាជីវកម្មរបស់អ្នក។ មួយវិញទៀត ភ្ញៀវក៏ងាយស្រួលក្នុងការចំណាំនូវផ្លាកយីហោ Franchise របស់អ្នកផងដែរ។

៣. ងាយស្រួលក្នុងការគ្រប់គ្រង

ទិញសិទ្ធិអាជីវកម្ម Franchise មកបើកដំណើរការដោយខ្លួនឯង គឺមានភាពងាយស្រួលច្រើន ដូចជាប្រព័ន្ធនៃការគ្រប់គ្រងនានា គឺខាងម្ចាស់កម្មសិទ្ធបានរៀបចំតាមគោលការណ៍រួចជាស្រេច ដោយអ្នកមិនចាំបាច់ឈឺក្បាលគិតគូច្រើនឡើយ ពោលគឺទោះអ្នកមិនធ្លាប់មានបទពិសោធន៍ក្នុងការរកស៊ី ក៏អាចធ្វើបានដែរ ដោយគ្រាន់តែអនុវត្តទៅតាម ប្រព័ន្ធគ្រប់គ្រងដែលគេមានស្រាប់ គឺជាការស្រេចតែម្តង។

+ គុណវិបត្តិនៃ Franchise

១. ចំណាយខ្ពស់ 

ថ្លៃដើម ប្រហែលជាអាចខ្ពស់ជាងការរំពឹងទុករបស់អ្នកទៅទៀត។ អ្នកត្រូវចំណាយលើការទិញសិទ្ធិអាជីវកម្មយកមករកស៊ីបន្ត ចំណាយទៅលើថ្លៃគ្រប់គ្រង ឬអាចចំណាយទៅលើការទិញទំនិញ សេវាកម្ម និងវត្ថុធាតុដើមពីអ្នកលក់សិទ្ធិអាជីវកម្ម (franchisor) បន្តថែមទៀតផង។ 

២. ត្រូវដើរតាមគោលការណ៍របស់គេ

នៅក្នុងកិច្ចព្រមព្រៀងនៃការទិញសិទ្ធិអាជីវកម្ម ក៏មានបញ្ចូលការដាក់កំហិត (restrictions) អំពីរបៀបនៃការដំណើរការអាជីវកម្មរបស់អ្នកផងដែរ។ លើសពីនេះលោកអ្នកក៏មិនអាចមានសិទ្ធិក្នុងការធ្វើការផ្លាស់ប្ដូរ ឬបន្ថែមអ្វីថ្មីៗ តាមចិត្តចង់របស់អ្នក ស្របទៅតាមទីផ្សារបាននោះឡើយ លុះត្រាតែអ្នកសុំការអនុញ្ញាតពីម្ចាស់ជំនួញដើមជាមុនសិន។ ទាំងនេះជាហេតុដែលធ្វើឲ្យអាជីវកម្មរបស់អ្នក ខ្វះខាតភាពបត់បែនផងដែរ។

៣. មានដៃគូប្រកួតប្រជែងច្រើន មានហានិភ័យខ្ពស់

នៅពេលដែលអ្នកទិញFranchise ប៊្រេនល្បីឈ្មោះមួយមកដំណើរការអាជីវកម្ម នោះអ្នកនឹងជួបហានិភ័យខ្ពស់ដូចគ្នា ដោយមានដៃគូប្រកួតប្រជែង កាន់តែច្រើនឡើង មិនមែនជាមួយតែប៊្រេនផ្សេង ប៉ុន្តែជាពិសេសគឺជាមួយនឹង អ្នកដែលទិញប៊្រេនតែមួយជាមួយយើងតែម្តង ដែលអាចមានកាន់តែច្រើនឡើងៗ បើកគ្រប់ទីកន្លែង រហូតធ្វើឲ្យអាជីវកម្មរបស់យើង កាន់តែអន់ថយអតិថិជន រហូតអាចឈានដល់ការបរាជ័យថែមទៀតផង។ 

៤. ប្រាក់ចំណេញត្រូវបែងចែក

មិនស្រួលប៉ុន្មានឡើយ ក្នុងការទិញសិទ្ធិអាជីវកម្មរបស់គេ ផលដែលពិបាកបំផុតនោះ គឺអ្នកត្រូវតែចែករំលែកប្រាក់ចំណេញដែលអ្នកទទួលបាន ទៅឲ្យម្ចាស់សិទ្ធិអាជីវកម្មជារៀងរាល់ខែ ទៅតាមលក្ខខ័ណ្ឌរបស់គេផងដែរ។

រូបតំណាង

ខ. ការបើកអាជីវកម្មដោយខ្លួនឯង

+ គុណសម្បត្តិនៃការបើកអាជីវកម្មដោយខ្លួនឯង

១. មានភាពជាមេដឹកនាំ ក្លាយជាម្ចាស់អាជីវកម្ម

ភាគច្រើនអ្នកដែលចង់ចេញរកស៊ីដោយខ្លួនឯង សុទ្ធសឹងតែមានគោលបំណងមួយដូចគ្នានោះគឺ ក្លាយជាចាហ្វាយនាយលើខ្លួនឯង និងគ្មានអ្នកណាមកត្រួតត្រាលើខ្លួន។ ហើយវាពិតជារឿងដែលល្អខ្លាំងណាស់ បើសិនជាអ្នកចេញរកស៊ី តាំងពីនៅវ័យក្មេងនិងទទួលបានភាពជោគជ័យ នោះអ្នកនឹងក្លាយជាអ្នកជំនួញជោគជ័យតាំងវ័យក្មេង និងមានឱកាសអភិវឌ្ឍន៍ខ្លួន និងមុខជំនួញបានកាន់តែធំឡើងៗផងដែរ។

២. ការសម្រេចចិត្ត និងការគ្រប់គ្រង

នៅពេលដែលយើងចេញរកស៊ីបើកអាជីវកម្មដោយខ្លួនឯង នោះយើងនឹងទទួលបានសិទ្ធសេរីភាពក្នុងការសម្រេចរឿងគ្រប់យ៉ាង ដោយមិនបាច់ឆ្លងកាត់សុំការអនុញ្ញាតិពីម្ចាស់អាជីវកម្មណាមួយ ដូចជាការទិញ Franchiseឡើយ។ លើសពីនេះ បើសិនជាប៊្រេនរបស់អ្នកល្បីឈ្មោះ អ្នកថែមទាំងមានសិទ្ធអាចបើកលក់ សិទ្ធអាជីវកម្ម «Franchise» បន្តបានយ៉ាងស្រួលថែមទៀតផង។

៣. ងាយស្រួលបត់បែន ផ្លាស់ប្តូរអ្វីដែលថ្មីៗបាន

ក្លាយជាម្ចាស់អាជីវកម្មរបស់ខ្លួនឯង អ្នកមានសិទិ្ធចាត់ចែង រឿងគ្រប់សព្វបែបយ៉ាង នៅក្នុងហាងឬអាជីវកម្មរបស់អ្នក។ ការគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង ធ្វើឲ្យអ្នកងាយស្រួលក្នុងការបត់បែន មិនថាតែការរៀបចំយុទ្ធសាស្រ្តទីផ្សារ ការបង្កើតផលិតផល ឬសេវាកម្មថ្មីៗ ដើម្បីតម្រូវចិត្តទីផ្សារបានយ៉ាងងាយរហ័ស។

៤. ស្គាល់ពីតម្រូវការសង្គម និងស្គាល់ពីការរកស៊ីច្បាស់ជាងមុន

នៅពេលដែលយើងចេញរកស៊ីដោយខ្លួនឯង ទើបដឹងតែថាវិស័យជំនួញនិងការរកស៊ីយ៉ាងពិតប្រាកដ វាមានការប្រកួតប្រជែងខ្លាំងប៉ុណ្ណា ដូចនេះហើយ ចំណុចទាំងនេះនឹងធ្វើឲ្យអ្នករៀនចេះពីអ្វីថ្មីៗ ដូចជាការគ្រប់គ្រង យុទ្ធសាស្រ្តទីផ្សារ ការប្រកួតប្រជែង ទទួលបានបទពិសោធន៍ថ្មីៗ និងស្គាល់ពីខ្លួនច្បាស់ជាងមុន ជាពិសេសគឺមានភាពជោគជ័យដោយសមត្ថភាពរបស់ខ្លួនឯងតែម្តងផងដែរ។

+ គុណវិបត្តិនៃការបើកអាជីវកម្មដោយខ្លួនឯង

១. ចំណាយខ្ពស់

នៅពេលដែលយើង បើកអាជីវកម្មថ្មីមួយដោយខ្លួនឯង នោះយើងនឹងត្រូវប្រឈមនៅលើការចំណាយខ្ពស់ ទៅលើការទិញសម្ភារៈបរិក្ខារ វត្ថុធាតុជាតិ ការតុបតែងដេគ័រផ្សេងៗ ការជួលឬទិញទីតាំងដែលសមរម្យមួយ ក៏ដូចជាត្រូវចំណាយទៅលើការគិតគំនិតថ្មីៗច្រើនខ្លាំងមែនទែន។ 

២. រៀបចំប្រព័ន្ធថ្មីទាំងអស់

ក្រៅពីរៀបចំផ្នែកខាងក្រៅរួចហើយ អ្វីដែលពិសេសមួយទៀតនោះ គឺការរៀបចំប្រព័ន្ធផ្នែកខាងក្នុង ដូចជាការជ្រើសរើសចាត់ចែង បុគ្គលិកទៅតាមមុខនាទីផ្សេងៗ រៀបចំប្រព័ន្ធគ្រប់គ្រប់ថ្មី ប្រព័ន្ធទីផ្សារថ្មី និងប្រព័ន្ធសន្តិសុខសុវត្ថិភាពជាដើមផងដែរ។

៣. មានភាពសម្ពាធខ្ពស់និងស្មុគស្មាញ

រាល់ពេលមានបញ្ហាម្តងៗ មានតែអ្នកម្នាក់គត់ដែលនឹង ត្រូវទទួលខុសត្រូវដោះស្រាយ បញ្ហាគ្រប់យ៉ាងតែម្នាក់ ដែលធ្វើឲ្យអ្នករងសម្ពាធខ្ពស់ និងកាន់តែមានភាពស្មុគស្មាញ ឈឺក្បាលដោយសារវាជាប្រចាំផងដែរ។

៤. ប្រឈមនឹងការខាតបង់ខ្ពស់

នៅពេលដែលអ្នកចេញរកស៊ីដោយខ្លួនឯង អាចនឹងមានបញ្ហាច្រើនកើតឡើង ជាពិសេសគឺបញ្ហាហិរញ្ញវត្ថុតែម្តង។ ជាការពិតប្រសិនបើអាជីវកម្មរបស់អ្នកមិនអាចទាំងរកប្រាក់ចំណូលបាន ស្មើនឹងប្រាក់ចំណាយក្នុងមួយខែៗបានផងនោះ នោះអ្នកនឹងត្រូវប្រឈមមុខនឹងការសងប្រាក់ ឬទទួលរ៉ាប់រងថ្លៃខាត់បង់តែម្នាក់ រហូតពេលខ្លះមិនអាចទ្រាំទ្រនឹងការសងបំណុលរួច អាចឈានដល់ការក្ស័យធនក៏មានដែរ៕

រូបតំណាង
រូបតំណាង

ប្រភព៖ Business | Smallbusiness |Smallbusiness Chron

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]