ម៉ាឡេស៊ី៖ នារីម៉ាឡេស៊ីម្នាក់បានរងការឈឺចាប់ និងភាពអាម៉ាស់យ៉ាងខ្លាំង ក្រោយសុខៗស្រាប់តែគ្រុនក្តៅខ្លួន និងហើមបបូរមាត់ស្ពុល បន្ទាប់ពីបានកៀបធ្មេញដែក (Brace Teeth) ក្លែងក្លាយ និងមានតម្លៃថោក បានប្រហែល១សប្តាហ៍។

បើយោងតាមប្រភពសារព័ត៌មាន រឿងរ៉ាវមួយនេះត្រូវបានចែករំលែកដោយទន្តពេទ្យម្នាក់ (ពេទ្យធ្មេញ) មានឈ្មោះថា Azila នៅលើទំព័រហ្វេសប៊ុក ដើម្បីជាការព្រមានសម្រាប់អ្នកដែលចូលចិត្តកៀបធ្មេញដែកតម្លៃថោក ពុំមានស្តង់ដាត្រឹមត្រូវ ដែលនឹងអាចបង្កជាហានិភ័យផ្សេងៗ។

នារីរងគ្រោះ

ទន្តពេទ្យរូបនេះបានរៀបរាប់ឲ្យដឹងថា នារីរងគ្រោះមិនត្រូវបានបញ្ចេញអត្តសញ្ញាណនេះ រស់នៅក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។ នារីរងគ្រោះចង់កៀបធ្មេញដែក បន្ទាប់ពីនាងបានឃើញមិត្តភក្តិ និងអ្នករួមការងារនាងជាច្រើនបានដាក់វា ដែលមើលទៅស្អាតទាក់ទាញមួយបែប ម្យ៉ាងក៏ក្នុងគោលបំណងចង់ឲ្យធ្មេញធម្មជាតិរបស់នាង បានត្រង់ជួរស្អាតដូចគេដូចឯងផងដែរ។ ប៉ុន្តែផ្ទុយទៅវិញ ជាលទ្ធដែលទទួលបាន វាបែរទៅជាធ្វើឲ្យនាងជួបនូវស្ថានភាពទុក្ខទោសអាក្រក់ទៅវិញ។

ទន្តពេទ្យ Azila បានរៀបរាប់ឲ្យដឹងទៀតថា នារីរងគ្រោះខាងលើនេះ បានជ្រើសរើស(រកទិញ)ដែកកៀបធ្មេញតម្លៃថោកៗដោយខ្លួននាង និងបានរកគ្រូពេទ្យធ្មេញម្នាក់មកជួយដាក់ឲ្យនាង ដែលបានទារសេវាពីនាង ១៩០រីងហ្គីត (ឬប្រហែល ៤៦ដុល្លារអាមេរិក)។

លុះរយៈពេល១សប្តាហ៍ក្រោយមក បបូរមាត់របស់នាងក៏ស្រាប់តែចាប់ផ្តើមហើម និងពោរពេញដោយខ្ទុះគួរឲ្យខ្លាចតែម្តង។ លើសពីនេះ នាងក៏ថែមទាំងឡើងកម្ដៅខ្លួន ឬគ្រុនក្តៅ រហូតដល់ថ្នាក់ងើបលែងចង់រួច អស់រយៈពេល៣ថ្ងៃទៀតផង។

ក្រោយមកនាងក៏បានទៅជួបនឹងពេទ្យធ្មេញនោះវិញ និងប្រាប់ពីស្ថានភាពរបស់នាង ប៉ុន្តែត្រូវពេទ្យប្រាប់ថា វាអាចកើតឡើងធម្មតាបែបនេះឯង និងដោយពុំឲ្យនាងព្រួយបារម្ភទៀត។

នារីរងគ្រោះ

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្រោយស្ថានភាពហាក់កាន់តែធ្ងន់ធ្ងរ នៅទីបំផុតនាងក៏បានទៅគ្លីនិកមួយកន្លែង ដើម្បីធ្វើតេស្តឈាម។ ជាលទ្ធផលបានបង្ហាញថា នាងបានឆ្លងមេរោគបាក់តេរី ដែលបង្កឡើងដោយការកៀបធ្មេញដែកក្លែងក្លាយតម្លៃថោកនេះ។

នារីរងគ្រោះក៏បានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល២ថ្ងៃ។ ហើយក្រោយមក ទើបនាងបានទៅរកពេទ្យធ្មេញផ្សេង ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីឲ្យគេដោះដែកកៀបធ្មេញនោះចេញវិញផងដែរ។

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះដែរ ក៏មានជាសារព្រមានជាច្រើន ចំពោះអ្នកដែលមានបំណងចង់កៀបធ្មេញដែក គឺគួរណាស់ត្រូវមានការពិចារណាឲ្យបានត្រឹមត្រូវ មុននឹងសម្រេចចិត្តធ្វើវា ពិសេសក៏ត្រូវស្វែងរកទន្តពេទ្យណាដែលមានជំនាញច្បាស់លាស់ ក៏ដូចជាឧបករណ៍ពិតឥតក្លែងក្លាយ និងមានអនាម័យខ្ពស់ ចៀសវាងដូចករណីនារីរងគ្រោះខាងលើនេះ ដែលបណ្តាលឲ្យឈឺខ្លួន ខាតពេលវេលា និងចំណាយលុយអស់ច្រើនលើសដើម៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

នារីរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]