ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ ឃើញថាមានយុវជនមួយក្រុមបាននាំគ្នា បើកវិធានការនាំគ្នាប្រមូលសម្រាមនៅទីតាំង បឹងត្របែក ដែលលូបង្ហូរនីមួយៗ បានប្រមូលផ្តុំទៅដោយសម្រាមពាសពេញ និងធ្វើឲ្យមានការស្អុយយ៉ាងខ្លាំង នៅពេលជិះកាត់ម្តងៗ។

ដោយសារតែបែបនេះហើយ ទើបយុវជនមួយក្រុមនោះ ដែលបានដឹកនាំដោយលោកសាន ដារ៉ាវីត បាននាំផ្តើមគំនិតដ៏ល្អមួយ ប្រមូលសម្រាមនៅប្រឡាយ បឹងត្របែក ដែលទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីមហាជនជាច្រើន បាននាំគ្នាផ្តល់ជាកម្លាំងចិត្តទៅកាន់ពួកគេ ឲ្យខិតខំប្រឹងប្រែងធ្វើបែបនេះដើម្បីសង្គមបន្តទៅទៀត។

ទន្ទឹមនឹងការខិតខំនេះដែរ ក៏មានការលេចដំណឹងចេញពីសារព័ត៌មាន មួយចំនួនថា នៅថ្ងៃអនាគតលោកនឹងមានគម្រោងដ៏ល្អមួយសម្រាប់ទីនេះ ដែលចង់ឲ្យកន្លែងដ៏កង្វក់ពោរពេញដោយសម្រាមមួយនេះ ក្លាយទៅជា​រមណីយដ្ឋាន ក៏ដូចជាកន្លែងដែលអាចធ្វើឲ្យមហាជន និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិងាកមកចាប់អារម្មណ៍កន្លែងនេះវិញ។

ប្រឡាយលូបឹងត្របែក

ជាមួយគ្នានេះដែរ ខាងក្រុមការងារខ្មែរឡូត ក៏បានធ្វើការចុះទៅផ្តិតយករូបភាព សកម្មភាពដ៏ស្វាហាប់ នៅក្នុងកិច្ចការមួយនេះរបស់ពួកគេ មិនត្រឹមតែប៉ុណ្ណោះ ខាងយើងក៏បានធ្វើការសាកសួរ ពីការខិតខំប្រឹងប្រែង និងទស្សនៈខ្លះៗដែលធ្វើឲ្យ លោកមានគំនិតថា ចង់ឲ្យកន្លែងនេះក្លាយទៅជាទីកន្លែងដែលស្អាត សម្រាប់ភ្ញៀវ។

នៅក្នុងនោះដែរ លោកសាន ដារ៉ាវីត ជាអ្នកចាប់ផ្តើមដំបូងគេនៅក្នុងការផ្តើមគំនិត ប្រមូលសម្រាមនៅទីនេះ បានប្រាប់មកកាន់ខ្មែរឡូតថា ដំបូងឡើយលោកមានគ្នាចំនួន៥នាក់ជួយគ្នាក្នុងការធ្វើការនេះ ហើយក៏ដោយសារតែជារៀងរាល់ថ្ងៃលោកតែងតែជិះតាមផ្លូវនេះជារឿយៗ ដែលមានក្លិនស្អុយ និងសុទ្ធតែសម្រាម មើលទៅពិតជាពិបាកភ្នែកមើលតែម្តង ដូច្នោះហើយ លោកក៏បានសម្រេចចិត្តនាំគ្នាប្រមូលសម្រាមនេះឡើងតែម្តង។ 

លោកសាន ដារ៉ាវីត

មិនត្រឹមតែប៉ុណ្ណោះលោកក៏បានជួបនូវការលំបាកជាច្រើន ដូចជាខ្វះធនធានមនុស្សដើម្បីមកជួយគ្នា និងគ្មានសម្ភារៈគ្រប់គ្រាន់ដើម្បីធ្វើការប្រើប្រាស់ពេលចុះទៅរើសសម្រាម ។លើសពីនេះលោកក៏បានបន្ថែមនូវចំនុចសំខាន់ ដែលមហាជនជាច្រើនចង់ដឹងនោះគឺ មានដំណឹងថាលោកនឹងចង់ឲ្យកន្លែងនេះ ក្លាយជាកន្លែងមួយដ៏ល្អគ្មានសម្រាម ដែលប្រៀបដូចជារមណីយដ្ឋាន។ ហើយនៅក្នុងនោះអាច ជាកន្លែងស្អាត មានទឹកស្អាត អាចចិញ្ចឹមត្រីនៅក្នុងនោះ ប្រៀបដូចជាកន្លែងកម្សាន្តដ៏គួរឲ្យចង់ទៅលេងយ៉ាងដូច្នោះ។

តាមសម្តីរបស់លោក ដារ៉ាវីត បានបញ្ជាក់ថាកន្លែងនេះយើងមិនគួរណាទុកវាចោលនោះទេ ព្រោះកន្លែងនេះអាចបង្កើន ប្រាក់ចំណូលជូនប្រជាជន ឬក៏ចំណូលជាតិបាន អាចជាកន្លែងកម្សាន្ត ឬក៏រមណីយដ្ឋានបាន ដែលវាជាការគ្រាន់បើជាង ការដែលទុកគ្រាន់តែដាក់សម្រាមប៉ុណ្ណោះ។

បន្ថែមពីនេះទៅទៀត លោកក៏មានវិធានការដើម្បីកុំឲ្យសម្រាមចេះតែច្រើនឡើង នៅក្នុងតំបន់នេះ ដោយលោកក៏ដូចជា ក្រុមស្មគ្រ័ចិត្ត នឹងធ្វើការចុះទៅអប់រំ ផ្សព្វផ្សាយទៅប្រជាជនកុំឲ្យបោះសម្រាមបែបនេះ និងដាក់ធុងសម្រាមឲ្យបានត្រឹមត្រូវ បន្ទាប់ពីរៀបចំប្រមូលសម្រាមអស់រួច។ 

សម្រាមនៅលើប្រឡាយលូបឹងត្របែក
សម្រាមនៅលើប្រឡាយលូបឹងត្របែក
សម្រាមនៅលើប្រឡាយលូបឹងត្របែក

ជាចុងក្រោយ លោកបានបន្ថែមចំពោះ មនុស្សមួយចំនួនដែលបានធ្វើការរិះគន់ ក៏ដូចជាថាលោកធ្វើនេះដើម្បីចង់ល្បីខ្លួនឯង ក៏ប៉ុន្តែលោកក៏បានធ្វើការឆ្លើយតបទៅវិញថា «ជាការពិត អ្នកណាក៏ចង់ល្បី ក៏ប៉ុន្តែលោកសប្បាយចិត្តនូវអ្វីដែលលោកបានធ្វើ ព្រោះលោកល្បីដោយសារតែការធ្វើអំពើ ល្អ និងជួយសង្គម»។មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានធ្វើការសំណូមពរដល់ប្រជាជនទាំងអស់ កុំឲ្យប្រើពាក្យអសុរសជេគ្នាតាមបណ្តាញសង្គម ឬក៏យ៉ាងណាក្តី នៅពេលដែលឃើញបុគ្គលណាម្នាក់ បានយកសម្រាមមកចោលទីនេះ ដោយអាចប្រើប្រាស់ជាសារ ក៏ដូចជាគំនិតផ្សព្វផ្សាយឲ្យគាត់បានដឹងវិញជាការល្អ។

គួរបញ្ជាក់ផងដែរថា នៅពេលនេះដែលលោកកំពុងតែធ្វើការរៀបចំប្រព័ន្ធលូឲ្យល្អជាងមុននៅទីនេះ បន្ទាប់ពីធ្វើការរៀបចំប្រមូលសម្រាមអស់ ក៏ប៉ុន្តែមិនទាន់បានដឹងថាលទ្ធផលទាំងនោះ គឺយ៉ាងណានោះទេ ដូច្នោះប្រិយមិត្តអាចរង់ចាំមើលទាំងអស់គ្នា៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ទិដ្ឋភាពក្រុមស្មគ្រ័ចិត្តជួយគ្នាធ្វើការ
ទិដ្ឋភាពក្រុមស្មគ្រ័ចិត្តជួយគ្នាធ្វើការ
ទិដ្ឋភាពក្រុមស្មគ្រ័ចិត្តជួយគ្នាធ្វើការ
ទិដ្ឋភាពក្រុមស្មគ្រ័ចិត្តជួយគ្នាធ្វើការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]