មនុស្សស្រីតែងតែមានរោគប្រចាំកាយក្នុងមួយខែម្តងដោយចៀសមិនរួច នោះគឺការមកវដ្តរដូវ។ ការមករដូវគឺជាពេលវេលារំខានបំផុតសម្រាប់មនុស្សស្រីម្នាក់ៗ ដែលពេលខ្លះធ្វើឱ្យចុកពោះ រោយដៃរោយជើង ឈឺឆ្អឹងឆ្អែង ឈឺខ្នង ថែមទាំងធ្វើឱ្យផ្ទៃមុខស្លេកស្លាំង និងកើតមានបញ្ហាមុខមុនផងដែរ។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងណែនាំពិវិធីថែរក្សាសម្រស់ផ្ទៃមុខ និងកាត់បន្ថយការកើតមុខមុនក្នុងអំឡុងពេលមករដូវដើម្បីចែកជូនមិត្តនារីជាការយល់ដឹងដូចជា៖

ផលវិបាកពេលមករដូវ

១. ម៉ាស្សាស្បែកមុខ

ការម៉ាស្សាផ្ទៃមុខ គឺជាវិធីថែរក្សាសម្រស់ដ៏ល្អមួយ ដែលជួយជម្រុញចលនាលំហូរឈាមលើផ្ទៃមុខឱ្យដំណើរការល្អ ធ្វើឱ្យស្បែកស្រស់ថ្លាល្អ និងអាចធ្វើឱ្យផ្ទៃមុខក្មេងជាងវ័យផងដែរ។

បន្ថែមពីនេះការម៉ាស្សាផ្ទៃមុខក្នុងអំឡុងពេលមករដូវ ក៏អាចជួយកាត់បន្ថយបញ្ហាស្ងួតស្បែក និងបញ្ហាមុខមុនផ្សេងផងដែរ។ ដូច្នេះអ្នកអាចយកប្រេងធម្មជាតិដូចជាប្រេងដូង ប្រេងអូលីវ ឬប្រេងផ្តល់សំណើមផ្សេង”ក៏បានយកម៉ាស្សាផ្ទៃមុខថ្នមៗនោះនឹងធ្វើឱ្យផ្ទៃមុខស្រស់ស្អាត និងអស់បារម្ភរឿងបញ្ហាមុខស្លេកស្លាំង ឬកើតមុនជាមិនខាន។

ម៉ាស្សាស្បែកមុខ

២. លាបម៉ាស់បែបធម្មជាតិ

ការថែរក្សាផ្ទៃមុខដោយវិធីធម្មជាតិជាប្រចាំគឺជារឿងល្អហើយ ហើយក្នុងកំឡុងពេលមករដូវរឹតតែជារឿងត្រូវតែធ្វើទៅទៀតដើម្បីជួយឱ្យស្បែកទន់ រលោង ស្រស់ថ្លា បំបាត់បញ្ហាស្លេកស្លាំង និងបង្ការកុំឱ្យកើតមុនជាដើម។

អ្នកអាចធ្វើម៉ាសតាមបែបពីធម្មជាតិងាយៗលាបលើផ្ទៃមុខ ដូចជាពីផ្លែតាសក់ (ចិតជាចំណិតបិទលើមុខ ឬក្រឡុកឱ្យហ្មត់លាបលើមុខ) ជែលប្រទាលកន្ទុយក្រពើ ទឹកផ្កាកុលាប(ធ្វើខ្លួនឯង ឬរកបាននៅផ្សារទំនើប) និងទឹកឃ្មុំ។ ម៉ាស់ងាយៗទាំងអស់នេះ អាចជួយធ្វើឱ្យស្បែកមុខរបស់អ្នក ទន់ ភ្លឺ រលោង ម៉ដ្ឋខៃ និងមិនបារម្ភពីបញ្ហាផ្ទៃមុខផ្សេងៗផងដែរ។

លាបម៉ាស់បែបធម្មជាតិ

៣. ទុកស្បែកមុខឱ្យទទេស្អាត

អ្នកគួរតែថែរក្សាផ្ទៃមុខរបស់អ្នកឱ្យនៅស្អាតល្អ កុំព្យាយាមតុបតែងផ្ទៃមុខហួសហេតុពេក ឬប្រើផលិតផលថែរក្សាផ្ទៃមុខមានជាតិគីមីលើសកំណត់ ព្រោះតែចង់បិទបាំងបញ្ហាផ្ទៃមុខផ្សេងៗដែលកើតឡើងក្នុងពេលមករដូវ។ ការទុកឱ្យផ្ទៃមុខទទេតាមបែបធម្មជាតិ នឹងជួយធ្វើឱ្យផ្ទៃមុខអ្នកមានសុខភាពល្អទៅវិញទេ ក្រោយពេលអស់រដូវ។

ទុកស្បែកមុខឱ្យទទេស្អាត

៤. ផ្តល់សំណើមដល់ស្បែក

ការមករដូវធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹកច្រើន ដូច្នេះអ្នកគួរតែទទួលទានទឹកឱ្យបានច្រើន ដើម្បីសុខភាពរាងកាយ និងស្បែក ព្រោះកង្វះជាតិទឹកនឹងធ្វើឱ្យស្បែករបស់អ្នកមានបញ្ហាស្បែកស្ងួត និងកើតមានបញ្ហាផ្សេងៗ។ ដូច្នេះព្យាយាមទទួលទានទឹកធម្មតាឱ្យបានច្រើន ឬទឹកផ្លែឈើស្រស់ៗក៏បាន ដើម្បីជួយផ្តល់សំណើមឱ្យស្បែក និងចៀសឆ្ងាយពីបញ្ហាស្បែកផ្សេងៗផងដែរ ឬលាបឡេផ្តល់សំណើមដល់ស្បែកបន្ថែមក៏បាន។

ផ្តល់សំណើមដល់ស្បែក

៥. ថ្នាក់ថ្នមស្បែកមុខ

ស្បែករបស់អ្នកងាយនឹងមានបញ្ហាផ្សេងៗណាស់ ដូចជាអាការស្លេកស្លាំង ស្ងួត រមាស់ ឬកើតមុនជាដើមក្នុងអំឡុងពេលមករដូវ។ ដូច្នេះអ្នកគួរតែថែរក្សាស្បែកឱ្យបានល្អដើម្បីចៀសវាងបញ្ហាទាំងអស់នេះ។ ដោយមុនពេលចូលគេង លោកអ្នកអាចប្រើប្រេងបែបធម្មជាតិម៉ាស្សាផ្ទៃមុខថ្នមៗ លាងផ្ទៃមុខ ឬលាងគ្រឿងសម្អាងចេញពីផ្ទៃមុខឱ្យបានស្អាត និងអាចប្រើស្ក្រាប់ដុសលាងស្បែកឱ្យបានច្រើនដងក៏រឹតតែប្រសើរ។

ថ្នាក់ថ្នមស្បែកមុខ

៦. តុបតែងផ្ទៃមុខតិចៗ

ដូចដែលបានរៀបរាប់ខាងលើ ការប្រើប្រាស់គ្រឿងសម្អាងតុបតែងផ្ទៃមុខច្រើនពេកក្នុងអំឡុងពេលមករដូវអាចធ្វើឱ្យស្បែកមុខមានបញ្ហានានាបាន ដូច្នេះបើអាចអ្នកគួរតែថែរក្សាផ្ទៃមុខទទេស្អាតកុំលាបអ្វីផ្តេសផ្តាស តែបើចាំបាច់អ្នកអាចលាបម្សៅស្រាលៗដើម្បីកុំឱ្យមុខស្លេកស្លាំងពេកក៏បានដែរ។

តុបតែងផ្ទៃមុខតិចៗ

៧. ស្ក្រាប់ដុសសម្អាតផ្ទៃមុខ

ការដុសសម្អាតផ្ទៃមុខ ឬស្ក្រាប់ផ្ទៃមុខគឺជាវិធីដើម្បីជម្រុះកោសិកាចាស់ៗចោល ជួយបើរន្ធញើសដើម្បីធ្វើការសម្អាតផ្ទៃមុខពីខាងក្នុងមក ហើយការសម្អាតផ្ទៃមុខបែបនេះក្នុងកំឡុងពេលមករដូវអាចជួយកម្ចាត់បញ្ហាមុខមុនបានផងដែរ។ ដូច្នេះអ្នកអាចធ្វើការសម្អាតផ្ទៃមុខតាមវិធីធម្មជតិងាយៗដោយប្រើ ស្ករស(អាចលាយទឹកឃ្មុំ) ម្សៅអូត(Oatmeal រកបាននៅផ្សារទំនើប លាយទឹកដោះគោ)) ទឹកក្រូចឆ្មារ ឬផលិតផលផ្សេងៗមកលាបលើផ្ទៃមុខបាន។ វិធីបែបនេះមិនត្រឹមតែជួយកែប្រែបញ្ហាស្បែកពេលមករដូវ តែក៏មានប្រយោជន៍ជួយស្បែកទន់ ភ្លឺ ម៉ដ្ឋ និងរលោងស្រស់ស្អាតផងដែរ។

ស្ក្រាប់ដុសសម្អាតផ្ទៃមុខ

យ៉ាងម៉េចដែរ? អាចសាកល្បងបានណា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]