សៀមរាប៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានដាក់សម្ពោធអគារបណ្ណាល័យថ្មីមួយខ្នង ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាបន្ទាយស្រី ក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃសុក្រ ទី ១៥ ខែមីនា ឆ្នាំ២០១៩ ក្នុងការចូលរួមបណ្តុះវប្បធម៌អាននៅកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក Minki Brian Hong សមាជិកក្រុមប្រឹក្សាភិបាលប្រាសាក់ និងនាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគេ្នយ៍នៃមូលនិធិ CVC ឯកឧត្តម ឡោ ឆវណ្ណា ប្រធានគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្ននៃនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោក លី វណ្ណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងលោកស្រី រឿន គីណា អភិបាលរងនៃគណៈអភិបាលស្រុកបន្ទាយស្រី។ 

លោកស្រី រឿន គីណា បានរាយការណ៍ពីភាពរីកចម្រើននៃវិស័យអប់រំនៅក្នុងស្រុកបន្ទាយស្រី និងបានថ្លែងអំណរគុណចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងលោក Minki Brian Hong និងលោក Hiep Van Vo ក្រុមប្រឹក្សាភិបាលរបស់ប្រាសាក់ ដែលបានផ្ដល់មូលនិធិសាងសង់អគារបណ្ណាល័យ នៅក្នុងទឹកដីស្រុកបន្ទាយស្រី ដែលជានេះកាយវិការដ៏ល្អប្រពៃក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំនៅក្នុងស្រុកបន្ទាយស្រីនេះ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យថ្មី

លោក Minki Brian Hong សមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងនាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគេ្នយ៍នៃមូលនិធិ CVC បានថ្លែងថា លោកពិតជាមានសេចក្ដីរីករាយណាស់ ដែលបានចូលរួមកម្មវិធីសម្ពោធអគារបណ្ណាល័យនៅថ្ងៃនេះ។ លោកបានឱ្យដឹងថា ការសិក្សាអប់រំពិតជាមានសារៈសំខាន់ណាស់ក្នុងជម្រុញកំណើនសេដ្ឋកិច្ច និងភាពសម្បូររុងរឿងរបស់ប្រទេសជាតិមួយ តួយ៉ាងដូចជា ប្រទេសកូរ៉េដែលជាទឹកដីកំណើតរបស់លោក ធ្លាប់ជួបប្រទះភាពក្រីក្រ ដីមិនសូវមានជីជាតិ មិនសម្បូរធនធានធម្មជាតិ និងមានអាកាសធាតុត្រជាក់ខ្លាំង បានវិវឌ្ឍខ្លួនមកដល់សព្វថ្ងៃ និងក្លាយជាខ្លាសេដ្ឋកិច្ចនៅទ្វីបអាស៊ី ដែលអាចផលិត រថយន្ត ទូរស័ព្ទ កប៉ាល់ និងឧបករណ៍អេឡិកត្រូនិចទំនើបផ្សេងៗ បានគ្រប់បែបយ៉ាង។ ទាំងនេះ គឺកើតឡើងដោយសារប្រទេសកូរ៉េផ្តោតលើការសិក្សាអប់រំ។

លោក Minki Brian Hong សង្ឃឹមថា សមិទ្ធផលបណ្ណាល័យនេះនឹងក្លាយជាបង្អួចសម្រាប់បើកចិត្ត បើកគំនិតប្អូនៗសិស្សានុសិស្ស ទៅកាន់ពិភពលោកទាំងមូល តាមរយៈការអាន។ លោកបានសង្កត់ធ្ងន់ថា ការអាន គឺគន្លឹះដ៏សំខាន់ក្នុងការឆ្ពោះទៅរកភាពជោគជ័យ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យថ្មី
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យថ្មី

ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានជម្រុញឱ្យសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងសិក្សា ដើម្បីឱ្យមានអនាគតភ្លឺស្វាង ដោយយកបណ្ណាល័យនេះជាមិត្តដ៏ល្អ។ លោកក៏បានបន្ថែមទៀតថា យើងទាំងអស់គ្នាកើតមកគឺមិនចេះអ្វីទេ ប៉ុន្តែមិនត្រូវស្លាប់ទៅវិញដោយមិនចេះអ្វីសោះនោះឡើយ។ ហេតុនេះយើងត្រូវសង្វាតស្រវាស្រទេញ សិក្សារៀនសូត្រឱ្យមានចំណេះដឹង ដើម្បីជួយកសាងសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិដូចជា ចំណេះដឹងទូទៅ ក៏ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនួយជួញប្រែផ្សេងៗ។

ថ្លែងក្នុងឱកាសនេះឯកឧត្ដម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាពិសេសលោក Minki Brian Hong និងលោក Hiep Van Vo ជាក្រុមប្រឹក្សាភិបាល ដែលបានផ្ដល់មូលនិធិកសាងបណ្ណាល័យនេះ ដោយសហការជាមួយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។ 

កិច្ចការដ៏ប្រពៃក្នុងការលើកកម្ពស់វិស័យអប់រំឱ្យកាន់តែរឹងមាំនេះ ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ ដែលកំពុងផ្ដោតសំខាន់ទៅលើការអានសៀវភៅ។ ឯកឧត្ដមបានសំណូមពរឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ជួយថែរក្សានិងប្រើប្រាស់បណ្ណាល័យនេះឱ្យអស់ពីលទ្ធភាព ដោយជម្រុញឱ្យមានការអានឱ្យបានច្រើនផុសផុល ស្រលាញ់ និងថែរក្សាសៀវភៅទាំងអស់ឱ្យបានល្អ។

ក្នុងឱកាសនៃពិធីសម្ពោធនោះដែរ ក៏មានការរៀបចំពិធីប្រកួតអំណានសម្រាប់សិស្សានុសិស្ស ដើម្បីស្វែងរកជ័យលាភីដែលអានបានល្អបំផុត និងការដាំដើមឈើទុកជាអនុស្សាវរីយ៍របស់គណៈអធិបតីនៅក្នុងបរិវេណសាលាបឋមសិក្សាបន្ទាយស្រីផងដែរ។

គិតត្រឹមខែមីនា ឆ្នាំ ២០១៩ នេះ គម្រោងបណ្ណាល័យប្រាសាក់ដាក់ឱ្យប្រើប្រាស់និងកំពុងសាងសង់ចំនួន ៣៤ អគារគ្របដណ្តប់លើភូមិចំនួន ៣៤៦ ភូមិ ដែលមានចំនួនគ្រួសារសរុប ៧០,៥៣៧ គ្រួសារ មានប្រជាជនសរុបចំនួន ៣២៦,៤០០ នៅក្នុង ១១ ខេត្តរួមមាន កំពង់ស្ពឺ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ ខេត្តបាត់ដំបង ស្វាយរៀង និងបន្ទាយមានជ័យ និងមានសិស្សានុសិស្សដែលទទួលផលផ្ទាល់ពីគម្រោងបណ្ណាល័យនេះចំនួន ៧៨,២៦៦ នាក់៕

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យថ្មី
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យថ្មី
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យថ្មី
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យថ្មី
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]