ចិន៖ កុមារាជនជាតិចិនកើតជំងឺមហារីកម្នាក់ ទទួលបានការចាប់អារម្មណ៍ ការស្រលាញ់ និងការអាណិតអាសូរយ៉ាងខ្លាំង បន្ទាប់ពីត្រូវបានគេដឹងថា ក្មេងប្រុសតូចនេះបានព្យាយាមហាត់រៀនធ្វើរឿងខ្លះ និងដើម្បីចង់ជម្នះនឹងជំងឺដ៏កាចសាហាវមួយនេះ ដែលធ្វើឲ្យគ្រប់គ្នារំជួលចិត្តយ៉ាងខ្លាំង។

ក្មេងប្រុស Haihai

កុមារាខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Haihai មានអាយុ ២ឆ្នាំ រស់នៅក្នុងទីក្រុង Hulunbuir តំបន់ស្វយ័ត Inner Mongolia ប្រទេសចិន ដែលបច្ចុប្បន្នរូបគេកំពុងតែកើតជំងឺមហារីកគ្រាប់ឈាម។

ងាកមកក្រោយបន្តិច បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីកំឡុងខែមករា ឆ្នាំ២០១៨ កន្លងទៅ ក្មេងតូចដ៏កំសត់នេះ បានធ្វើរោគវិនិច្ឆ័យដោយរកឃើញថា កើតមានជំងឺមហារីកគ្រាប់ឈាម។ ក្រោយមកគ្រួសារក៏បានសម្រេចយក Haihai ទៅព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង ជាមួយនឹងខ្ទង់ចំណាយរហូតដល់ទៅ ៧០០ ០០០យ័ន (ឬប្រហែល ១០៤ ២៧៥ដុល្លារអាមេរិក) ឯណោះ។ ភាគច្រើនលុយចំណាយទៅលើថ្លៃវិក័យបត្រពេទ្យនោះ គឺគ្រួសាររបស់ Haihai បានខ្ចីបុលពីបងប្អូនសាច់ញាតិ និងពីមិត្តភក្តិ។

វាពិតជាបន្ទុកយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះគ្រួសារក្មេងតូចរូបនេះ ដែលនឹងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ខណៈសូម្បីតែជីដូន (លោកយាយ) របស់គេ ក៏កើតមានជំងឺមហារីកសុដន់ដែរ។

ក្មេងប្រុស Haihai

ប្រភពដដែលបន្តថា ប៉ុន្តែផ្ទុយទៅវិញ ជីដូនរបស់កុមារា Haihai ក៏បានសម្រេចចិត្តបោះបង់ការព្យាបាលរបស់ខ្លួន ដើម្បីទុករាល់ការចំណាយទាំងប៉ុន្មាន ទៅជួយសង្រ្គោះជីវិតចៅប្រុសវិញ ព្រោះថាម្យ៉ាងគ្រួសារពិតជាមិនអាចមានលទ្ធភាពគ្រប់គ្រាន់ឡើយ ស្របពេលដែលបំណុលដែលជំពាក់គេក៏ច្រើន រហូតដល់ថ្នាក់គ្រួសារ Haihai លើកដៃសំពះសុំជំនួយពីសប្បុរសជនផងដែរ។

យ៉ាងណាមិញ សម្រាប់ពេលថ្មីៗនេះវិញ Haihai ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញខ្លាំង នៅលើបណ្តាញសង្គមចិនមួយ បន្ទាប់ពីត្រូវបានគ្រួសាររបស់គេ បានថតវីដេអូសកម្មភាពគេ យកទៅបង្ហោះចែកចាយបង្ហាញពីការព្យាយាមខ្លះៗរបស់ Haihia ដោយមិនចុះចាញ់នឹងជីវិត ក៏ដូចជាជម្នះនឹងជំងឺមហារីកដ៏កាចសាហាវមួយនេះផងដែរ។

នៅក្នុងនោះ Haihai បានព្យាយាមរៀនឯករាជ្យលើខ្លួនឯង ដោយកាន់ចង្កឹះចាប់ញ៉ាំអាហារ បានយ៉ាងស្ទាត់ជំនាញ ដោយមិនឲ្យលំបាកដល់គ្រួសារ(ប៉ាម៉ាក់)គេនៅតាមបញ្ចុកនោះទេ។ ហើយនេះក៏អាចចាត់ទុកបានថា គេអាចមានសមត្ថភាព ខណៈបើប្រៀបធៀបទៅនឹងក្មេងតូចៗដទៃដែលមានអាយុស្របាលនឹងគេ នៅឡើយមិនទាន់អាចធ្វើបាន។ ម្យ៉ាងវិញទៀត Haihai ក៏ត្រូវបានគេដឹងថា ជាក្មេងប្រុសម្នាក់ដ៏រឹងមាំ និងរីករាយផងដែរ។

ជុំវិញនឹងរឿងរ៉ាវរបស់ Haihai នេះដែរ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបញ្ចេញមតិ លើកទឹកចិត្តយ៉ាងខ្លាំងដល់ Haihai និងក្រុមគ្រួសារ និងបានជូនពរគេឲ្យអាចយកឈ្នះលើជំងឺដ៏អាក្រក់នេះផងដែរ។

ក្មេងប្រុស Haihai

គួរឲ្យដឹងផងដែរថា អ្នកដែលកើតជំងឺមហារីក ក៏ត្រូវទាមទារឲ្យមានការលើកទឹកចិត្តខ្ពស់ ពីសំណាក់បងប្អូនសាច់ញាតិ មនុស្សនៅជុំវិញខ្លួន ហើយខ្លួនឯងផ្ទាល់ក៏ត្រូវតែមនុស្សម្នាក់ ដែលមានភាពរឹងប៉ឹងខ្ពស់ មិនត្រូវអស់សង្ឃឹម តស៊ូជម្នះ និងមានគំនិតវិជ្ជមាន ព្រោះថាវាក៏ជាចំណែក ឬអព្ភូតហេតុមួយ ដែលអាចជួយអ្នកជំងឺនឹងបានធូរស្បើយផងដែរ (តែក៏ទាមទារការព្យាបាលខ្ពស់ដែរ) ៕

ទស្សនាវីដេអូខាងក្រោម៖  

ក្មេងប្រុស Haihai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]