ភ្នំពេញ៖ ធនាគារ ស្ថាបនា ភីអិលស៊ី មានសេចក្ដីរីករាយ ដោយសូមធ្វើការប្រកាសអំពីការបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនបន្ថែមទៀត ចំនួន USD ៣០ លាន (សាមសិបលានដុល្លារសហរដ្ឋអាមរិក) បន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩។

ជាមួយនឹងការតាំងចិត្តយ៉ាងមោះមុត និងការបង្ហាញពីចំណាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុន MARUHAN Investment Asia Pte. Ltd. (“MIA”) ដែលជាភាគទុនិករបស់ធនាគារក្នុងការរក្សានូវកម្រិតដើមទុនចុះបញ្ជីឲ្យបានគ្រប់គ្រាន់ និងក្រោយពីការទទួលបានជោគជ័យនូវការបំពេញរាល់នីតិវិធីបន្ថែមដើមទុនចុះបញ្ជីចំនួន USD ៣០លាន (សាមសិបលានដុល្លារសហរដ្ឋអាមេរិក) នេះ ដើមទុនចុះបញ្ជីសរុបរបស់ធនាគារបានកើនឡើងដល់ USD ១៥០ លាន (មួយរយហាសិបលានដុល្លារសហរដ្ឋអាមេរិក) គិតចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ ដែលដើមទុននេះនឹងប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍បន្ថែមនូវអាជីវកម្មរបស់ធនាគារ។

ការពង្រីកដើមទុនចុះបញ្ជីនឹងធ្វើឱ្យធនាគារ ស្ថាបនា អាចបោះជំហានបន្តទៅមុខក្នុងការពង្រឹងអាជីវកម្ម រួមទាំងការពង្រីកទំហំឥណទាន ក៏ដូចជាការធ្វើទំនើបកម្មប្រព័ន្ធធនាគារ ដើម្បីបំពេញតម្រូវការ និងស្របតាមបែបបទជីវិតរស់នៅរបស់អតិថិជន ដែលអតិថិជនទាំងនេះ បាននឹងកំពុងប្រើប្រាស់ប្រកបដោយការជឿទុកចិត្តនូវសេវាកម្មរបស់ធនាគារ ស្ថាបនា តាមរយៈបណ្ដាញដ៏ច្រើន និងរឹងមាំនៅទូទាំងប្រទេស ដោយរួមមានសាខាធនាគារចំនួន ១៧២ ទូអេធីអឹម (ATMs) ចំនួន ១៥០ ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតនៃម៉ាស៊ីនបង្វិលសាច់ប្រាក់ (Cash Recycling ATMs) ក៏ដូចជាធនាគារអេឡិចត្រូនិចតាមរយៈប្រព័ន្ធអ៊ិនធើណេត និងតាមរយៈទូរស័ព្ទដៃ (internet/mobile banking) ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានប្រភេទវីសា (Visa Card) និងសេវាផ្សេងៗទៀត។

ឆ្លើយតបទៅនឹងការដាក់បន្ថែមដើមទុនចុះបញ្ជីថ្មីនេះលោក លឹម អូន ដែលជាប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា មានប្រសាសន៍ថា៖ 

«ឆ្លងកាត់បទពិសោធន៍ធ្វើការក្នុងវិស័យធនាគារជាង ២០ ឆ្នាំកន្លងមក ប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសកម្ពុជា គឺពោរពេញទៅដោយសក្ដានុពល និងបន្តអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។ ខ្ញុំពិតជាមានមោទនភាព ដែលបានក្លាយជាចំណែកមួយរបស់ធនាគារ ស្ថាបនា ដែលជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេ និងដែលអាចផ្ដល់នូវសេវាកម្មពេញបរិបូរណ៍ជូនដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ទាំងនៅតាមទីជនបទ ឬទីក្រុង និងជាពិសេសក៏អាចតភា្ជប់ទៅនឹងពិភពលោកតាមរយៈផលិតផលដ៏ទំនើបនានារបស់ធនាគារ ដែលបានឆ្លុះបញ្ចាំងទៅនឹងពាក្យស្លោករបស់យើង “ស្ថាបនា ធ្វើឱ្យជីវិតលោកអ្នកកាន់តែប្រសើរ” »។
លោក លឹម អូន

បន្ថែមពីនេះលោក លឹម អូន ក៏សូមសម្តែងនូវការដឹងគុណចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការសហការ និងការអនុញ្ញាតចំពោះការបន្ថែមដើមទុនចុះបញ្ជីនេះផងដែរ។ ជាទីបញ្ចប់ ការបន្ថែមដើមទុនចុះបញ្ជីនេះ គឺបានបង្ហាញពីទំនុកចិត្ត និងការតាំងចិត្តចូលរួមរបស់ក្រុមហ៊ុន MARUHAN Investment Asia Pte. Ltd. (“MIA”) ដែលជាភាគទុនិករបស់ធនាគារ ចំពោះការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងទទួលស្គាល់នូវស្ថេរភាពរបស់ប្រទេសកម្ពុជា ក៏ដូចជាសញ្ញាណដ៏ល្អបញ្ជាក់អំពីជំហានលូតលាស់ និងការអភិវឌ្ឍន៍របស់ធនាគារ ស្ថាបនា ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]