រាជធានី​ភ្នំពេញ ៖ ជនអនាថា​ដើរ​តែតោ​ល​ម្នាក់ឯង​ពេញ​ក្រុងភ្នំពេញ ដោយសារ​តែ​ចាញ់បោក​មេខ្យល់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ច្រើន​ខែ ចុះទូក​នេសាទ ពេល​រួចខ្លួន​ត្រលប់​មក​ដល់​ភ្នំពេញ ក្នុង​ខ្លួន​គ្មាន​លុយ​មួយ​រៀល​ក៏​សម្រេចចិត្ត​ដើរ​សុំទាន​គេ និង​ដើរ​សុំ​គេ​ធ្វើការ ពេល​ឃើញ​រូបរាង​គាត់​គ្មាន​អ្នក​ណា​ឱ្យ​លុយ ឬ​ក៏​ការងារ​ធ្វើ​ទេ ។

ដោយសារ​ខ្លួន​គាត់​ស្អុយ​មិន​បាន​ងូតទឹក​ច្រើន​ថ្ងៃ​មក​ហើយ លុះ​ដើរមក​ដល់​ការដ្ឋាន​សំណង់​មួយ​នៅ​ជិត​វត្ត​ស្វាយ​ពពែ ក៏​សុំ​គេ​ធ្វើការ​តែ​ត្រូវ​គេ​បដិសេធ និង​ដេញ​គាត់​ឱ្យ​ចេញ លុះ​យប់​គាត់​ត្រលប់​មក​ម្តងទៀត ដើម្បី​សុំ​ទឹក​ម្ចាស់​ការដ្ឋាន​លាងខ្លួន តែ​មិន​ទាន់​បាន​និយាយ​ផង​ក៏​ត្រូវ​គេ​ចោទ​ថា «​ចោរ​» ចាប់​វាយ​ទ្រោម​ខ្លួន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​លេខ​77 ផ្លូវ​830 ភូមិ​7 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ជនអនាថា​ខាងលើ​ដែល​គេ​ចោទ​គាត់​ថា ជា​ចោរ​នោះ​មានឈ្មោះ សុខ ផាត​ប៊ុ​ន​សា ភេទ​ប្រុស អាយុ​30​ឆ្នាំ មុខរបរ​នឹង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

តាម​សម្តី​រៀបរាប់​របស់​ជនអនាថា ប្រាប់​ឱ្យ​ដឹង​ថា រូបគេ​ទើបតែ​មក​ពី​ស្រុក​ថៃ ដោយ​ធ្វើការ​នេសាទ ហើយ​ត្រលប់​មក​វិញ​គ្មាន​លុយ​មួយ​រៀល​ទេ ហើយ​មិន​បាន​ងូតទឹក​ច្រើន​ថ្ងៃ​ខ្លួន​ធំក្លិន​ឡើង​ស្អុយ ក៏​សម្រេចចិត្ត​ដើរ​សុំទាន​គេ និង​ដើរ​សុំ​គេ​ធ្វើការ រហូត​មក​ដល់​ការដ្ឋាន​សំណង់​កើតហេតុ​ខាងលើ​ក៏​បាន​សុំ​គេ​ចូល​ធ្វើការ​ដែរ តែ​គេ​មិន​ព្រម​ទទួល រួច​ដេញ​គាត់​ចេញ លុះ​យប់​កើតហេតុ​គាត់​មិនដឹង​ទៅ​ណា ក៏​ត្រលប់​មក​វិញ​ម្តងទៀត ដើម្បី​សុំ​ទឹក​គេ​នៅ​ការដ្ឋាន​នោះ​ងូត​សម្អាតខ្លួន តែ​មិន​ទាន់​បាន​សុំ​ផង គ្រាន់តែ​ឈរ​នៅ​មុខ​នោះ​ក៏​ត្រូវ​ក្រុម​អ្នកធ្វើការ​នៅ​ក្នុង​ការដ្ឋាន​ហៅ​គាត់​ឱ្យ​ឈប់ និង​សុំ​ឆែក​ខ្លួន ដោយ​ចោទ​គាត់​ថា ជា​ចោរ និង​បាន​នាំ​គ្នា​ព្រួត​វាយ​គាត់​ម្តង ។

តាម​ប្រភព​ពី​ខាង​កម្មករ​សំណង់​វិញ​ប្រាប់​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​រូប​គាត់​ចោទ​ថា បុរស​ខាងលើ​ជា​ចោរ​នោះ គឺ​ដោយសារ​តែ​ឃើញ​រូបរាង​គួរ​ឱ្យ​សង្ស័យ ហើយ​កន្លង​មក កន្លែង​គាត់​ធ្លាប់​បាត់​របស់របរ​ច្រើន ទើប​សង្ស័យ​បុរស​នោះ​តែ​ម្តង ព្រោះ​ពី​ព្រឹក​គាត់​បាន​ដេញ​ចេញ​ទៅ​ម្តង​ហើយ យប់​ក៏​ត្រឡប់​មក​វិញទៀត ទើប​ពួក​គាត់​គិត​ថា បុរស​នោះ​ជា​ចោរ បាន​ឃាត់ខ្លួន​ហើយ​ជ្រុលដៃ​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ទៅ​។

ក្រោយ​កើតហេតុ បុរស​អនាថា​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេ​បាសាក់ បន្ទាប់​ពី​រក​មិនឃើញ​ពី​ទោស​កំហុស ព្រោះ​បុរស​នោះ​មិន​បាន​ចូល​ទៅ​ក្នុង​ការដ្ឋាន​នោះ​ទេ ហើយ​គ្មាន​អ្នក​ណា​មក​ប្តឹង​ទៀត ទើប​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​អប់រំ បុរស​អនាថា​នោះ​តាម​នីតិវិធី​ឱ្យ​ត្រលប់​វិញ​ទៅ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]