ខេត្ត​កំពង់ចាម​​ ៖​អ្ន​ក​រត់​ម៉ូតូឌុប​ម្នាក់​ឈ្មោះ​សៀក​ ស៊ាងលី​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ស្នាក់​នៅ​​បណ្តោះអាសន្ន​​ក្នុង​ភូមិ​ខ្នង​ក្រពើលិច ឃុំ​ទ្រមូង​ ស្រុក​មេ​មត់​ បាន​ត្រូវ​បុរស​២​នាក់​ល្បួង​ជិះចេញ​ពី​ផ្សារ​មេមត់​ ហើយ​នាំ​ទៅ​ប្លន់​សម្លាប់​ដោយ​ចាក់​លិច​១​ដែក​ឆាប​ចុង​ស្រួច​ចំ​ខ្នង​ផ្នែក​ ខាងឆ្វេង​ទម្លុះចំ​បេះ​ដូង​ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៩​ មីនា​ ២០១២ ស្ថិត​នៅ​ខាង​ជើង​ភូមិ​សំរោង​ ចម្ងាយ​ប្រហែល​១.៥០០ម៉ែ​ត្រ​ ក្នុង​ឃុំ​ដារ​ ស្រុក​មេមត់​​ ដោ​យ​ប្លន់យក​ម៉ូតូ​ឌ្រីមសេ​១២៥​ ស៊េរី​២០១២​ ជិះគេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​។

លោក​ ឌឹម​ ហួរ​ មន្ត្រី​នគរបាល​យុត្តិ​ធម៌​នៃ​អធិការដ្ឋាន​ស្រុកមេមត់​ បានឱ្យដឹងថា អ្នក​ធ្វើ​ចម្ការ​ម្រេច​បាន​ឃើញ​បុរស​៣​នាក់​ជិះម៉ូតូ​១​គ្រឿង​ខាង​លើ​ចូល​ មក​ក្នុង​ចម្ការ​​​ ក្នុង​​​ភូមិសំរោង​ ឃុំដារ​ លុះ​មួយសន្ទុះ​ក្រោយ​មក​ស្រាប់តែ​ឮ​សំឡេង​ស្រែក​ថាជួយផង​ៗ​ ចោរ​ប្លន់​ម៉ូតូ​ខ្ញុំ​ហើយ រួច​ក៏បាត់​មាត់​ទៅ​ និង​​ឃើញ​តែ​បុរស​២​នាក់​ជិះ​ម៉ូតូ​ចេញ​មក​វិញ​ ។ ​ ក្រោយ​ពី​ស្ងប់​ស្ងាត់​មួយស​ន្ទុះ​ អ្នកចម្ការ​នៅ​កន្លែង​កើត​ហេតុ​​​នាំ​គ្នាមក​មើល​ក៏​ឃើញបុរស​ម្នាក់​​ស្លាប់ ​ ​​ក៏​បាន​ទូរស័ព្ទ​មក​ប្តឹង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំដារ​ ដើម្បី​ឱ្យ​ជួយ​អន្ត​រាគមន៍​ស្ទាក់​ក្រុម​ចោរ​ប្លន់​នោះ​ ។

លោក​ ឌឹម​ ហួរ​ ឲ្យ​ដឹង​ទៀត​ថា ពេល​​ទទួល​​​ព័ត៌មាន​នេះ​ភ្លាម​ ក្រោម​បញ្ជាលោក​អធិការ​នគរ​បាល​ស្រុក​មេមត់​ បាន​ឱ្យ​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​​​កម្លាំង​នគរបាល​យុត្តិធម៌​ស្រុក​ តាម​រុក​រក​ក្រុម​ចោរ​២​នាក់​នោះ​ តែ​ដោយសា​រ​ចម្ការ​ម្រេច​ មាន​ទំ​ហំ​ធំ​ហើយ​ផ្លូវ​ខ្វាត់​ខ្វែង​ មិន​ដឹង​ថា ចោរជិះ​ម៉ូតូ​គេច​ចេញ​ទៅ​ទិស​ខាង​ណា​​​ទេ​ សូម្បី​តែកម្លាំង​សមត្ថកិច្ច​ដែល​ដាក់​ត្រៀម​ចាំនៅ​ផ្លូវ​​ជាតិ​លេខ​៧​ ក៏​មិន​ឃើញ​ដែរ។ តាម​ការ​ពិនិត្យ​ចម្ងាយ​ពី​កន្លែង​មាន​ឈាម​ហូរ​មក​ដល់់​ចំណុច​ដួល​ស្លាប់​ គឺ​​ប្រហែល​ជា​១០០​ម៉ែត្រ​ ដូច្នេះ​ពេល​ដែល​ចោរ​ម្នាក់​​​ប្រើ​ដែក​ឆាប​ចុង​ស្រួច​ចាក់​​​ខ្នង​ហើយ​នោះ​ មិនទាន់​ស្លាប់​ទេ​ ​ក៏មាន​ការ​ប្រវាយ​ប្រតប់​​ ហើយថែម​ទាំង​​រត់​ដេញ​តាម​ពី​ក្រោយ​ម៉ូតូ​ស្រែកថា «ជួយ​ផង​ៗ​ ចោរ​ប្លន់​ម៉ូតូ​របស់​ខ្ញុំ​ហើយ» ។

ចំណែក​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ខេត្ត​​​និយាយក្រោយ​ ពី​មាន​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា នៅ​វេលា​ម៉ោង​ប្រហែល​១១ព្រឹ​ក​ថ្ងៃទី​១៩ មីនា បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ពោះ​ម៉ាយរូប​នេះ​ ត្រូវ​​ជន​២​នាក់​ ហៅ​ជិះចេញ​ពី​ម្តុំ​ផ្សារមេមត់​ឆ្ពោះ​ទៅ​ទិស​ខាងលិច​ ​​។ លុះ​ក្រោយ​មក​ក៏ទទួលដំណឹង​ថា​ អ្នក​រត់​ម៉ូតូ​ឌុប​រូបនេះ​ ត្រូវ​ចោរ​ចាក់​សម្លាប់​យក​ម៉ូតូ​ទៅ​បាត់​ ​នៅ​ភូមិសំរោង ឃុំដារ​ ស្រុក​មេមត់​ ។ ចំពោះ​ករណី​នេះ សមត្ថកិច្ច​កំពុង​​តាម​ប្រមាញ់​ក្រុម​ចោរ​ប្លន់​២​នាក់​នោះ​ហើយ​តែមិន​ទាន់​ ដឹង​ថា​ អាច​រក​ឃើញ​ ឬក៏​អត់​​ទេ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]