ភ្នំពេញ៖ ប្រលោមលោក «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» ដែលសរសេរចប់តាំងពីឆ្នាំ២០១៤ ត្រូវបានគាំទ្រខ្លាំងក្នុងចំណោមអ្នកអានប្រលោមលោកខ្មែរ ពេលនេះត្រៀមចេញវគ្គពីរ ដែលជាការពន្លយរបស់អ្នកនិពន្ធ នៅថ្ងៃសម្ពោធរឿងភាគ ភី អិន អិន។

កាលពីសប្តាហ៍មុនទូរទស្សន៍ ភី អិន អិន បានដាក់សម្ពោធរឿងភាគខ្មែរ «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» ដើម្បីបង្អួតឈុតឆាកបច្ចេកទេសភ្លើង និងកាម៉េរ៉ា Movement ដ៏ទំនើបរបស់ខ្លួន ថែមទាំងទុករឿងភាគនេះថា ជាភាពយន្តធំប្រចាំឆ្នាំរបស់ខ្លួនទៀត។

ថ្លែងនៅក្រោយការចប់ពិធីអ្នកនិពន្ធ ម៉ីសន សុធារី បានពន្លយឱ្យដឹងថា រឿងនេះនឹងមានបន្ថែមវគ្គពីរ ដោយទាញយកតួអង្គ ប៉ែន ពេជ្រអមរា មកជាតួអង្គឯក។

អ្នកស្រីបញ្ជាក់ថា ដោយមានការគាំទ្រខ្ពស់អ្នកនិពន្ធនឹងបន្តឈុតឆាកបន្ថែមនូវខ្សែរឿងទីពីរនេះ ដោយឱ្យកូនស្រីរបស់ផ្ទះ ប៉ែនពេជ្រ ដែលមិនសូវមានសកម្មភាពក្នុងរឿងទីមួយ ក្លាយជាតួអង្គធំដើមចមនៃបញ្ហាក្នុងរឿងទីពីរ។

អ្នកនិពន្ធ ម៉ីសន សុធារី

ប៉ែន ពេជ្រអមរា បច្ចុប្បន្ននេះសម្តែងដោយកញ្ញា ឈិន សៀវម៉ី ដែលជាតារាថ្មីមានរូបសម្ផស្សផូរផង់ និងទេពកោសល្យសម្តែងខ្លាំង។ អ្នកនិពន្ធមិនបានបញ្ជាក់អំពីកាលបរិច្ឆេទផលិតរឿងភាគពីរនេះនៅឡើយ តែលោកស្រីអះអាងថា៖

«ក្នុងនាមជាអ្នកនិពន្ធ ខ្ញុំមិនដែលរើសបុស្តិ៍ទូរទស្សន៍ ឬមួយគិតថាត្រូវតែយ៉ាងនេះយ៉ាងនោះ សំខាន់ខ្ញុំចង់ធ្វើការជាមួយផលិតកម្ម ដែលមានសមត្ថភាពខ្ពស់តួយ៉ាងដូច Lafilm នេះ គេមានអ្នកបច្ចេកទេសច្រើន ហើយធ្វើការចុះសម្រុងនឹងគ្នាល្អ»។

ទាក់ទងនឹងតួឯកស្រី អ្នកនិពន្ធពន្យល់ថា ប៉ែន ពេជ្រអមរា ជាមនុស្សស្រីវ័យក្មេងដឹងក្តីក្នុងគ្រួសារអភិជននាងមានចរិយាស្លូតបូត ហើយមានបញ្ហាផ្លូវចិត្តច្រើនដោយសារវិបត្តិឪពុកម្តាយ។ នៅក្នុងវគ្គពីរនាងនឹងត្រូវប្រឈមជាមួយបញ្ហាកាន់តែស្មុគស្មាញ ដែលមានតែខ្លួននាងទើបអាចដោះស្រាយចេញ។

«ខ្ញុំមិនដឹងថាតើ ឈិន ស៊ាវម៉ី នឹងទទួលគ្រងតំណែងតួឯកមួយនេះទៀត ឬយ៉ាងណា ព្រោះគ្រប់យ៉ាងគេមានការតេស្តម៉ត់ចត់ ហើយក៏មិនមែនខ្ញុំសម្រេចតែម្នាក់ឯងនោះដែរ»។

កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយនៃស្ថានីយ៍ទូរទស្សន៍ ភី អិន អិន ថ្លែងទៅកាន់បណ្តាអ្នកសារព័ត៌មាន ដែលមកគាំទ្រថ្ងៃសម្ពោធរឿងថា៖

«នេះជារឿងភាគដំបូង ដែលចំណាយពេលផលិតជាងមួយឆ្នាំ ហើយនឹងដាក់បញ្ចាំងចាប់ពីថ្ងៃទី ១៩ ខែមីនានេះតទៅ ចាប់ពីម៉ោង ១៩ និង ៥០ នាទី រវាងពីថ្ងៃ ចន្ទ ដល់ ថ្ងៃសុក្រ។ រឿងនេះឆ្លុះបញ្ចាំងអំពីមនោសញ្ចេតនាមិត្តភាពយូរអង្វែង ការភាន់ច្រលំដោយអស្មិមានះ និងតម្លៃនៃគុណធម៌ ឈរពីលើផលប្រយោជន៍»។

កាលពីពេលចាក់បញ្ចាំងវីដេអូ ២០ នាទីសម្រាប់បើកសម្ពោធ អ្នកសារព័ត៌មានគ្រប់គ្នាដែលចូលរួមសុទ្ធសឹងបានស្លុងអារម្មណ៍ទៅនឹងគុណភាពថ្មីរបស់រឿងភាគមួយនេះ។ សូមបញ្ជាក់ដែរថា រឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់» នឹងចាក់ផ្សាយនៅយប់ថ្ងៃទី១៩ ខែមីនា វេលាម៉ោង ៧:៥០ នាទីយប់ រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ពុធ នៅលើកកញ្ចក់ទូរទស្សន៍ ភី អិន អិន៕  

រឿងភាគខ្មែរ «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]