សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៩

Groupin ដែលជាក្រុមហ៊ុនអ៊ីនធឺណិតទើបនឹងចាប់ផ្តើមដែលមានស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា បានទទួលការវិនិយោគក្នុងទឹកប្រាក់ទំហំ ៥ លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងដំណាក់កាលទី១ ពីក្រុមហ៊ុនមូលធនដែលផ្តោតលើតំបន់តាមដងទន្លេមេគង្គ Belt Road Capital Management (BRCM)។ គួររម្លឹកផងដែរថា នេះជាការប្រមូលទុនបន្ថែមដែលធំជាងគេបំផុតក្នុងប្រវត្តិសាស្រ្តក្រុមហ៊ុនបចេ្ចកវិទ្យាថ្មីដែលទើបនឹងចាប់ផ្តើម (startup) របស់កម្ពុជា។

Groupin ត្រូវបានសហបង្កើតរួមគ្នាដោយបងប្អូនប្រុសស្រី ៤នាក់ រួមមានលោក អ៊ិន វិចិត្រ, លោក អ៊ិន វិជ្ជា, លោក អ៊ិន វិសាល និងអ្នកស្រី អ៊ិន ម៉ាយ៉ាន។  Groupin ជាក្រុមហ៊ុនមេរបស់ Little Fashion ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) នៅក្នុងប្រទេសកម្ពុជា និង Mediaload ជាក្រុមហ៊ុនឈានមុខគេក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល (Digital Media) ដែលមានប្រតិបត្តិការក្នុងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។

ស្នាក់ការកណ្តាលរបស់ Little Fashion

Little Fashion ដែលជាក្រុមហ៊ុនដាក់ដំណើរការដំបូងនៅចុងឆ្នាំ ២០១០ ក្រោមរូបភាពជាអាជីវកម្មលក់រាយក្រៅផ្លូវការក្នុងបណ្តាញសង្គម Facebook តាមរយ:វេទិកាអនឡាញ L192 បានពង្រីកខ្លួនក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចឈានមុខគេ និងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើការផ្តល់បទពិសោធន៍ដល់អតិថិជនក្នុងការទិញទំនិញតាមវិធីសាស្រ្តជាច្រើនផ្សេងៗគ្នា។ ក្រុមហ៊ុន ប្រកបអាជីវកម្មលក់សំលៀកបំពាក់ទាន់សម័យពេញនិយម គ្រឿងអលង្ការ និងផលិតផលលម្អខ្លួនជាច្រើនទៀតតាមរយៈវេទិការអនឡាញ, ទំព័របណ្តាញសង្គមផ្សេងៗ និងហាងលក់សំលៀកបំពាក់របស់ខ្លួន។ ទំព័របណ្តាញសង្គមចម្បង Facebook របស់ Little Fashion មានអ្នកតាមដានរហូតដល់ ១.៦ លាននាក់។

ក្រុមហ៊ុន Mediaload ដែលនៅប្រទេសកម្ពុជាត្រូវបានស្គាល់ជា Khmerload និងនៅប្រទេសមីយ៉ាន់ម៉ាត្រូវបានស្គាល់ថាជា Myanmarload បានយកចិត្តទុកដាក់ក្នុងការបង្កើតមាទិកាប្រកបដោយវិជ្ជាជីវៈ និងព័ត៌មានក្នុងស្រុកទាន់ហេតុការណ៍ជាមួយនឹងប្រធានបទប្លែកៗដូចជាសិល្បៈកម្សាន្ត និងកីឡា។ ក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានមួយនេះអះអាងថា ខ្លួនសម្រេចបានអ្នកប្រើប្រាស់រហូតដល់ ៨ លាននាក់ក្នុងមួយខែ និងមានអ្នកតាមដានតាមបណ្តាញសង្គមចំនួន ២០ លាននាក់ ជាមួយនឹងការមើលមាទិកាចំនួន ៦០០ លានដងក្នុងមួយខែ។ គួរបញ្ជាក់ឲ្យដឹងថានៅក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន Mediaload បានទទួលការផ្តល់មូលនិធិពូជក្នុងទំហំទឹកប្រាក់ ២០០,០០០ ដុល្លារសហរដ្ឋអាមេរិកពីដើមទុនពូជសកល 500 Startups។

លោក Alex Oudom ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុន BRCM បានឲ្យដឹងថា៖

“ក្រុមហ៊ុន Little Fashion ដែលប្រកបអាជីវកម្មលក់សម្លៀកបំពាក់អនឡាញដែលមានតម្លៃសមរម្យជាចម្បង អាចឆក់ឱកាសពីការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិត, ការកើនឡើងនៃអតិថិជនសកម្មអនឡាញ និងការរីកលូតលាស់នៃចំនួនប្រជាជនដែលមានជីវភាពធូរធារ។ ពួកយើងមើលឃើញពីសក្តានុពលនៅក្នុងទីផ្សារនេះ។ ការរួមបញ្ចូល Mediaload ជាមួយនឹងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច បានផ្តល់ឲ្យមានការសហការគ្នាយ៉ាងសំខាន់ និងលទ្ធភាពដែលអាចទទួលបានអតិថិជនរាប់លាននាក់ទាំងក្នុងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។ ពួកយើងមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ក្នុងការធ្វើការជាមួយលោកវិចិត្រ និងក្រុមការងាររបស់គាត់ដើម្បីជួយក្រុមហ៊ុនឲ្យរីកចម្រើន។”
សហស្ថាបនិកទាំង៤ (ឆ្វេង) និងវិនិយោគិនទាំង៣ (ស្តាំ)

លោកអ៊ិន វិចិត្រ នាយកប្រតិបត្តិការរបស់ Groupin បានឲ្យដឹងថា៖

“ទោះបីជា Startup របស់យើងមានផលចំណេញក៏ពិតមែន យើងត្រូវការមូលនិធិនេះដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរក្រុមហ៊ុនរបស់យើងឲ្យទៅជាក្រុមហ៊ុនអ៊ីនធឺណិតដែលឈានមុខគេមួយក្នុងតំបន់។ ពួកយើងនឹងធ្វើការបណ្តាក់ទុនលើបច្ចេកវិទ្យាចល័ត ខ្សែសង្វាក់ដឹកជញ្ជូន ការពង្រីកផលិតផលបន្ថែម (Product vertical expansion) និងការទទួលអតិថិជនដើម្បីបង្វែរ L192 ទៅជាវេទិកាទីផ្សារដែលផ្តល់សេវាកម្មដល់អតិថិជនល្អជាងគេនៅក្នុងតំបន់។ ពួកយើងជឿថា គំរូអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថលរបស់យើង ត្រូវការវិវឌ្ឍទៅជាកម្មវិធីប្រមូលផ្តុំមាតិកាមួយ។ ជាមួយនឹងប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន និងការយល់ដឹងពីស្ថានការក្នុងតំបន់ Mediaload មានសក្តានុពលដ៏ធំដើម្បីក្លាយជាកម្មវិធីមាតិកាដ៏ទំនើប។ យើងនឹងដាក់ទាំងចិត្ត ក៏ដូចជាធនធានរបស់យើងក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យនេះ។ ពួកយើងសប្បាយចិត្តណាស់ ដែលបានទទួលការវិនិយោគពីក្រុមហ៊ុន BRCM ដែលជឿជាក់ទៅលើចក្ខុវិស័យពួកយើង និងចង់ចូលរួមចំណែកជួយដំណើរការពាណិជ្ជកម្មពួកយើង។”
ក្រុមការងារទទួលអតិថិជន
អតិថិជននៅក្នុងហាង Little Fashion
អតិថិជននៅក្នុងហាង Little Fashion

របាយការណ៍ឆ្នាំ ២០១៨ របស់ Google-Tamasek បានធ្វើការប៉ាន់ស្មានថានៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចមានទំហំប្រមាណ ៣០ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៨ ជាមួយនឹងការព្យាករកំណើនប្រមាណ ១០២ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ ២០២២ ស្របពេលដែលបណ្តាញផ្សព្វផ្សាយអនឡាញមានទំហំប្រមាណ ១១ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៨ ជាមួយនឹងការព្យាករកំណើនប្រមាណ ៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ ២០២២។ យោងតាមរបាយការណ៍ Mckinsey នៅឆ្នាំ ២០១៧ ទីផ្សារសម្លៀកបំពាក់អនឡាញនៅទ្វីបអាស៊ី ត្រូវបានព្យាករថា នឹងកើនដល់ ១.៤ ទ្រីលាន នៅត្រឹមឆ្នាំ ២០២០។ បច្ចុប្បន្ននេះ ទ្វីបអាស៊ីមានចំនួនពីរភាគបីនៃពាណិជ្ជកម្មអេឡិចត្រូនិចក្នុងពិភពលោកដែលមានសរុបចំនួន ៤៥។

អំពី BRCM

Belt Road Capital Management គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដែលផ្តោតលើមហាអនុតំបន់ទន្លេមេគង្គ។ ពួកយើងសហការជាដៃគូជាមួយនឹងសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដើម្បីគាំទ្រ និងជួយក្រុមហ៊ុនទាំងនោះឲ្យឈានទៅដល់គោលដៅជោគជ័យ និងសម្រួលដល់ការរីកចម្រើនប្រកបដោយនិរន្តរភាព និងពង្រីកខ្លួនចូលទៅក្នុងទីផ្សារថ្មីៗផងដែរ។

ជាមួយការិយាល័យតំបន់ចម្បងរបស់យើងនៅក្នុងរាជធានីភ្នំពេញ ក្រុមការងារគ្រប់គ្រងឯករាជ្យរបស់យើង មានបទពិសោធន៍សំខាន់ៗក្នុងនាមជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម ក្នុងការផ្តល់យោបល់លើប្រតិបត្តិការរួមបញ្ចូល និងការទិញយកក្រុមហ៊ុន និងក្នុងការណែនាំវិនិយោគិនក្នុងតំបន់។ ពួកយើង ជាវិនិយោគិនសកម្មដែលផ្តល់ការគាំទ្រជាយុទ្ធសាស្រ្តដល់ក្រុមហ៊ុនផលប័ត្ររបស់យើង និងប្រើប្រាស់ធនធានសកល និងទេពកោសល្យដើម្បីអភិវឌ្ឍ និងអនុវត្តផែនការរីកចម្រើន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ: http://www.beltroadcap.com/

អំពី Little Fashion និង Mediaload

Little Fashion បានដំណើរការចាប់តាំងពីឆ្នាំ ២០១០ ដោយចាប់ផ្តើមជាពាណិជ្ជកម្មអេឡិចត្រូនិចបញ្ជារឲ្យដាក់លក់ដំបូងគេ ហើយក្រោយមកបានក្លាយជាអ្នកចែកចាយសម្លៀកបំពាក់ពីប្រទេសចិន និងថៃ មកកាន់ប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ Little Fashion គឺជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើការផ្តល់បទពិសោធន៏ដល់អតិថិជនក្នុងការទិញទំនិញតាមវិធីសាស្រ្តជាច្រើនផ្សេងៗគ្នា។ ចក្ខុវិស័យរបស់ Little Fashion គឺធ្វើខ្លួនឲ្យក្លាយជាអ្នកលេចធ្លោលេខមួយនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច បណ្តាញលក់អនឡាញ និងភស្តុភារនៅក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។

Mediaload បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១១ និងប្រទេសមីយ៉ាន់ម៉ានៅក្នុងឆ្នាំ ២០១៦។ Mediaload អាចប្រៀបបានទៅនឹង Buzzfeed ដែលមានស្នាក់ការនៅសហរដ្ឋអាមេរិក ជាមួយការអភិវឌ្ឍន៍មាតិកាស្រដៀងគ្នា និងគោលដៅទស្សនិកជនអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៣២ ឆ្នាំ។ Mediaload ប្រតិបត្តិការក្នុង Khmerload និង Myanmarload ដែលមានប្រតិបត្តិការទៅតាមភាសាជាតិ មាតិកា និងព័ត៌មានរបស់ប្រទេសនីមួយៗ។ មាតិការបស់ Mediaload ផ្តោតសំខាន់លើប្រធានបទស្រាលៗដូចជា ម៉ូតសំលៀកបំពាក់ កីឡា និងព័ត៌មានកម្សាន្ត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ: https://www.l192.com/

សម្រាប់ការសាកសួរព័ត៌មានទាក់ទងនឹងការផ្សព្វផ្សាយ សូមទាក់ទងទៅកាន់៖

កញ្ញា ហង្ស សុគន្ធា អ្នកគ្រប់គ្រងការស្រាវជ្រាវរបស់ក្រុមហ៊ុន BRCM [email protected]

លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិការរបស់ក្រុមហ៊ុន Little Fashion និង Mediaload [email protected]  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]