រាជធានីភ្នំពេញ ៖ ថៅកែរោងចក្រជនជាតិចិនម្នាក់បានយកឆ្កែប៊ែកហ្ស៊េធំ១ក្បាលទៅចិញ្ចឹមនៅក្នុងរោងចក្រកាត់ដេរ ហើយឆ្កែនោះគ្មានស្គាល់នរណាក្រៅតែពីម្ចាស់របស់វាឡើយ ក្រោយមកមានបុរសជនជាតិចិនម្នាក់ទៀតដែលជាមិត្តភក្ដិរបស់ថៅកែរោងចក្របានទៅលេង ហើយដើរទៅជិតស្រាប់តែត្រូវឆ្កែនោះខាំបណ្ដាលឲ្យរងរបួសជាច្រើនកន្លែង។
ចំណែកក្រុមសន្តិសុខយាមរោងចក្រ ពេលឃើញបែបនេះមិនហ៊ានចូលទៅជួយឡើយ បានត្រឹមតែស្រែកំញើញឆ្កែពីចម្ងាយប៉ុណ្ណោះ ព្រោះឆ្កែនោះកាចខ្លាំងណាស់ ខ្លាចវាខាំមានគ្រោះថ្នាក់ដល់ខ្លួន ពេលនោះស្រាប់តែថៅកែរោងចក្រខឹងយ៉ាងខ្លាំងនិងបានចោទថា ឃើញឆ្កែខាំមិត្តភក្តិរបស់គាត់ហើយមិនព្រមជួយ រួចក៏ស្ទុះទៅដាល់ និងទាត់ធាក់សន្តិសុខទាំង៣នាក់តែម្ដង។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ នៅក្នុងអគាC រោងចក្រកាត់ដេរសម្លៀកបំពាក់ «អេក្រូ ហ្គាមុិន អាយ អិន ឌី ខប» ដែលមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះនួន ដេត ភេទប្រុស អាយុ៤០ឆ្នាំ មានមុខងារជាសន្តិសុខមេតំបន់ ស្នាក់នៅក្នុងភូមិទួលពង្រ ២-ឈ្មោះទូច រុំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅក្នុងរោងចក្រកើតហេតុ និង៣-ឈ្មោះហៀង រុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់ផ្ទះជួលជិតផ្សារកាណាសុីធី ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ សន្តិសុខទាំង៣នាក់បានប្រាប់ថា ពួកគាត់នាំគ្នាទៅដាក់ពាក្យប្ដឹងនៅនគរបាលប៉ុស្តិ៍ចោមចៅ១ដើម្បីឲ្យជួយអន្តរាគមន៍កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
ចំណែកថៅកែរោងចក្រជាជនជាតិចិនឈ្មោះ wang guo long ភេទប្រុស ។
ក្រុមសន្តិសុខរងគ្រោះខាងលើបានឱ្យដឹងថា ថៅកែរោងចក្រខាងលើបានយកឆ្កែប៊ែកហ្ស៊េធំមួយក្បាលទៅចិញ្ចឹមនៅក្នុងរោងចក្រ ហើយឆ្កែនោះកាចណាស់គួរឲ្យខ្លាច ព្រោះវារកតែខាំគេគ្រប់គ្នាទេ ឲ្យតែហ៊ានដើរទៅជិតវា ។
ដោយឡែកនៅមុនពេលកើតហេតុ មានបុរសជាជនជាតិចិនម្នាក់ដែលត្រូវជាមិត្តភក្ដិបានទៅលេងថៅកែរោងចក្រ លុះពេលបុរសជាមិត្តភក្តិនោះបានដើរទៅជិត ក៏ត្រូវឆ្កែកាចនោះខាំ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។
ប្រភពដដែលបានបន្តថា ពេលនោះពួកគាត់ដែលជាសន្តិសុខមិនហ៊ានចូលទៅជួយនោះទេ ព្រោះខ្លាចឆ្កែខាំ ម្នាក់ៗបានត្រឹមតែជួយដេញពីចម្ងាយប៉ុណ្ណោះ ក្រោយមកថៅកែរោងចក្របានទៅដល់ខឹងដាច់ក្បាលដាច់កន្ទុយ ចោទថា ពួកគាត់ឃើញឆ្កែខាំមិត្តក្តិរបស់ខ្លួនហើយមិនព្រមជួយ។
បន្ទាប់មកថៅកែរោងចក្របានស្ទុះមកដាល់ និងទាត់ធាក់ពួកគាត់ឥតប្រណីទាំងមិនសមហេតុផលឡើយ ដោយសារតែបែបនេះទើបពួកគាត់កើតទុក្ខមិនសុខចិត្តក៏នាំគ្នាមកដាក់ពាក្យប្ដឹងរកយុត្តិធម៌តែម្ដង៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]