រាជធានី​ភ្នំពេញ ៖ ចោរ​ជំនាញ​មួយ​ក្រុម​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុង​ទីតាំង​រោងចក្រ​ផលិត​ចំណី​សត្វ​មួយ​កន្លែង​ធ្វើ​សកម្មភាព​គាស់​ទូដែក​១​គ្រឿង​លួច​យក​លុយ​បាន​សម្រេច ហើយ​ក៏​បំផ្លាញ​ភស្តុ​តាង​ចោល​ថែម​ទៀត​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​រោងចក្រ​ផលិត​ចំណី​សត្វ​យីហោ «​ភី​ដា​ប់បែល​យូ​-​អ មេ​នូ​ហ្វេ​ក​ឈ័​រ​រីង ខម​ភេ​នី​» ស្ថិត​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ហើយហេតុការណ៍​ខាងលើ​នេះ​មិនដឹង​ថា កើតឡើង​តាំងពី​ពេល​ណា​ឡើយ ព្រោះ​រោងចក្រ​បាន​បិទទ្វារ​ឈប់​សម្រាក​ថ្ងៃអាទិត្យ​១​ថ្ងៃ រហូត​ដល់​ម៉ោង​៧​ព្រឹក ថ្ងៃ​ច័ន្ទ ទី​១៨ ខែមីនា ឆ្នាំ​២០១៩ ក្រោយ​រោងចក្រ​ដំណើរការ​ឡើង​វិញ​ទើប​ដឹង​ថា មានរឿង​បែប​នេះ និង​មានការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ទូដែក​នេះ​ត្រូវ​ខាង​តំណាង​រោងចក្រ​ខាងលើ​ទុក​នៅ​ក្នុង​បន្ទប់​ជាន់​ទី​១ អគារ​រោងចក្រ ហើយ​ក្រុម​ចោរ​អត់​ដឹង​ថា មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​ពួក​គេ​បាន​ផ្លោះ​របង​ផ្នែក​ខាងក្រោយ​ពី​ចំហៀង​ខាងលិច​រោងចក្រ​។ ពេល​ចូល​ទៅ​ដល់​ក្នុង​ទីធ្លា​រោងចក្រ​រួច ទើប​ឡើង​តាម​ជណ្ដើរ​ដែក​ទៅ​ជាន់​ទី​១ ចូល​ទៅ​គាស់​ទម្លុះទម្លាយ​ទូដែក​នោះ ដែល​ចោរ​ទាំងនោះ​ហាក់​ដឹង​ច្បាស់​បំផុត​ពី​កន្លែង​ទុក​ទូដែក​។

ប្រភព​ដដែល​បន្ត​ថា សកម្មភាព​នោះ​ប្រហែលជា​មិនមែន​ប្រើ​ពេល​ឆាប់​ឡើយ អាច​ប្រើ​ពេលវេលា​យូរ​ថែម​ទៀត​ផង លុះ​ក្រោយ​ពេល​លួច​បាន​សម្រេច មុន​នឹង​ចាកចេញ​ទៅ​ក្រុម​ចោរ​ខាងលើ​បាន​បំផ្លាញ​ភស្តុ​តាង​ចោល ដោយ​លួច​ដោះ​យក​ហាត​ឌី​ស កាមេរ៉ា​សុវត្ថិភាព​ទៅ​បាត់​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ការ​លួច​យក​ហាត​ឌី​ស​កាមេរ៉ា​សុវត្ថិភាព​នោះ គឺ​ដើម្បី​កុំ​ឲ្យ​ម្ចាស់​រោងចក្រ និង​សមត្ថកិច្ច​អាច​មើលឃើញ​សកម្មភាព​ពួក​គេ​នៅ​ក្នុង​កាមេរ៉ា​នោះ​បាន ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​ថែម​ទៀត​នោះ គឺ​ក្រុម​ចោរ​ប្រាកដជា​មានការ​ខកចិត្ត​មិន​តិច​ឡើយ ព្រោះ​ពួក​គេ​នឹក​ស្មានថា ក្នុង​ទូដែក​ខាងលើ​មាន​លុយ​ច្រើន​រាប់​ម៉ឺន​ដុល្លារ​ទើប​ខំ​នាំ​គ្នា​ប្រថុយ​ចូល​ទៅ​គាស់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មិន​មាន​លុយ​ច្រើន​ឡើយ គឺ​ត្រឹមតែ​១​ពាន់​ដុល្លារ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​កាន់​ទីតាំង​នោះ​ដើម្បី​ធ្វើ​កោសល្យវិច័យ​តាម​ជំនាញ ម្យ៉ាងទៀត​ទោះបីជា​គ្មាន​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​ជំនាញ​របស់​នគរបាល​សង្ឃឹមថា នឹង​អាច​វែកមុខ​ជនសង្ស័យ​ឃើញ ដើម្បី​ចាប់ខ្លួន​យក​មក​ចាត់ការ​តាម​ច្បាប់​មិន​ខាន​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]