ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ដែល​ល្បីល្បាញ​ថា មាន​ជាប់សាច់​សារ​លោហិត ​ជាមួយ​មន្ត្រី​ៗ​មាន​អំណាច​ធំ​ប៉ុន​មេឃ​ផង ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​អនុវត្ត​ដីកានាំ​ខ្លួន​យក​ទៅ​ប្រគល់​ឱ្យ​ស្ថាប័ន​អយ្យការ​ចាត់ការ​នីតិវិធី កាលពី​​រសៀល​ថ្ងៃ​ទី​១៧​ មីនា ដែល​ជាប់ចោទ​ពី​បទ​«​ឆបោក​»ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ​តាមរយៈ​ការ​ធានា​ និងជ្រើស​​រើស​មនុស្ស​រាប់​សិប​នាក់ ឱ្យ​​ចូលក្នុង​ក្របខណ្ឌ​​នគរបាល​ជាតិ តែ​តាម​ពិត ​គឺជា​ការ​បោក​ប្រាស់ប្រមូល​លុយ​គេ​​ទៅ​លេងល្បែង​កាស៊ីណូ​ហ្មត់ ​។

មន្ត្រី​ផ្នែក​អនុវត្ត​ដីកា នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​ឲ្យ​ដឹង​ថា ជន​ឆបោក​នោះ​ឈ្មោះ​ស៊ិ​ន សោម អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ​។ ជន​នេះ ​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​អនុវត្ត​ដីកានៃ​ស្នងការ​ខេត្ត ចុះ​ទៅ​នាំ​ខ្លួន​តាម​ដីកា​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១៥​ មីនា ​២០១៩ ខណៈ​ដែល​ជន​នេះ ​បាន​ព្យាយាម​រត់គេច​ទៅ​សំងំ​​លាក់ខ្លួន​នៅឯ​ភូមិ​គគី ឃុំ​កោះ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ក្រោយ​ពី​បាន​ប្រព្រឹត្ត​នូវ​អំពើ​«​ឆបោក​»​យក​លុយរាប់​សិប​ម៉ឺន​ដុល្លារ ពី​ជន​រង​គ្រោះ​រាប់​សិប​នាក់​។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួនលេខ​១៦ អក របស់​លោក​ឈឺ​ន សុ​ផុ​ន ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តបាត់ដំបង ចុះ​ថ្ងៃ​ទី​០១​ មីនា ២០១៩ ជនសង្ស័យ​ឈ្មោះ​ស៊ិ​ន សោម នេះ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«​ឆបោក​» ដែល​ប្រព្រឹត្ត​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ នៅ​ភូមិ-ឃុំ​របស់​ខ្លួន តាមរយៈ​ការ​ធានា​ និង​ដើរ​ជ្រើស​រើស​មនុស្ស​រាប់​សិប​នាក់​ ឱ្យចូល​ក្របខណ្ឌ​នគរបាល​ជាតិ​ ។

បើ​តាម​ប្រភព​​​ដែល​កោះសន្តិភាព​ទ​ទូល​បាន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មីនា នោះ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា ឈ្មោះ​ស៊ិ​ន សោម នេះ ​អាងខ្នង​ ឬ​សាច់ញាតិ​ជា​មន្ត្រី​មាន​អំណាច​ធំ​ប៉ុន​មេឃ​ផង ដែល​កន្លង​មក​ គ្មាន​មន្ត្រី​ណា​ហ៊ាន​ក្អក​ជាមួយ​ទេ ព្រោះ​ខ្លាច​ជ្រុះ​បុណ្យស័ក្ដិ​ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​នេះ ​គឺជា​មេខ្លោង​ក្នុង​ការ​ផ្ដើម​គំនិត​ឱ្យ​មន្ត្រី​នគរបាល​ ដែល​មាន​ក្របខណ្ឌ​ស្រាប់ ក្នុង​នោះ​ មាន​ទាំង​មន្ត្រី​នគរបាល​អន្តោ​ប្រ​វែ​ស​ន៍​ច្រក​ទ្វារ​​អន្តរជាតិ​«​ដូង​» និង​មន្ត្រី​នគរបាល​ក្នុង​អធិការ​ស្រុក​កំ​រៀងមួយ​ចំនួន​ផង ​ធ្វើ​ជា​ឈ្មួញកណ្ដាលដើរ​បំផុស​ជ្រើស​​រើស​មនុស្ស​ចូល​ក្របខណ្ឌ​នគរបាល​ជាតិ ​។

អ្នក​ទម្លាយ​ព័ត៌​មាន​​នេះបាន​ប្រាប់​ថា ការ​ជ្រេីស​រើស​មនុស្សឱ្យ​ចូល​ធ្វើ​ជា​មន្ត្រី​នគរបាល​ជាតិ​នេះ ពួក​ក្រុម​ឆបោក​តម្រូវ​ឲ្យ​បង់ប្រាក់​ក្នុង​ម្នាក់​១​ម៉ឺន​ដុល្លារ ឬលើស​ពី​នេះ ដោយ​ក្រុម​ឆបោក​នេះ ធានា​យ៉ាង​មុត​មាំ​ថា នឹង​បាន​ជាប់​ជា​មន្ត្រី​ក្របខណ្ឌ​នគរបាល​ជាតិ​ដោយ​ស្វ័យប្រវត្តិ​១០០% ។ ប៉ុន្តែ​ទីបំផុត ​ក្រោយ​ពី​ប្រមូល​បាន​ប្រាក់​យ៉ាងតិច​ជិត​កន្លះ​លាន​ដុល្លារ ជន​នេះ​បាន​ស្ពាយ​រត់គេច​ខ្លួន​បាត់​ស្រ​មោល​ស្ងាត់ឈឹង នៅ​សល់​តែ​ក្រុម​ឈ្មួញកណ្ដាល​ឆ្លេឆ្លា​ភ្នែក​លើ​ថ្ងាស ។

ជន​រង​គ្រោះ​ ដោយសារ​ចាញ់បោក​ក្រុម​ទុច្ចរិត ស៊ិ​ន សោម នេះ​ម្នាក់​ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ព្រោះ​ខ្មាស់​គេ បាន​ប្រាប់​កោះ​សន្តិ​ភា​ព តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ មីនា នេះ​​ថា គាត់​បាន​ខាតបង់​ប្រាក់​អស់​១២,០០០​ដុល្លារ ដោយសារ​តែ​ជឿ​លើ​ការ​ជ្រើស​​រើស​មន្ត្រី​នគរបាល​នេះ​ ។ គាត់​និយាយ​ថា មន្ត្រី​នគរបាល​ម្នាក់​(​សុំ​លាក់​ឈ្មោះ​) ជា​អ្នក​ធានា​ក្នុង​រឿង​នាំ​ចូល​ក្រម​ខណ្ឌ​នគរបាល​នេះ ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​១២,០០០​ដុល្លារ​ ដោយ​មន្ត្រី​ទុច្ចរិត​នោះ​ ធានា​អះអាង​ថា នឹង​បាន​ជាប់​ជា​មន្ត្រី​ក្របខ​ណ្ឌ​ ដោយ​ស្វ័យប្រវត្តិ​១០០% មិន​ចាំ​បាច់​ប្រលងប្រណាំង​ស្អី​ទេ​ ។

មន្ត្រី​នោះ​អ៊ួ​ត​ថា អ្នក​ដែល​ចាំ​ទ​ទូល​និង​នាំ​ចូល​ក្រប​ខណ្ឌ​ ​នោះ គេ​មាន​ខ្សែ​ធំ និង​មាន​សាច់ញាតិ​ជា​លោក​ធំ​ដ៏​មាន​អំណាច​ទៀត​ផង ដូច្នេះ​១០០% ដឹង​តែ​ជាប់​ហើយ កុំ​បាច់​បារម្ភ​ធ្វើ​អី ​។ ប៉ុន្តែ​ចាប់តាំងពី​ខែវិច្ឆិកា​២០១៨ រហូត​មក​ដល់​ពេល​នេះ គ្មាន​ដំ​ណឺង​អំពី​ក្របខណ្ឌ​នគរបាល​ជាតិ​នេះ​ទេ ហើយ​គាត់​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នក​ជ្រើស​​រើស និង​យក​ប្រាក់​ពី​គាត់​ជា​១​ម៉ឺន​ដុល្លារ​នោះ​ជា​បន្តបន្ទាប់ បាន​ត្រឹម​​តែ​ចម្លើយ​បោកប្រាស់​ត្រឡប់​មក​វិញ​តែ​ប៉ុណ្ណោះ​។

មន្ត្រី​ម្នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ដែរ​បាន​ប្រាប់​កោះសន្តិភាព​ដែរ​ថា ក្រុម​ជន​ឆបោក​ដែល​មាន​មេខ្លោង​ឈ្មោះ​ស៊ិ​ន សោម នេះ បាន​ដើរ​បោកប្រាស​ប្រជាពលរដ្ឋ​ច្រើន​ខេត្ត​ណាស់ តាម​រយះ​ការ​ធានា​ច្រើ​ស​រើស​មន្ត្រី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​នេះ​។ ប៉ុន្តែ​ជន​រង​គ្រោះ​ខ្លះ​បាន​ដាក់​ពាក្យ​ប្ដឹង រីឯ​ខ្លះ​ទៀត​មិន​ហ៊ាន​ប្ដឹង​ទេ ព្រោះ​ខ្លាច​ខ្មាស​គេ​។

ដោយឡែក ​សម្រាប់​អ្នក​នៅ​ខេត្តបាត់ដំបង ដែល​គេ​ប៉ាន់ស្មាន​ត្រូ​ស​ៗ​ថា មាន​ជន​រង​គ្រោះ​ក្នុង​អំពើ​ឆបោក​នេះ​យ៉ាងតិច​ជាង​៥០​នាក់ ដែល​ម្នាក់​ៗ​អស់ប្រាក់​ចាប់ពី​១​ម៉ឺន​ដុល្លា​ឡើង​ទៅ​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ពេល​នេះ​មាន​ឈ្មួញកណ្ដាល​មួយ​ចំនួន​កំពុង​វ័ណ្ឌក​ដោយសារ​ដើរ​ច្រើ​ស​រើស​មន្ត្រី​ក្របខ័ណ្ឌ​បន្ត​ចង់បាន​កុំមីស្យុង ក្រោយ​ពី​មេខ្លោង​ឈ្មោះ​ស៊ិ​ន សោម នោះ​ស្ពាយ​ប្រាក់​ជិត​កន្លះ​លាន​ដុល្លា​គេចខ្លួន​បាត់​។

ជន​ឆបោក​ឈ្មោះ​ស៊ិ​ន សោម ត្រូវ​បាន​គេ​លាតត្រដាង​អំពី​ប្រវត្តិ​អាស្រូវ​ខ្លះ​ៗ​ថា បុរស​នេះ​ពិតជា​សំបូរ​មន្ត្រី​មាន​អំណាច​ចាំ​ជួយ​ធ្វើ​ជា​ខ្នងបង្អែក​ក្នុង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នេះ​មែន​។ ជន​នេះ​បាន​ដើរ​ឆបោក តាម​រយៈ​ការ​ដើរ​ច្រើ​ស​រើស​មន្ត្រី​ក្រប​ខណ្ឌ​នគរបាល​ជាតិ​នេះ​ស្ទើរ​គ្រប់​ខេត្ត រាជធានី​។ ហើយ​ជន​នេះ​ក៏​ជា​មនុស្ស​ពុល ​នឹង​ល្បែង​កាស៊ីណូ​យ៉ាង​វក់វី​ដែរ​។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​ឆបោក​ឈ្មោះ​ស៊ិ​ន សោម បាន​សារភាព​ពេល​ត្រូវ​ចាប់ខ្លួន​ថា លុយរាប់​សិប​ម៉ឺន​ដុល្លា​ដែល​ខ្លួន​និង​បក្សពួក​បោក​បាន​ពី​ជន​រង​គ្រោះ​រាប់រយ​នាក់​នោះ គឺ​ខ្លួន​បាន​យក​ទៅ​លេងល្បែង​កាស៊ីណូ​នៅ​ព្រំដែន​យូ​ន​អស់ហើយ​។ ប៉ុន្តែ​ជាមួយនឹង​ការ​ចាប់ខ្លួន​នេះ សមត្ថកិច្ច​បាន​រឹប​អួ​សយ​ក​ទ្រព្យសម្បត្តិ​បាន​មួយ​ចំនួន ដូច​ជា​រថយន្ត​ស៊េរី​ទំនើប​និង​ម៉ូតូ​ជាដើម​។

យ៉ាងណា​ក៏​ដោយ ពេល​នេះ​ជនសង្ស័យ​ឈ្មោះ​ស៊ិ​ន សោម ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​អនុវត្ត​ដីកា បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​សួរនាំ​ហើយ​។ បើ​គិត​ត្រិ​ម​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៧​មិ​នា ជនសង្ស័យ​រូប​នេះ​កំពុង​ត្រូវ​បាន​សួរនាំ នៅ​ក្នុង​បន្ទប់​ចៅក្រម​ស៊ើបសួរ​នៅឡើយ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ថា ជន​ឆបោក​រូប​នេះ​ចៀស​មិន​ផុត​ពី​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​គុក​នោះ​ទេ ព្រោះ​ដើមបណ្ដឹង​ច្រើន​ណាស់​ដែល​ចាំ​ទាមទា​សំណង​វិញ​៕ ​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]