អាហ្សង់ទីន៖ សត្វឆ្កែចិញ្ចឹមដ៏កំសត់មួយក្បាល ហេតុតែស្រលាញ់ស្ម័គ្រស្មោះនឹងម្ចាស់ សុខចិត្តស៊ូរង់ចាំម្ចាស់នៅខាងក្រៅមន្ទីរពេទ្យ អស់ពេលជាច្រើនថ្ងៃ ទាំងដែលវាពុំបានដឹងថា ការពិតម្ចាស់វាបានស្លាប់បាត់ទៅហើយ។

ឆ្កែចិញ្ចឹម (ពូជ Labrador Retriever) ខាងលើនេះ ម្ចាស់របស់វាដាក់ឈ្មោះថា Toto មានអាយុ៦ឆ្នាំ ត្រូវបានគេប្រទះឃើញនៅដេកក្រាបខាងក្រៅមន្ទីរពេទ្យ (មុខទ្វារចូល) Pablo Soria ក្នុងទីក្រុង San Salvador de Jujuy ប្រទេសអាហ្សង់ទីន ក្នុងទឹកមុខក្រៀមក្រំ មិនខុសអីទៅនឹងមនុស្សយើង ព្រោះតែវាត្រូវរង់ចាំម្ចាស់ប្រុសចេញពីមន្ទីរពេទ្យ ដើម្បីត្រលប់ទៅផ្ទះវិញជាមួយវា។

ឆ្កែកំសត់ Toto

បើតាមប្រភពបានឲ្យដឹងថា ដោយសារតែស្ថានភាពម្ចាស់របស់វា (មិនបញ្ចេញឈ្មោះ) កាន់តែធ្ងន់ធ្ងរ គាត់ក៏បានសុំឲ្យសាច់ញាតិរបស់គាត់ យក Toto ដែលជាឆ្កែសំណព្វចិត្តមកជួបគាត់នៅមន្ទីរពេទ្យ ដើម្បីឲ្យគាត់អាចមានឱកាសបានលាគ្នាចុងក្រោយជាមួយវា។ នេះក៏ព្រោះតែគាត់បានដឹងខ្លួនឯងច្បាស់ថា នឹងពុំអាចមានជីវិតបន្តរស់តទៅទៀតបាននោះទេ។

សាច់ញាតិ ក៏បានយក Toto មកជួបនឹងម្ចាស់របស់វានៅមន្ទីរពេទ្យទៅតាមសំណូមពរចុងក្រោយ ខណៈដែលរំលងបានប៉ុន្មានថ្ងៃក្រោយមក ម្ចាស់របស់វាក៏បានទទួលមរណៈភាពមែន។ ក្រោយមក ដោយសារតែរវល់នឹងសពពេក សាច់ញាតិម្ចាស់ឆ្កែក៏ភ្លេចយក Toto ត្រលប់ទៅផ្ទះវិញ ដែលធ្វើឲ្យវានៅតែបន្តដេកចាំម្ចាស់ខាងក្រៅមន្ទីរពេទ្យទាំងស្រពាប់ស្រពោន តែលតោលម្នាក់ឯង អស់រយៈពេលជាង១សប្តាហ៍ ហើយទាំងពុំដឹងថាម្ចាស់របស់វាបានស្លាប់ទៅហើយនោះទេ។

យ៉ាងណាមិញ ជុំវិញនឹងករណីនេះ សមាជិកម្នាក់នៃអង្គការការពារសត្វក្នុងស្រុក ឈ្មោះ Fatima Rodriguez បាននិយាយថា ពួកគេក៏កំពុងតែស្វែងរកម្ចាស់ថ្មី ឲ្យ Toto ផងដែរ ដោយបានបញ្ជាក់ថា អ្នកដែលចង់យក Toto ទៅចិញ្ចឹមក៏គួរតែមានផ្ទះបិទជិត ដើម្បីចៀសវាង Toto អាចរត់ត្រលប់មកមន្ទីរពេទ្យជាថ្មី ដេករង់ចាំម្ចាស់របស់វាទៀត ដែលនឹងអាចបង្កជាហានិភ័យផ្សេងៗផងដែរ។

ឆ្កែកំសត់ Toto

Toto ត្រូវបានគេដឹងដែរថា ជាឆ្កែមួយក្បាលដែលស្លូត និងគួរឲ្យស្រលាញ់ ហើយវាក៏រីករាយឬបង្ហាញអារម្មណ៍ស្វាគមន៍ នៅពេលដែលគ្រប់គ្នាមកអង្អែលវាផងដែរ។

ជុំវិញនឹងរឿងរ៉ាវខាងលើនេះ ប្រភពពុំបានទម្លាយឲ្យដឹងទេថា តើម្ចាស់របស់ Toto មានជំងឺអ្វីរហូតបានស្លាប់បាត់បង់ជីវិតនោះទេ។ ប៉ុន្តែទោះយ៉ាងណា គេក៏សង្ឃឹមថា Toto នឹងអាចជួបម្ចាស់ថ្មីដែលនឹងទទួលយកវាទៅចិញ្ចឹម ឬ សាច់ញាតិម្ចាស់វាមុន នឹងមកទទួលយកវាទៅវិញផងដែរ។

គួរឲ្យដឹងផងដែរថា ឆ្កែចិញ្ចឹមពូជ Labrador Retriever ត្រូវបានគេស្គាល់ថា ជាពូជឆ្កែដែលស្មោះត្រង់នឹងម្ចាស់ ហើយក៏ជាឆ្កែជំនួយការដ៏ល្អផងដែរ។ លើសពីនេះ ពួកវាក៏ត្រូវបានគេយកទៅដាក់ពង្រាយក្នុងតំបន់សង្រ្គាម ធ្វើជាឆ្កែជួយសង្គ្រោះ ហើយក៏ជាឆ្កែដែលចេះជួយណែនាំផ្លូវ ដល់មនុស្សពិការភ្នែកទៀតផង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

មន្ទីរពេទ្យ Pablo Soria

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]