រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​ម្នាក់​រង​របួស​ដាច់​ម្រាមដៃ​ចង្អុល​ខាងឆ្វេង បន្ទាប់​ពី​អា​មេ​កាំភ្លើងខ្លី​ចូល​គ្រាប់ ដើម្បី​ការពារ​លុយ​ចំណងដៃ​ការកូន បែរជា​រាលកៃ​ផ្ទុះ​របួស​ដៃ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​វិមាន​ពិភព​ថ្មី​សែន​សុខ អគារ​A ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​ទី​២ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ផង់ សុផល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​មន្ត្រី​នគរបាល​សក្ដិ​៣ ផ្នែក​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ មន្ត្រី​នគរបាល​ខាងលើ​បាន​រៀបចំ​កម្មវិធី​អាពាហ៍​ពិពាហ៍​ឱ្យ​កូនស្រី​របស់​គាត់​នៅ​ត្រង់​ចំណុច​កើតហេតុ ដោយ​មាន​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​កុះករ​មក​ចូលរួម ពិសារ​អាហារ រាំរែក និង​ច្រៀង​កំសាន្ត​យ៉ាង​សប្បាយ​រីករាយ ហើយ​កម្មវិធី​នេះ​ក៏​បាន​ចប់​ទៅ​ដោយ​រលូន ចំណែកឯ​ភ្លៀវ​កិត្តិយស​ក៏​នាំ​គ្នា​ត្រលប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​បាត់​អស់​ទៅ​។ លុះដល់​វេលា​កើតហេតុ មន្ត្រី​នរ​គ​បាល​ដែល​ជា​ឪពុក​ក៏​ប្រមូល​លុយ​ចំណងដៃ​ទាំងអស់​យក​ទៅ​ទុក​ក្នុង​រថយន្ត​ដែល​ចត​នៅ​ខាង​ក្រោម​អគារ A ដើម្បី​យក​ត្រលប់​ទៅ​ផ្ទះ​វិញ​។

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​មាន​លឺដំណឹង​ថា មាន​ជន​មិន​ស្គាល់​មុខ​បាន​ចូល​មក​ក្នុង​ទីតាំង​ខាងលើ ធ្វើ​ឲ្យ​មន្ត្រី​នរ​គ​បាល​រូប​នោះ​ភ័យ​ខ្លាច​ត្រូវ​គេ​ប្លន់ ឬ​អាច​មាន​ករណី​ផ្សេង​ទៀត​កើតឡើង​ជាយថាហេតុ ក៏​ដក​កាំភ្លើងខ្លី​ម៉ាក K54 មួយ​ដើម​របស់​គាត់​យក​មក​អា​មេ​បញ្ចូល​គ្រាប់​ទុក ដើម្បី​ការពារ​ខ្លួន និង​លុយ​ចំណង​ដៃ​របស់​កូន តែ​បែរជា​រាលកៃ​កាំភ្លើង​បណ្តាល​ឲ្យ​ផ្ទុះ​ចំ​ម្រាម​ចង្អុលដៃ​ខាងឆ្វេង​ដាច់​ពាក់កណ្តាល ។ ភ្លាម​ៗ​នោះ​មន្ត្រី​នរ​គ​បាល​ខាងលើ ក៏​ត្រូវ​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម​ៗ​នៅ​ឯ​គ្លីនិក​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ចុះ​ទៅ​ធ្វើការ​សាកសួរ​មន្ត្រី​នរ​គ​បាល​ខាងលើ​ដែល​បាន​ទៅ​ព្យាបាល​នៅ​ឯ​គ្លីនិក ដើម្បី​ធ្វើ​កំណត់ហេតុ​ប​ញ្ចូ​ន​ទៅ​ថ្នាក់លើ​ជា​បន្ត​ទៀត​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]