ខេត្តរតនគិរី ៖ គ្រោះថ្នាក់ចរាចរណ៍មួយ​បាន​កើតឡើង​ កាលពី​ថ្ងៃទី​១៧ មីនា​ ​វេលា ម៉ោង​១០និង​១៥នាទី​ព្រឹក​​ នៅ​ចំណុច​ប៉ុស្តិ៍រដ្ឋ​បាលសង្កាត់​ឡាបានសៀក ដោយ​ម៉ូតូ​មួយ​គ្រឿង​​បុក​រថយន្តពីក្រោយ​ ហើយមន្ត្រី​ប៉ូលិស​​បាន​ឃាត់ខ្លួនស្ត្រីក្មេង​ម្នាក់​ ដែល​ជាម្ចាស់​ម៉ូតូ​ដើម្បីសួរនាំ​ ។

លោក​ កែវ សុផាតថន​ នាយរង​ប៉ុស្តិ៍​រដ្ឋ​បាល​​សង្កាត់​ឡាបានសៀក​បានឱ្យដឹងថា ម្ចាស់​ម៉ូតូ​ឈ្មោះ​ យ៉ែម ធីដា អាយុ​១៨​ឆ្នាំ​ ​មុខ​របរ​លក់​គ្រឿងទេស​ក្នុងផ្សារ​បានលុង រស់នៅ​ភូមិ​អូរ​ទទឹង​ ឃុំ​របាំង​មួយ ស្រុក​លំផាត់  ម៉ូតូរបស់​នាង​ម៉ាក​​ឌ្រីម​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ។​ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ ឡុក វ៉ាន់​ថន​ ភេទ​ប្រុស អាយុ​៤៤ឆ្នាំ​ ជាមន្ត្រី​ពេទ្យ​​ក្រុង​បាន​លុង រស់​នៅក្នុងភូមិ៦ សង្កាត់​ឡាបាន​សៀក ​ក្រុង​បានលុង​ រថយន្ត​ដែលត្រូវម៉ូតូបុក​ពី​ក្រោយ​ម៉ាក​កាមរី​បាឡែន ខណៈ​ចតនៅលើចិញ្ចើម​ផ្លូវ​ ។

មន្ត្រី​ប៉ូលិស​ដដែល​បន្ត​ទៀតថា រថយន្តខាង​លើ​រង​ការ​ខូច​ខាត​ខាង​ក្រោយផែ្នក​ខាង​ឆ្វេង​បែក​ស្តុប​មួយ និងក្រពឹត​កាង​ខាង​ឆ្វេង​ ឯ​ម៉ូតូ​វៀច​កង់​ខាង​មុខ​ និង​បាក់​គម្របខាងមុខ​ ឯ​ម្ចាស់​ម៉ូតូ​រងរបួស​បែក​បបូរមាត់​ត្រូវគ្រូពេទ្យដេរអស់៣​ថ្នេរ និង​សង​ថ្លៃ​ខូចខាត​រថយន្ត ៣៧០ដុល្លារ​ ។​ម្ចាស់ម៉ូតូ​បានប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​រូបគេ​ដែល​បើក​ម៉ូតូបុក​គូទ​រថយន្ត​​នោះ គឺ​នាង​រវល់​តែ​ងាក​​ក្រោយ​ទើប​បណ្តាល​ឱ្យ​សយ​ទាំង​ព្រឹក​បែប​នេះ ។ ករណីនេះត្រូវមន្ត្រី​ប៉ូលិស​​​ធ្វើការ​ដោះ​ស្រាយ​​គ្នា​ នៅ​ប៉ុស្តិ៍​សង្កាត់​ឡាបាន​សៀក រួច​ក៏​ទៅផ្ទះរៀងៗ​​​ខ្លួន ៕

 

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]