រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន​លើស​កម្រិត ឬ​មាន​ជម្ងឺ​ប្រចាំ​កាយ​បាន​ដេក​ននៀល​លើ​ថ្នល់​ស្រែក​អោយ​គេ​ជួយ​ប្រាប់​ថា ពិបាក​ក្នុង​ខ្លួន និង​ណែន​ដើមទ្រូង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពល​ល​រដ្ឋ និង​សមត្ថកិច្ច​ចុះ​មក​សួរនាំ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​អាហារ​ដ្ឋា​ន​ភូមិ​យើង តាម​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​មក​ដល់​ចំណុច​ខាងលើ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​សង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន​លើស​កម្រិត ឬ​មាន​ជម្ងឺ​ប្រចាំ​កាយ​ទេ​បាន​ដេក​ននៀល​លើ​ថ្នល់ ហើយ​ស្រែក​អោយ​គេ​ជួយ​ផង គេ​ពិបាក​ក្នុង​ខ្លួន​ណាស់ ខណៈ​ពេល​ក្រឡេក​មើល​ឆ្វេង​ស្ដាំ​ដូច​ជា គ្មាន​អ្នក​ដេញ​វ៉ៃ​ទេ ក៏​ហៅ​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​លើក​ជន​រង​គ្រោះ​ដាក់​មក​ចិញ្ចើម​ផ្លូវ​មុខ​អាហារ​ដ្ឋា​ន ដើម្បី​សួរនាំ ហើយ​បុរស​នោះ​គិតតែ​ពី​យំ​ស្រែក​មិន​ឈប់​រួច​ក៏​ប្រញាប់​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​ព្យាបាល ។

សមត្ថកិច្ច​បន្ត​ថា ក្រោយមក​ប្រមាណ​កន្លះ​ម៉ោង​ក៏​មាន​បុរស និង​ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​កង់​បី​មក​ដល់​បាន​នាំ​គ្នា​លើកដាក់​ម៉ូតូ​កង់​បី​ដោយ​បាន​អះអាង​ថា ជា​ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ ប៉ុន្តែ សមត្ថកិច្ច​សួរនាំ​ពី​បុរស​ដែល​ដេក​ននៀល​លើ​ថ្នល់​ថា មានរឿង​អី បែរជា​ក្រុម​គ្រួសារ​មិន​បាន​និយាយ​ទេ បាន​ត្រឹមតែ​សុំ​ទោស និង​អរគុណ​ដល់​សមត្ថកិច្ច​ដែល​ជួយ​អន្តរាគមន៍ រួច​លើក​បុរស​រូប​នោះ​ដាក់​លើ​កង់​បី​ប្រាប់​ថា យក​ទៅ​មន្ទីរពេទ្យ​ក៏​ជិះ​ចេញ​ទៅ​បាត់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]