(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បានបន្តកាយសំរាមពីក្នុងប្រឡាយបឹងសាឡាង និងប្រឡាយបឹងត្របែក ដែលប្រជាពលរដ្ឋ យកទៅបោះចោលយ៉ាងអនាធិបតេយ្យនាពេលកន្លងទៅ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានថ្លែងថា ការសំអាតបរិស្ថាន និងប្រមូលសំរាមចេញពីតួប្រឡាយបឹងសាឡាង ត្រូវអនុវត្តន៍ចាប់ពីផ្លូវលេខ ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រហូតទៅដល់គល់ស្ពានអាកាសស្ទឹងមានជ័យ។

ដោយឡែក ប្រឡាយបឹងត្របែក ខណ្ឌចំការមន ត្រូវអនុវត្តន៍ចាប់ពីផ្លូវលេខ៤៨៤ កែងផ្លូវលេខ១០៥ រហូតដល់ស្ថានីយផ្លូវ៣៧១ ក្នុងនោះក្រុមការងារ បានប្រមូលសំរាមច្រកថង់តាមបណ្ដោយ មាត់ប្រឡាយ។ លោកបានបន្តថា គ្រឿងចក្ររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ក៏បានចាប់កាយសំរាមពីក្នុងប្រឡាយ ដាក់រថយន្តដឹកចេញទៅកាន់ទីលានចាក់សំរាមនៅដង្កោ។

លោក សាំ ពិសិដ្ឋ បានឲ្យដឹងផងដែរថា សម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មិនមែនធ្វើសកម្មភាពកាយសំរាមនៅតែប្រឡាយបឹងសាឡាងមួយនេះទេ តែបានកាយសំរាមនៅប្រឡាយបឹងត្របែកផងដែរ។

លោកថា «ប្រឡាយបឹងត្របែកក្នុងមួយថ្ងៃ យើងដាក់គ្រឿងចក្រកាយសំរាមចេញបានប្រមាណជា១៥០ម៉ែត្រគូបក្នុងមួយថ្ងៃ និងប្រមាណ៨៥០០តោនក្នុងមួយឆ្នាំ ហើយសម្មភាពបែបនេះ គឺយើងធ្វើជារៀងរាល់ខែ ដើម្បីឲ្យប្រឡាយទាំងមូលអាចរំដោះទឹកបាន។ ក្រៅពីនេះយើងក៏បាននិងកំពុងស្ដារលូ និងអាងស្តុកទឹកក្រោមដីនៅក្បែរវត្តបទុមវត្តីផងដែរ»។

ក្នុងឱកាសនោះដែរ លោក សាំ ពិសិដ្ឋ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម សហការសំអាតបរិស្ថានទាំងអស់គ្នា ពិសេសចៀសវាងការឲ្យបាន គឺកុំយកសំរាមមកបោះចោល នៅក្នុងប្រឡាយទឹក៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]