ថៃ៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ តារាសម្តែងស្រីកំពុងមានប្រជាប្រិយភាព Bella Ranee ត្រូវបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីមួយ ដោយក្នុងនោះផងដែរ នាងក៏បានផ្តល់ជាកិច្ចសម្ភាសន៍ខ្លះៗ ជាមួយនឹងក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធទៅនឹងប៊្រេនផលិតផលថ្មីៗមួយចំនួនធំ ដែលនាងទើបតែចុះកុងត្រា ធ្វើជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយឲ្យផលិតផលទាំងនោះផ្តាច់មុខផងដែរ។

តួយ៉ាង ក្នុងនោះ Bella បានលើកឡើងថា មានផលិតផលមួយចំនួន ដែលនាងធ្លាប់ផ្សព្វផ្សាយកាលពីឆ្នាំមុន ហើយឆ្នាំនេះផងដែរ នាងក៏នៅតែបន្តកុងត្រាជាមួយពួកគេផងដែរ។

លើសពីនេះទៅទៀត ក៏មានប៊្រេនថ្មីៗជាច្រើន រត់មករកនាងជាបន្តបន្ទាប់ ដោយថ្មីៗនេះនាងទើបតែថតផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យផលិតផលថ្មីមួយ ហើយនាងក៏បានអគុណដល់ម្ចាស់ផលិតផលទាំងអស់ ដែលបានផ្តល់ឱកាសឲ្យនាង ក្លាយជាឯកអគ្គរដ្ឋទូត ឬក្លាយជាអ្នកតំណាងផ្តាច់មុខថ្មីឲ្យផលិតផលរបស់ពួកគេផងដែរ។

យ៉ាងណាមិញ តារាសម្តែងស្រីវ័យ ២៩ឆ្នាំរូបនេះ បានបន្តទៀតថា ថ្មីៗនេះនាងទើបតែទទួលថតស្ពតពាណិជ្ជកម្ម ឲ្យគេប្រមាណជាជាង១០ប៊្រេនថ្មីទៀត និងមានប៊្រេនមួយចំនួនដែលនាងបានបដិសេធចោល ដោយសារតែជាប្រភេទផលិតផលដែលនាងមិនអាចទទួលថតបាន។ 

នាងបានលើកឡើងថា មុននឹងនាងទទួលថតស្ពតពាណិជ្ជកម្មនីមួយៗ នាងតែងតែពិនិត្យមើល និងផ្តោតសំខាន់ដំបូងបង្អស់ គឺទៅលើគុណភាពនៃផលិតផល ហើយត្រូវមើលថាតើវាសាកសមទៅនឹង Lifestyle ជីវិតប្រចាំថ្ងៃរបស់នាងដែរឬយ៉ាងណា។ ពីព្រោះថាក្លាយជាអ្នកផ្សព្វផ្សាយផ្តាច់មុខឲ្យគេមួយរូប នាងចង់ប្រើប្រាស់ផលិតផលទាំងនោះដោយខ្លួនឯងផ្ទាល់ជាមុនសិន មុននឹងនាងអាចនិយាយប្រាប់មនុស្សគ្រប់គ្នា អំពីគុណភាពនៃផលិតផលទាំងនោះបានថាវាល្អប៉ុណ្ណា។

មិនយ៉ាងណា ចូលមកដល់ឆ្នាំ២០១៩ នេះ ការងារសិល្បៈរបស់តួឯកស្រីរឿង «បុព្វេសន្និវាស» រូបនេះ កាន់តែរីកចម្រើនកើនឡើងជាលំដាប់ ចំណែកឯទឹកលុយវិញក៏កាន់តែខាប់ឡើងៗផងដែរ។

នេះបើយោងតាមការផ្សព្វផ្សាយ នៃតម្លៃខ្លួនរបស់តារាថៃកន្លងមក តារាសម្តែងស្រី Bella Ranee ត្រូវបានគេដឹងថា តម្លៃខ្លួននៃការទទួលថតស្ពតពាណិជ្ជកម្មនីមួយៗរបស់នាង គឺមានតម្លៃប្រមាណជា១០លានបាត ស្មើនឹង ៣១៦,០០០ដុល្លារ ចុះបើនាងទទួល១០ពាណិជ្ជកម្មថ្មីទៀត នោះគឺនាងនឹងទទួលបាន ១០០លានបាត ស្មើនឹងជាង៣លានដុល្លារទៅហើយ៕ 

តារាសម្តែងស្រី Bella Ranee
តារាសម្តែងស្រី Bella Ranee
តារាសម្តែងស្រី Bella Ranee
តារាសម្តែងស្រី Bella Ranee
តារាសម្តែងស្រី Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]