ចិន៖ ឪពុកម្នាក់សុខចិត្តលះបង់ជីវិត ដោយមិនទទួលការព្យាបាលជំងឺមហារីករបស់ខ្លួន ដើម្បីទុកប្រាក់ទៅព្យាបាលកូនស្រីបង្កើត ដែលកំពុងតែមានជំងឺមហារីកដែរ។

យោងតាមប្រភពសារព័ត៌មានចិនបានឱ្យដឹងថា កូនស្រីម្នាក់នោះមានឈ្មោះ ស៊ុន យីង អាយុ ២១ឆ្នាំ រៀននៅសាកលវិទ្យាល័យ Henan Normal ត្រូវបានពិនិត្យរកឃើញថា នាងមានជំងឺមហារីកកូនកណ្តុរកាលពីឆ្នាំ២០១៥។ ដោយវាពិតជាក្តុកក្តួលជាទីបំផុត រកពាក្យអ្វីមកវាចាពុំបាន ព្រោះកាលពីឆ្នាំ ២០១៤ ឪពុករបស់នាងត្រូវបានគ្រូពេទ្យរកឃើញថា លោកមានជំងឺមហារីកសួតដែរ។

ស៊ុន យីង និងឪពុក

ដោយសារតែ ស្ថានភាពហិរញ្ញវត្ថុមានកម្រិត ដូច្នេះឪពុករបស់ស៊ុន យីង បានសម្រេចចិត្តថាមិនបន្តការព្យាបាលជំងឺមហារីកសួតរបស់ខ្លួននោះទេ ដើម្បីទុកប្រាក់ទាំងនោះឱ្យកូនស្រីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីរង់ចាំការផ្តាស់ប្តូរកោសិកាដើម។ ប៉ុន្តែជាអកុសល ស្ថានភាពជំងឺមហារីកសួតរបស់លោកកាន់តែរីករាលដាល និងអាក្រក់ទៅៗ។ ចុងក្រោយលោកក៏បានស្លាប់ដោយសារតែជំងឺដ៏កាចសាហាវមួយនេះនៅក្នុងខែធ្នូ ឆ្នាំ២០១៥។

ព្រោះតែការលះបង់របស់ឪពុក ទើប ស៊ុន យីង អាចមានលទ្ធភាពធ្វើការព្យាបាលនៅក្នុងមន្ទីរពេទ្យបាន។ ប្រភពដដែលបានរាយការណ៍ថា នាងបានទទួលការព្យាបាលដោយគីមីចំនួន ៣០ដង និងការព្យាបាលដោយវិទ្យុសកម្មចំនួន ២០ដង ដោយមិនប៉ះពាល់ដល់ការសិក្សារបស់នាងទេ។ ជាក់ស្តែង ខាងសាលារៀន ព្រមទាំងមិត្តរួមថ្នាក់ មិនបានដឹងពីស្ថានភាពជំងឺនាងនោះទេ ព្រោះតែនាងទៅមន្ទីរពេទ្យតែថ្ងៃចុងសប្តាហ៍តែប៉ុណ្ណោះ។ 

ស៊ុន យីង

យ៉ាងណាមិញ ក្រោយមកមិត្តរួមថ្នាក់របស់នាង ស្រាប់តែដឹងស្ថានភាពជំងឺនាង ព្រោះតែនាងស្រកគីឡូជាខ្លាំង ព្រមទាំងជ្រុះសក់ថែមទៀត។ ថ្វីបើសុខភាពរបស់នាងមិនសូវជាល្អប៉ុន្មានពិតមែន តែលទ្ធផលសិក្សារបស់នាងនៅតែល្អ និងជាប់លេខមួយជាប្រចាំ។

ក្រោយមក ដោយសារតែស្ថានភាពជំងឺកាន់តែអាក្រក់ទៅៗ នាងស្ទើរតែចង់បោះបង់ទៅហើយ ប៉ុន្តែបន្ទាប់ពីមិត្តរួមថ្នាក់ និងគ្រូដឹងពីស្ថានភាពជំងឺនាង ពួកគេបាននាំគ្នាលើកទឹកចិត្តនាង និងជួយប្រមូលប្រាក់បានជាង ១០០,០០០យ័ន (១៤,៩០០ដុល្លារ) សម្រាប់ការព្យាបាលជំងឺបន្ថែម។ ចុងក្រោយ ស៊ុន យីង ក៏មានសេចក្តីក្លាហានបន្តប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនេះ។ 

ស៊ុន យីង

នាងបានប្រាប់ក្រុមសារព័ត៌មានថា៖

«បន្ទាប់ពីឃើញការប្រឹងប្រែងរបស់អ្នករាល់គ្នាជួយខ្ញុំ ខ្ញុំមិនចង់បោះបង់ចោលទេ។ បើទោះបីជាខ្ញុំស្លាប់បាត់ទៅ ក៏ខ្ញុំមិនអាចទុកម្តាយខ្ញុំចោលដែរ» ។

ក្រោយមក ស៊ុន យីង សម្រេចចិត្តថា នឹងកត់ត្រាបទពិសោធន៍របស់នាងទាំងអស់ ដោយការគូររូបចូលទៅក្នុងសៀវភៅកំណត់ហេតុ ដោយរៀបរាប់អំពីពេលវេលាដែលនាងដឹងថា នាងមានជំងឺមហារីកកូនកណ្តុរជាលើកដំបូង និងពេលវេលាដែលនាងបាននឹងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ។ 

គំនូរដែលស៊ុន យីងគូរនៅក្នុងសៀវភៅកំណត់ហេតុ
គំនូរដែលស៊ុន យីងគូរនៅក្នុងសៀវភៅកំណត់ហេតុ
គំនូរដែលស៊ុន យីងគូរនៅក្នុងសៀវភៅកំណត់ហេតុ
គំនូរដែលស៊ុន យីងគូរនៅក្នុងសៀវភៅកំណត់ហេតុ
អក្សរស៊ុន យីង សរសេររៀបរាប់ពីជីវិតនៅក្នុងសៀវភៅកំណត់ហេតុ

យុវតីវ័យ ២១ឆ្នាំរូបនេះ សង្ឃឹមថា គំនូររបស់នាងនឹងអាចជួយអ្នកដែលកំពុងតែកើតជំងឺមហារីកតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺនេះដូចជារូបនាងផងដែរ។

បច្ចុប្បន្ន ស៊ុន យីង កំពុងតែទទួលការព្យាបាលដោយគីមី។ គ្រូពេទ្យបាននិយាយថា ពួកគេកំពុងតែរង់ចាំស្ថានភាពរបស់នាងរៀងធូរស្បើយបន្តិច ទើបចាប់ផ្តើមធ្វើការវះកាត់ផ្លាស់ប្តូរកោសិកាដើម៕ 

ស៊ុន យីង
ស៊ុន យីង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]