«ផ្លែឪឡឹក» សម្បូរទៅដោយជាតិទឹក និងសារធាតុពិសេសសំខាន់ៗ ដែលមិនត្រឹមតែអាចជួយបំបាត់បញ្ហាស្រេកទឹក ជាចំណីអាហារដ៏ឆ្ងាញ់ តែថែមទាំងអាចជំនួយសុខភាព និងសម្រស់បានក្នុងពេលតែមួយផងដែរ។

ក្រៅពីការទទួលទានជាផ្លែឈើលាងមាត់ ផ្លែឪឡឹក ក៏អាចយកមកថែរក្សាស្បែកមុខឱ្យស្រស់ស្អាតបាន ដោយវិធីងាយៗបែបធម្មជាតិ និងគ្មានផលប៉ះពាល់ដល់ស្បែកអ្វីឡើយ ថែមទាំងផ្តល់ប្រយោជន៍ដល់ស្បែកច្រើនយ៉ាងដូចជា៖

- ធ្វើឱ្យស្បែកមុខស្រស់ថ្លា ទន់ រលោង ស ភ្លឺស្រស់ស្អាតល្អ

- ជួយផ្តល់ជីវជាតិ និងចិញ្ចឹមស្បែកមុខឱ្យស្អាតពីស្រទាប់ខាងក្នុងមក

- ជាផលិតផលលាងសម្អាត និងជូតផ្ទៃមុខបែបធម្មជាតិ

- ជួយកម្ចាត់ជាតិកខ្វក់លើផ្ទៃមុខ និងបំបាត់បញ្ហាស្បែកដែលឡើងប្រេង

- បំបាត់បញ្ហាស្បែកស្ងួត និងផលប៉ះពាល់ផ្សេងៗពីកម្តៅថ្ងៃដូចជា ព្យាបាលការរលាកស្បែក និងការឡើងខ្មៅដោយពន្លឺព្រះអាទិត្យ

- ជួយបំបាត់បញ្ហាស្នាមផ្សេងៗលើស្បែក រួមទាំងបញ្ហាស្បែកជ្រីវជ្រួញ ធ្វើឱ្យប្រែជាតឹងណែនក្មេងវ័យជាងមុន

- ជួយការពារ និងព្យាបាលបញ្ហាការកើតមុខគ្រប់ប្រភេទ.ល។

ដូច្នេះ ចង់ដឹងថារូបមន្តវិធីធម្មជាតិពីផ្លែឪឡឹកអនុវត្តបែបណា មកតាមដានវិធីទាំង ១០យ៉ាងខាងក្រោមនេះ៖

ឪឡឹក

១. ឪឡឹក និងទឹកឃ្មុំ

រូបមន្តនេះជួយប្រឆាំងមេរោគបាក់តេរី និងមានសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ ដែលអាចជួយឱ្យស្បែកមុខមានសំណើម ទន់រលោងស្រស់ស្អាត និងការពារស្រទាប់ស្បែកពីផលប៉ះពាល់ផ្សេងៗ។

ការអនុវត្ត៖ កិនទឹកឪឡឹកស្រស់ៗចំនួន ២ស្លាបព្រាបាយ លាយជាមួយនឹងទឹកឃ្មុំ ២ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ រួចយកមកលាបលើផ្ទៃមុខទុកចោលរយៈពេល ២០នាទី ចាំលាងទឹកចេញជាការស្រេច។ អាចអនុវត្ត១ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

ឪឡឹក និងទឹកឃ្មុំ

២. ឪឡឹក និងទឹកដោះគោជូរ

រូបមន្តនេះជួយកម្ចាត់ជាតិកខ្វក់ និងជាតិប្រេងលើផ្ទៃមុខបានល្អ ជាពិសេសអាចការពារ និងប្រឆាំងផលប៉ះពាល់ពីកម្តៅថ្ងៃ ការរលាកផ្សេងៗ និងស្បែកដែលឡើងខ្មៅដោយសារពន្លឺព្រះអាទិត្យទៀតផង។

ការអនុវត្ត៖ កិន ឬក្រឡុកសាច់ឪឡឹកចំនួន ២ស្លាបព្រាបាយ លាយជាមួយនឹងទឹកដោះគោជូរ(គ្មានជាតិខ្លាញ់ គ្មានជាតិស្ករ) ២ស្លាបព្រាបាយកូរឱ្យសព្វ រួចយកទៅលាបលើផ្ទៃមុខរយៈពេល ១០ ទៅ១៥នាទី។ ចុងក្រោយលាងទឹកស្អាតចេញជាការស្រេច ដោយអនុវត្ត ២ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាព។

ឪឡឹក និងទឹកដោះគោជូរ

៣. ឪឡឹក និងទឹកដោះគោ

រូបមន្តនេះអាចជួយបន្តឹងស្បែករបស់អ្នកឱ្យតឹងណែនហាប់ល្អ បំបាត់ភាពយារធ្លាក់នៃសាច់មុខ ថែមទាំងជួយកែលម្អស្បែកឱ្យទន់រលោង និងភ្លឺស្រស់ថ្លា។

ការអនុវត្ត៖ កិនយកទឹកឪឡឹកស្រស់ៗចំនួន ២ស្លាបព្រាបាយ លាយជាមួយនឹងទឹកដោះគោឆៅស្រស់ៗចំនួន ២ស្លាបព្រាបាយដូចគ្នា ដោយអាចបន្ថែមគ្រាប់ថ្នាំវីតាមីន E មួយគ្រាប់បន្ថែមបាន(រកទិញបានដោយងាយនៅឱសថស្ថាននានា)។ រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ និង.ក ទុកចោលប្រមាណជា ២០នាទី ចាំលាងទឹកចេញវិញ។ អាចអនុវត្ត ២ ទៅ៣ដងក្នុងមួយសប្តាហ៍។

ឪឡឹក និងទឹកដោះគោ

៤. ឪឡឹក និងតាសក់

រូបមន្តនេះជួយបំបាត់ស្នាមលើផ្ទៃមុខផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ថែមទាំងកម្ចាត់កោសិកាស្បែកងាប់ៗចោល ផ្តល់មកវិញនូវផ្ទៃមុខតឹងណែន រលោង និងភ្លឺស្រស់ស្អាត។

ការអនុវត្ត៖ យកតាសក់ចិតសម្បករួចយកក្រឡុកឱ្យហ្មត់ចំនួន ១ស្លាបព្រា ហើយលាយជាមួយនឹងទឹកឪឡឹកស្រស់ៗ ១ស្លាបព្រាឱ្យសព្វ។ បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ១០នាទី ទៅ ១៥នាទី រួចលាងទឹកស្អាតចេញ។ កុំភ្លេចអនុវត្ត២ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

ឪឡឹក និងតាសក់

៥. ឪឡឹក និងផ្លែចេក

រូបមន្តនេះមានផ្សំទៅដោយ វីតាមីន A B6 និងវីតាមីន C ដែលអាចជួយកែលម្អស្បែកឱ្យស្រស់ស្អាតភ្លឺ ទន់ ម៉ដ្ឋរលោង ប្រឆាំងនឹងប្រតិកម្មស្បែកផ្សេងបានយ៉ាងមានប្រសិទ្ធភាព។

ការអនុវត្ត៖ កិនសាច់ឪឡឹកឱ្យហ្មត់ចំនួន ២ស្លាបព្រា លាយជាមួយផ្លែចេកកិនចំនួន ២ស្លាបព្រាឱ្យហ្មត់ រួចយកមកលាបលើផ្ទៃមុខ ទុកចោលរយៈពេល ១៥នាទី ចាំលាងទឹកចេញ។ អ្នកអាចអនុវត្ត ១ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាព។

ឪឡឹក និងផ្លែចេក

៦. ឪឡឹក និងស្ករស

រូបមន្តនេះ អាចជួយធ្វើឱ្យស្បែកមុខរបស់អ្នកភ្លឺថ្លា ទន់ រលោង និងមានសំណើម។

ការអនុវត្ត៖ កិនសាច់ឪឡឹកឱ្យហ្មត់ចំនួន ២ស្លាបព្រា លាយជាមួយនឹងស្ករសចំនួន២ស្លាបព្រា។ បន្ទាប់មកយកស្ក្រាប់ស្ករសនេះមកលាបលើផ្ទៃមុខម៉ាស្សាចុះឡើងថ្នមៗរយៈពេល ១០នាទី និងទុកចោលរយៈពេល ៥ ទៅ៧នាទីបន្ថែមទៀត សឹមលាងមុខចេញនឹងទឹកស្អាតជាការស្រេច។ អ្នកអាចអនុវត្តម្តងក្នុងមួយសប្តាហ៍។

ឪឡឹក និងស្ករស

៧. ឪឡឹក និងល្ហុង

រូបមន្តនេះ មានជាតិអង់ស៊ីម និងសារធាតុសំខាន់ៗដែលជួយជម្រុះកោសិកាស្បែកចាស់ៗដែលមិនល្អចេញ ធ្វើឱ្យស្បែកប្រែជា ស ភ្លឺថ្លា និងទន់រលោងស្អាតបាន។

ការអនុវត្ត៖ កិនសាច់ល្ហុងទុំឱ្យហ្មត់ចំនួន ២ស្លាបព្រាបាយ លាយជាមួយនឹងសាច់ឪឡឹកហ្មត់ចំនួន ២ស្លាបព្រាបាយ កូរឱ្យសព្វ។ រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលរយៈពេល ១៥នាទី ចាំលាងទឹកចេញជាការស្រេច។ អ្នកអាចអនុវត្តជាប្រចាំម្តងក្នុងមួយសប្តាហ៍។

ឪឡឹក និងល្ហុង

៨. ឪឡឹក និងផ្លែប័រ

រូបមន្តនេះជួយការពារស្បែកពីផលប៉ះពាល់ និងប្រតិកម្មផ្សេងៗ ជាពិសេសគឺការពារ និងបំបាត់ភាពជ្រីវជ្រួញ ថែមទាំងធ្វើឱ្យផ្ទៃមុខនៅក្មេងស្អាតជាងវ័យ។

ការអនុវត្ត៖ កិនសាច់ផ្លែប័រឱ្យហ្មត់ចំនួន ២ស្លាបព្រាបាយ លាយជាមួយនឹងសាច់ផ្លែឪឡឹក២ស្លាបព្រាដូចគ្នា កូរឱ្យសព្វ។ បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលរយៈពេល ២០នាទិ ចាំលាងចេញនឹងទឹកស្អាត។ អ្នកអាចអនុវត្ត១ដងក្នុងមួយសប្តាហ៍។

ឪឡឹក និងផ្លែប័រ

៩. ឪឡឹក និងជែលប្រទាលកន្ទុយក្រពើ

រូបមន្តនេះជួយធ្វើឱ្យស្បែកទន់ ម៉ដ្ឋ រលោង ស្រស់ស្អាត មានសំណើម និងធ្វើឱ្យស្បែកស្រស់ថ្លាក្មេងជាងវ័យផងដែរ។ ក្រៅពីនេះថែមទាំងអាចជួយការពារប្រតិកម្មស្បែកផ្សេងៗ រួមទាំងជួយការពារ និងព្យាបាលបញ្ហាមុខកើតមុខគ្រប់ប្រភេទ។

ការអនុវត្ត៖ កិនសាច់ឪឡឹកចំនួន ២ស្លាបព្រាបាយ លាយជាមួយនឹងជែលប្រទាលកន្ទុយក្រពើ ២ស្លាបព្រាបាយ និងទឹកផ្កាកុលាប២ស្លាបព្រាបាយ (អាចរកទិញបាននៅផ្សារទំនើប តែបើគ្មានមិនបាច់ដាក់ក៏បាន)។ ក្រោយពីកូរលាយបញ្ចូលគ្នារួច យកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ និងក ទុកចោលរយៈពេលកន្លះម៉ោង ចាំលាងទឹកស្អាតចេញជាការស្រេច។ អ្នកអាចអនុវត្តម្តង ឬ២ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

ឪឡឹក និងជែលប្រទាលកន្ទុយក្រពើ

១០. ឪឡឹក និងផ្លែទទឹម

រូបមន្តនេះសម្បូរទៅដោយវីតាមីន C ដែលអាចជួយឱ្យស្បែកមុខទន់ ស្រស់ថ្លា ម៉ដ្ឋខៃដូចស្បែកកូនក្មេង ថែមទាំងផ្តល់សំណើម កាត់បន្ថយបញ្ហាស្បែកមុខស្ងួត និងជូសជុលកោសិកាស្បែកដែលមានបញ្ហា។

ការអនុវត្ត៖ កិនយកទឹកឪឡឹកស្រស់ៗចំនួន ២ស្លាបព្រាបាយ លាយជាមួយនឹងទឹកផ្លែទទឹមក្រឡុក ឬកិនស្រស់ៗ២ស្លាបព្រាបាយ និងទឹកឃ្មុំ ២ស្លាបព្រាបាយ។ បន្ទាប់មកយកល្បាយនេះមកលាបលើផ្ទៃមុខ និងក ទុកចោលរយៈពេលកន្លះម៉ោង ចាំលាងចេញនឹងទឹកក្តៅឧណ្ហៗជាការស្រេច។ អ្នកអាចអនុវត្តម្តងក្នុងមួយសប្តាហ៍ជាប្រចាំដើម្បីបានប្រសិទ្ធភាពខ្ពស់។

ឪឡឹក និងផ្លែទទឹម

អាចសាកល្បងទាំងអស់គ្នាណា!  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]