ម៉ាឡេស៊ី៖ យោងតាមប្រភពសារព័ត៌មានម៉ាឡេស៊ីបានរាយការណ៍ថា បុរសអាយុ ៣៦ឆ្នាំម្នាក់ ប៊ិះបាត់បង់ជីវិត ព្រោះតែរូបលោកចង់ថតរូប Selfie នៅលើស្ពាន Darul Hana ក្នុងរដ្ឋ Sarawak។

ប្រភពដដែលបានបន្តថា មូលហេតុដែលរូបលោកធ្លាក់ពីលើស្ពាន ព្រោះតែលោកបានឡើងទៅដល់តំបន់ហាមឃាត់នៅលើស្ពាននោះ ដើម្បីថតរូប Selfie ក្រោយមកក៏រអិលជើងធ្លាក់ចូលទន្លេយកតែម្តងនៅវេលាម៉ោងប្រមាណ ៨:៥០ នាទីយប់ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ។

ក្រោយកើតហេតុ បុរសខាងលើត្រូវបានជួយសង្រ្គោះដោយបុរសម្នាក់ឈ្មោះ Busrah Ede ខណៈពេលដែលលោកបានឮសំឡេងស្រែកផ្អើលឆោឡោនៅតំបន់នោះ។  

គួរឱ្យដឹងផងដែរថា លោក Busrah Ede គឺជាអ្នករកស៊ីចែវទូកក្នុងតំបន់នោះ។

លោក Busrah Ede បាននិយាយថា នៅពេលលោកបានឮសំឡេងផ្អើលឆោឡោភ្លាម លោកក៏ចេញទូកទៅជួយសង្រ្គោះ បុរសរងគ្រោះនោះភ្លាម។ ក្រោយមកលោកក៏បាននាំរូបគេឡើងគោក។ 

លោក Busrah Ede

បន្ទាប់មក ក្រុមអ្នកជួយសង្រ្គោះ និងសមត្ថកិច្ចពាក់ព័ន្ធបានមកដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីទទួលបានទូរស័ព្ទប្រមាណម៉ោង ៩:០០ នាទីយប់។

យ៉ាងណាមិញ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះហើយ។ បច្ចុប្បន្នរូបគេកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ 

ជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ

គួរឱ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលមានឧបទ្ទវហេតុបែបនេះកើតឡើង។ តួយ៉ាង កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក៏ធ្លាប់មានសិស្សម្នាក់ បានធ្លាក់ចូលទៅក្នុងទន្លេដូចគ្នាដែរ បន្ទាប់ពីរូបគេបានប្រលែងគ្នាលេងជាមួយមិត្តភក្កិនៅលើស្ពាន។

ដូច្នេះ សូមចៀសឱ្យឆ្ងាយពីការប្រលែងគ្នាលេង ឬទៅថតរូប Selfie នៅលើស្ពាន ឬក៏កន្លែងនានាដែលអាចបង្កគ្រោះថ្នាក់ដល់លោកអ្នក៕  

ទស្សនាវីដេអូខាងក្រោម៖

ស្ពាន Darul Hana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]