ភ្នំពេញ៖ កម្មវិធីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃនេះ នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដោយមានការគាំទ្រពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ។

នៅក្នុងឱកាសនៃការបើកកម្មវិធីនេះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖

«នេះជាលើកទីមួយ ដែលយើងរៀបចំសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ នៅក្នុងប្រទេស ដើម្បីប្រមូលផ្តុំគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ ស្របនឹងអំឡុងពេលនៃការចាប់ផ្តើមអាណត្តិថ្មី ដែលជាអាណត្តិទី ៦ របស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចេកវិទ្យាឌីជីថល នឹងផ្តល់ឱ្យកម្ពុជានូវឱកាសដើម្បីពង្រីកវិសាលភាពនៃការអភិវឌ្ឍចេញពីការអភិវឌ្ឍន៍បែបប្រពៃណី ប៉ុន្តែវាត្រូវការពេលយ៉ាងហោចណាស់ ១០ ឆ្នាំ ដើម្បីបង្កើតសេដ្ឋកិច្ចឌីជីថលមួយដ៏ពេញលេញ»។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

លោក David Li នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technologies (Cambodia) Co. , Ltd. បានថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែមីនា ថា៖ 

«ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្តបន្តប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា អស់រយៈពេល ២០ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៩ ម្ល៉េះ។ ឆ្នាំនេះ គឺជាខួប ២០ ឆ្នាំរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា។ វឌ្ឍនភាពជាមួយចក្ខុវិស័យ និងបេសកកម្មដ៏ច្បាស់លាស់របស់ក្រុមហ៊ុន Huawei ដោយការនាំយកឌីជីថលទៅកាន់មនុស្សគ្រប់រូប គ្រប់គេហដ្ឋាន និងគ្រប់ស្ថាប័ន ដើម្បីបណ្តាញតភ្ជាប់ដ៏ឆ្លាតវៃ និងកម្ពុជាដ៏ឆ្លាតវៃ ដែលស្របទៅនឹងប្រធានបទនៃសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា»។

លោក David បានបន្តថា ក្នុងនាមជាអ្នកឧបត្ថម្ភធំដល់ «ឌីជីថលកម្ពុជា» ក្រុមហ៊ុន Huawei ជឿជាក់ថា «ឌីជីថលកម្ពុជា» ដែលបានផ្តួចផ្តើមដោយរាជរដ្ឋាភិបាលកម្ពុជា នឹងក្លាយជាវេទិកាដ៏អស្ចារ្យមួយ ដែលផ្តល់ឱកាសដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងវិស័យ ICT ដើម្បីផ្លាស់ប្តូរគំនិត និងក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលនឹងជួយប្រទេសកម្ពុជាឆ្ពោះទៅរកឧស្សាហកម្មជំនាន់ទី ៤ ។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យា 5G ក្រុមហ៊ុន Huawei បានចាប់ផ្តើមការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា 5G នៅដើមឆ្នាំ ២០០៩ ហើយបច្ចុប្បន្ននេះ Huawei គឺជាអ្នកផ្គត់ផ្គង់តែមួយគត់ ដែលអាចផ្តល់នូវប្រព័ន្ធបច្ចេកវិទ្យា 5G នេះ។

«ប្រទេសកម្ពុជា គឺជាទីផ្សារកំពុងរីកចម្រើន ដែលជាថាមពលដ៏អស្ចារ្យមួយក្នុងការផ្សារភ្ជាប់រវាងការច្នៃប្រឌិត និងអាជីវកម្ម។ ឆ្នាំ ២០១៩ នឹងក្លាយជាឆ្នាំដ៏សំខាន់មួយសម្រាប់បច្ចេកវិទ្យា 5G នៅកម្ពុជា។ ក្រុមហ៊ុន Huawei ដែលជាអ្នកផ្គត់ផ្គង់ឈានមុខគេលើពិភពលោកនៃបច្ចេកវិទ្យា 5G នឹងជួយដល់ប្រតិបត្តិករទាំងអស់ឱ្យសម្រេចក្តីសុបិននៃបច្ចេកវិទ្យា 5G របស់ពួកគេ។ យើងនឹងបន្តវិនិយោគបច្ចេកវិទ្យា 5G អ៊ីនធឺណិត Cloud AI និងឧបករណ៍ឆ្លាតវៃ ដើម្បីជួយអតិថិជនរបស់យើងបង្កើនអត្ថប្រយោជន៍ជាមួយបច្ចេកវិទ្យាដ៏លេចធ្លោនេះ»។

លោក David បានបន្ថែម។

នៅក្នុងសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ក្រុមហ៊ុន Huawei បានរៀបស្តង់បង្ហាញពីបច្ចេកវិទ្យាចុងក្រោយបង្អស់ 5G ដំណោះស្រាយបច្ចេកវិទ្យា Cloud និងទូរស័ព្ទ 5G ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា គឺ Mate X ៕

កម្មវិធីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩
កម្មវិធីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩
កម្មវិធីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]