ចិន៖ ថ្មីៗនេះមានការផ្ទុះកំហឹងជាខ្លាំងមួយ ដល់ថ្នាក់ឪពុកម្តាយជាច្រើននាំគ្នាសម្រុកចូលតវ៉ាទៅក្នុងសាលារៀនឯកជនមួយកន្លែង បន្ទាប់ពីរកឃើញថា កន្លែងលក់អាហារនៅក្នុងសាលារៀននោះប្រើប្រាស់អាហារ សាច់ស្អុយ គ្មានគុណភាព បណ្តាលឱ្យកូនៗរបស់ពួកគាត់ជាច្រើននាក់ មានការពុលអាហារជាច្រើនឥតគណនា។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងវិទ្យាល័យ Chengdu No.7 នៅពេលមានសិស្សសាលាជាច្រើនចាប់ផ្តើមមានអាការ ក្អួតចង្អោរ, ពិបាកដកដង្ហើម, ឈឺពោះ, និងរាគរុះជាបន្តបន្ទាប់យ៉ាងធ្ងន់ធ្ងរ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយមកក៏មានការត្រួតពិនិត្យនៅក្នុងសាលារៀននោះ ហើយបានរកឃើញថា មានអាហារជាច្រើនសុទ្ធសឹងតែស្អុយរលួយ គ្មានគុណភាព មើលទៅគួរឱ្យខ្ពើម។ ក្រោយមករូបភាពអាហារនេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម។ 

សាច់ស្អុយ គ្មានគុណភាព រកឃើញនៅក្នុងសាលារៀន
សាច់ស្អុយ គ្មានគុណភាព រកឃើញនៅក្នុងសាលារៀន
កន្លែងធ្វើម្ហូបនៅក្នុងសាលារៀន
សាច់ស្អុយ គ្មានគុណភាព រកឃើញនៅក្នុងសាលារៀន

មិនយូរប៉ុន្មានក៏មានការផ្ទុះតវ៉ា ដោយមានអាណាព្យាបាលជាច្រើននាក់បានប្រមូលផ្តុំគ្នាដើម្បីសម្រុកចូលសាលារៀននោះ ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការរារាំង ដោយមានការប្រតាយប្រតប់គ្នាជាខ្លាំង។ អាណាព្យាបាលមួយចំនួនត្រូវបានប៉ូលិសចាប់ខ្លួន ហើយមួយចំនួនទៀតត្រូវបានសមត្ថកិច្ចបាញ់ស្ព្រាយ៍ចូលភ្នែកថែមទៀត។

ក្រោយមក ខាងអាជ្ញាធរក្នុងតំបន់ Wenjiang ក៏បានឆ្លើយតប និងបានប្រកាសថា ពួកគេនឹងស៊ើបអង្កេតលើបញ្ហានេះ ដោយសន្យាថា នឹងផ្តន្ទាទោសចំពោះអ្នកទទួលខុសត្រូវកន្លែងលក់អាហារនៅក្នុងសាលារៀននោះតាមផ្លូវច្បាប់៕

ទន្ទឹមនេះដែរ ខាងសាលារៀនក៏បានសូមទោសជាសាធារណៈចំពោះអាណាព្យាបាល និងសិស្សទាំងអស់សម្រាប់កំហុសឆ្គង ដោយខ្វះការគ្រប់គ្រងចំពោះក្រុមហ៊ុនផ្គត់ផ្គង់អាហារ Sichuan Deyu។ បន្ថែមពីនេះទៀត ខាងសាលារៀនបានផ្តាច់កុងត្រាជាមួយនឹងក្រុមហ៊ុននេះហើយ។ 

ឪពុកម្តាយជាច្រើននាំគ្នាសម្រុកចូលសាលារៀន

យ៉ាងណាមិញ តាមប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់អាហារ Sichuan Deyu មិនត្រឹមតែផ្គត់ផ្គង់អាហារដល់វិទ្យាល័យ Chengdu No.7 តែមួយប៉ុណ្ណោះទេ ថែមទាំងក្រុមហ៊ុនមួយនេះបានផ្គត់ផ្គង់អាហារជាច្រើនដល់សាលារៀន និងក្រុមហ៊ុនជាច្រើនទៀត។ 

នេះសបញ្ជាក់ឱ្យយើងឃើញថា បញ្ហានេះពិតជាជះឥទ្ធពលដល់មនុស្សរាប់ពាន់នាក់។ បច្ចុប្បន្ន ក្រុមហ៊ុននេះត្រូវបានសមត្ថកិច្ចបិទទ្វារមួយរយៈសិន រង់ចាំការស៊ើបអង្កេតបន្ថែម៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

វិទ្យាល័យ Chengdu No.7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]