កូរ៉េខាងត្បូង ៖ Seungri សមាជិកក្រុម Big Bang ត្រូវបានគេស្គាល់ថា ជានាយកផ្នែកទំនាក់ទំនងសាធារណៈ នៅក្នុងក្លឹបរាត្រីដ៏ល្បី និងមានឥទ្ធិពលមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានឈ្មោះថា Burning Sun។ 

ក្នុងនោះដែរ លោកក៏ត្រូវបានគេរកឃើញថា មានចំណែកចូលរួមរៀបចំជំនួញ ជួញដូរផ្លូវភេទ និងគ្រឿងញៀន ការសូកប៉ាន់ ការថតវីដេអូអាសអាភាស ជាដើម នៅក្នុងក្លឹបរាត្រីនេះ។ 

១. ករណីអំពើហឹង្សានៅក្នុងក្លឹបរាត្រី

នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅក្លឹបរាត្រី Burning Sun លោក Kim ដែលអះអាងថាជាជនរងគ្រោះ បាននិយាយថា មានស្ត្រីម្នាក់ត្រូវបានគេយាយីផ្លូវភេទ ហើយបានសុំជំនួយពីលោក ដោយលាក់ខ្លួននៅពីក្រោយខ្លួនរបស់លោក។ ហើយភ្លាមៗនោះ លោកបានសុំជំនួយពី សន្តិសុខនៅក្នុងក្លឹប ប៉ុន្តែសន្តិសុខនោះបែរជាវាយដំលោក ហាក់ដូចជាពួកគេជាមិត្តនឹង ជនដៃដល់ដែលយាយីស្រ្តីរងគ្រោះទៅវិញ។

លោក Kim បានអះអាងថា ខ្លួនត្រូវបានគេដាក់ក្នុងខ្នោះ និងបញ្ជូនទៅប៉ុស្តិ៍ប៉ូលីស ដោយត្រូវគេចោទប្រកាន់ថាពីបទចាប់រំលោភ។

នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៩ Seungri បានបញ្ចេញសារសុំទោសជាផ្លូវការ នៅលើ Instagram របស់ខ្លួនថា ៖ «ខ្ញុំសុំទោសដល់អស់អ្នកទាំងអស់គ្នា ដែលធ្វើឲ្យមិនសប្បាយចិត្ត និងមានការព្រួយបារម្ភអំពីហេតុការណ៍ថ្មីៗ និងបញ្ហាចម្រូងចម្រាស ដែលទាក់ទងនឹងខ្ញុំ»។

Seungri បានអះអាងថា លោកមិននៅក្នុងក្លឹបនោះទេ ពេលដែលកើតរឿង លោកមានការភ្ញាក់ផ្អើលជាខ្លាំង ពេលដែលបានឃើញ អំពើហិង្សាដែលបានកើតឡើង នៅក្នុងវីដេអូ។ លោកបន្តថា នឹងសហការជាមួយការស៊ើបអង្កេតរឿងនេះ។ បន្ទាប់ពីនោះមក ក្លឹបត្រូវបានបិទ ហើយសារព័ត៌មានជាច្រើន បាននិយាយថា ផលិតកម្ម YG កំពុងព្យាយាមលាក់ភស្តុតាង។

២. ករណីថតរូប និងចែកចាយវីដេអូអាសអាភាស

តារាចម្រៀង Jung Joon-young និង Seungri ត្រូវបានរកឃើញថា បានលួចបង្កប់កាមេរ៉ា ថតវីដេអូ និងរូបភាព សកម្មភាពដែលកំពុងរួមភេទជាមួយនារីៗ ដោយគ្មានការយល់ព្រមពីសាមីខ្លួន ហើយបន្តចែកចាយក្នុងចំណោមមិត្តភក្តិនៅក្នុង Group Chat KakaoTalk ដោយក្នុងនោះ មានតារាល្បីៗជាច្រើន រួមទាំង Seungri។

Seungri បានបដិសេធ ការចោទប្រកាន់នេះ ប៉ុន្តែលោកបានសម្រេចចិត្ត ចាកចេញពីក្រុម Big Bang បន្ទាប់ពីការចោទប្រកាន់បានលេចចេញឡើង។

សម្រាប់ករណីនេះ កាលពីថ្ងៃទី ១២ ខែមីនា លោក Jung Joon-young បានសារភាពថា ខ្លួនពិតជាបាន លួចថតរូប និងសកម្មភាពដែល លោកកំពុងរំលោភបំពានលើនារីៗជាង ១០នាក់ ហើយបង្ហោះចែកចាយទៅកាន់ មិត្តនៅក្នុង Group Chat KakaoTalk ពិតប្រាកដមែន។

យោងតាមរបាយការណ៍របស់ប៉ូលីស បានឲ្យដឹងថា វីដេអូអាសអាភាសទាំងនោះ ត្រូវបានថតនៅចន្លោះឆ្នាំ ២០១៥ និង ២០១៦។

ក្រោយពីរឿងអាស្រូវនេះភ្នាក់ងាររបស់លោក Seungri និង Jung Joon-young បានប្រកាសចាកចេញពី វិស័យសិល្បៈ។

រូបភាព Jung Joon-young
រូបភាព Seungri

តារាចម្រៀងរ៉េបល្បីឈ្មោះ Zico គឺជាមិត្តរបស់ Jung Joon-Young ក៏ត្រូវបានគេចោទប្រកាន់ថា គាំទ្រមិត្តប្រព្រឹត្តរឿងខុសច្បាប់ទាំងនេះ ដោយសារតែ កាលពីឆ្នាំ ២០១៦ Zico ធ្លាប់បាននិយាយនៅក្នុងកម្មវិធីមួយថា Jung Joon-Young មានទូរស័ព្ទពណ៌មាស ដ៏អាថ៌កំបាំងមួយសម្រាប់លេង KakaoTalk។

សម្រាប់ករណីនេះ Zico ចេញមុខអះអាងថា ខ្លួនមិនបានដឹងរឿងវីដេអូអាសអាភាសទាំងនោះឡើយ ហើយក៏មិនបានទាក់ទងគ្នា ជាមួយ Jung Joon-Young ទៀតដែរតាំងពីពេលនោះ។ លោកនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះព័ត៌មានប្រឌិតទាំងឡាយ ដែលយកលោកទៅពាក់ព័ន្ធរឿងនេះ។ 

រូបភាព Zico

ស្វាមីតារាសម្តែងស្រី ជនជាតិកូរ៉េ Park Han-Byul ត្រូវគេរកឃើញថា ជាដៃគូអាជីវកម្មជាមួយ Seungri ហើយបានរួចចំណែកផ្ញើវីដេអូអាសអាភាស ទៅក្នុង Group Chat KakaoTalk ផងដែរ។

រូបភាព Park Han-Byul និងស្វាមី

សម្រាប់ Yong Junhyung អតីតសមាជិកក្រុម Highlight បានសម្រេចចិត្តចាកចេញពីក្រុម កាលពីថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីសារភាពថា ខ្លួនមិនបាននៅក្នុង Group Chat KakaoTalk នោះទេ។ ប៉ុន្តែលោកបានមើលវីដេអូទាំងនោះ ហើយមិនព្រមរាយការណ៍ទៅប៉ូលីស ដូច្នេះហើយវាធ្វើឲ្យលោក មានអារម្មណ៍ថាខ្មាសអៀន ចំពោះកំហុសមួយនេះ។

រូបភាព Yong Junhyung

សម្រាប់ករណី តារាចម្រៀងល្បី Choi Jong Hoon អតីតសមាជិកក្រុម F.T. Island ក៏ត្រូវបានគេរកឃើញថា ជាម្នាក់ក្នុងចំណោម មនុស្សនៅក្នុង Group Chat KakaoTalk នេះដែរ។ ប៉ុន្តែកាលពីយប់ថ្ងៃទី ១៤ ខែមីនា លោក Choi Jong Hoon បានសរសេរសារសុំទោស និងទទួលស្គាល់កំហុស នៅក្នុងគណនី Instagram របស់ខ្លួនរួចទៅហើយ។ 

គួរបញ្ជាក់ផងដែរថា លោក Choi Jong Hoon ធ្លាប់ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើន ដូចជាបើកបរក្នុងពេលស្រវឹង និងរំលោភបំពានលើនារី ប៉ុន្តែគ្មានអ្នកណាហ៊ានធ្វើអ្វីឡើយ ព្រោះល្បីថាលោកមានខ្សែជាប៉ូលីសធំ។ បច្ចុប្បន្នប៉ូលីសកំពុងតែ ស៊ើបអង្កេតរឿងនេះ។

រូបភាព Choi Jong Hoon

តារាប្រុសវ័យក្មេង Kang Daniel ត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ Seungri ដែរ ប៉ុន្តែមិនមែនជារឿង វីដេអូអាសអាភាសទេ។ ពាក្យចចាមអារ៉ាមនិយាយថា Seungri បានណែនាំ ស្រ្តីចំណាស់ជនជាតិចិនម្នាក់ឲ្យស្គាល់ Kang Daniel ហើយណាត់ជួបគ្នានៅក្នុងក្លឹបរាត្រី ដែល Seungri គ្រប់គ្រង។ ប៉ុន្តែរឿងនេះ ត្រូវបានបដិសេធទៅវិញ ដោយភ្នាក់ងាររបស់ Kang Daniel។ មេធាវី Kang Daniel បានបន្តថា Kang Daniel និង Seungri គ្មានទំនាក់ទំនងជិតស្និទ្ធឡើយ។

របាយការណ៍ទាំងនេះ ត្រូវបានប្រមូលមកពី បណ្ដាញសង្គម Twitter និងបណ្ដាញសារព័ត៌មានកូរ៉េជាច្រើន ដោយក្រុមអ្នកនិយមចូលចិត្ត Kpop នៅក្នុងប្រទេសកូរ៉េ។ 

សូមប្រិយមិត្តធ្វើការតាមដានដោយការពិចារណា ជាបន្តទៅទៀត៕

រូបភាព Kang Daniel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]