ម៉ាឡេស៊ី៖ ក្រៅពីឪពុកម្តាយយើង គ្រូជាអ្នកមានឥទ្ធពលបំផុតនៅក្នុងជីវិតរបស់យើង ដូចពាក្យចាស់លោកពោលថា «គ្រូជាឪពុកម្តាយទីពីរសម្រាប់យើង។» ពាក្យនេះពិតជាត្រឹមត្រូវណាស់។ ជាក់ស្តែងមានអ្នកគ្រូគណិតវិទ្យាម្នាក់ បើទោះបីជាគាត់បានចែកឋានបាត់ទៅហើយ ប៉ុន្តែស្នាដៃរបស់គាត់នៅតែរក្សាបន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយអស់មួយជីវិត។

អ្នកគ្រូម្នាក់នេះមានឈ្មោះ Hayati Aini Ahmad មុខរបរជាគ្រូបង្រៀនគណិតវិទ្យា ហើយគាត់បានស្លាប់ដោយសារជំងឺមហារីកសុដន់កាលពីពេលថ្មីៗនេះ។ កន្លងមកគាត់បានបង្ហោះវីដេអូបង្រៀនគណិតវិទ្យាជាង ៣០០ វីដេអូចូលក្នុងយូធូបដែលមានឈ្មោះថា hayatimathswizz Hayati Aini។ ដើម្បីឱ្យសិស្សជាច្រើនមើល គាត់ក៏បានបង្ហោះវីដេអូទាំងនេះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់គាត់ផងដែរ។

គណនីយូធូបរបស់អ្នកគ្រូ Hayati

នៅក្នុងបទសម្ភាសជាមួយក្រុមសារព័ត៌មាន mStar ស្វាមីរបស់អ្នកគ្រូគឺលោក Abdul Jalil Daud បាននិយាយថា៖

«ប្រពន្ធរបស់ខ្ញុំបានធ្វើវីដេអូជាភាសាម៉ាឡេ។ ដូច្នេះសិស្សរបស់នាងមានភាពងាយស្រួលយល់ បើទោះបីជានាងបង្រៀនគណិតវិទ្យាជាភាសាអង់គ្លេសបានស្ទាត់ជំនាញជាងភាសាម៉ាឡេក៏ដោយ។»

បន្ថែមពីនេះទៀត គាត់ថែមទាំងចងចាំថា ប្រពន្ធរបស់គាត់នឹងធ្វើរឿងគ្រប់យ៉ាងដើម្បីជួយសិស្សរបស់នាង រួមមានការឆ្លើយសំណួរផ្សេងៗនៅខាងក្រៅម៉ោងបង្រៀន។ យោងតាមអតីតសិស្សរបស់អ្នកគ្រូម្នាក់បាននិយាយថា លោកនៅតែចងចាំបានថា អ្នកគ្រូពិតជាពូកែបង្រៀនណាស់ គាត់ពន្យល់មេរៀនងាយយល់ ហើយគាត់ចិត្តល្អថែមទៀត។

អ្នកគ្រូ Hayati

រហូតមកដល់ថ្ងៃចុងក្រោយនៃជីវិតរបស់គាត់ អ្នកគ្រូ Hayati គឺជាគ្រូគណិតវិទ្យាបង្រៀននៅអនុវិទ្យាល័យ Bandar Baru Sungai Long ក្នុងទីក្រុង Kajang។ គាត់បានទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺមហារីកសុដន់តាំងតែពីខែមករា ឆ្នាំ២០១៧មកម្ល៉េះ ហើយគាត់បានគេងសម្រាកនៅលើគ្រែពេទ្យតាំងតែពីខែកញ្ញា ឆ្នាំ២០១៨។ ជាអកុសល គាត់បានទទួលមរណៈភាពក្នុងវ័យ ៤៦ឆ្នាំ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ។

នេះពិតជាគួរឱ្យសោកស្តាយពិតមែនដែលគាត់ឆាប់ស្លាប់បែបនេះ។ យ៉ាងណាមិញ ថ្វីបើគាត់ស្លាប់បាត់ពិតមែន ប៉ុន្តែស្នាដៃរបស់គាត់នៅតែបន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយជារៀងរហូត។ យើងជឿជាក់ថា សិស្សរបស់អ្នកគ្រូប្រាកដជាចងចាំអ្នកគ្រូអស់មួយជីវិត៕

ទស្សនាវីដេអូបង្រៀនរបស់អ្នកគ្រូដូចខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]