រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ សហ​ការជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​​ចាប់ខ្លួន ក្រោយ​​ធ្វើ​សកម្មភាព​វាយ​កូនប្រុស​បង្កើត​របស់​ខ្លួន​ម្នាក់ ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហើយ​បាន​ស្លាប់​ ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ​។ ហើយ​ខណៈ​​ប្រពន្ធ​ទៅ​ធ្វើការ​រោងចក្រ​ហើយ​ប្រគល់​កូន​ទាំង​២​នាក់ ឲ្យ​បុរស​ជា​ប្ដី​នេះ​មើលថែ ហើយ​បុរស​នេះ​ខឹង​កូន​យំ​តាម​ម្ដាយ​លួង​មិន​បាត់ ទើប​វាយតែម្តង ។​ បន្ទាប់​មក ​សាច់ញាតិ​ខាង​ប្រពន្ធ​បាន​កើត​ទុក​មិន​សុខចិត្ត​ ព្រោះ​ឃើញ​មាន​របួស​ស្នាម​ច្រើន​កន្លែង​លើ​ដង​ខ្លួន​សពកូន ​ទើប​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​បុរស​ជា​ឪពុក​ចាត់ការ​តាម​ច្បាប់​ព្រោះ​សង្ស័យ​ថា​ ក្មេង​ប្រុស​ខាងលើ​ស្លាប់​ដោយ​ស្នាដៃ​ឪពុក​។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១១ ​មីនា ​ស្ថិតនៅ​ក្នុង​បន្ទ​ផ្ទះ​ប់​ជួល គ្មាន​លេខ មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជន​​​​សង្ស័យ ​ឈ្មោះ ន័យ រិ​ទ្ធី ហៅ ម៉ា​ប់ ​អាយុ​២២​ឆ្នាំ មុខរបរ​នៅផ្ទះស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ​ មាន​​ប្រពន្ធ​ឈ្មោះ ស្រេង សុ​ភ័ក្ត្រ អាយុ​២៩​ឆ្នាំ ។ ចំណែក​កូនប្រុស​ដែល​ស្លាប់​នោះ​ឈ្មោះ រិ​ទ្ធី រ៉ា​ទី អាយុ​៣​ឆ្នាំ និង​មាន​​កូនស្រី​ម្នាក់ទៀត​ឈ្មោះ រិ​ទ្ធី លាង​អ៊ី អាយុ​១​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​ ។

យោង​តាម​របាយការណ៍​របស់​នគរបាល​នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១១ ​មីនា ​ប្រពន្ធ​បាន​ទុក​កូន​តូច​ទាំង​២​នាក់​ ឱ្យ​ប្ដី​មើលថែ​ ។ ហើយ​នាង​បាន​ចេញ​ទៅ​ធ្វើការ​រោងចក្រ​បាត់ ។ ​ពេល​នោះ​កូន​ទាំង​២​បាន​យំ​តាម​ម្ដាយ ហើយ​ទោះបី​ខំ​លួង​យ៉ាងណា​ក៏​មិន​ឈប់​យំ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​នេះ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ហើយ​បាន​យកអំបោស និង​ដែក​កាង​ព្យួរ​ខោអាវ​វាយ​ទៅ​លើ​កូនប្រុស​អាយុ​៣​ឆ្នាំ​ចំ​ត្រង់​គូទ ជើង និង​ដងខ្លួន បណ្ដាល​ឲ្យ​រង​របួស​ជា​ច្រើន​កន្លែង ព្រមទាំង និយាយ​សម្លុត​ឲ្យ​ឈប់​យំ​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​មិន​បាន​យក​កូនប្រុស​ខាងលើ​ទៅ​កាន់​មន្ទីរពេទ្យ​ឡើយ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ ក៏​មិន​បាន​ប្ដឹងផ្ដល់​អ្វី​ដែរ ។

ប្រភព​ដដែល​​បន្ត​ទៀត​ថា លុះដល់វេលាម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ​មីនា កូនប្រុស​មាន​អាកា​រៈ​ស្រួល​ខ្លាំង​ប្រកាច់​រមួល​ដៃ រមួល​ជើង និង​ស្រែកយំ​ខ្លាំង​ៗ ហើយ​បុរស​ជា​ឪពុក​នេះ​ មិន​បាន​នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ទេ គឺ​ទុក​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ។​ ពេល​ដែល​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ស្រេង សុ​ភ័ក្ត្រ ចេញពី​ធ្វើការ​រោងចក្រ ហូប​បាយ​ថ្ងៃត្រង់ ទើប​ជន​នេះ​រក​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង ជិះ​ឌុ​ប​ប្រពន្ធ និង​កូន​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ស្ថិត​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ខណៈនោះ​ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ញាប់ដៃ​ញាប់​ជើង​ដែរ​ប៉ុន្តែ​ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក​រហូត​ដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែមីនា​ដដែល​កូនប្រុស​បាន​ស្លាប់​។

ប្រភព​ខាងលើ​បាន​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ បុរស​នេះ​និង​ប្រពន្ធ បាន​នាំ​យក​សព​កូនប្រុស​ទៅ​កាន់​វត្តវ៉ា​រិ​ន្ទ ហៅ​វត្ត​ព្រែក​លៀប ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដើម្បី​បូជា​តាម​ប្រពៃណី​។ ប៉ុន្តែ​ខណៈនោះ​ក្រុម​គ្រួសារ​ខាង​ប្រពន្ធ​ដែល​បាន​ទៅ​ចូលរួម​មើលខ្លួន​សព​ឃើញ​មាន​ស្នាម​របួស​ពេញ​ដងខ្លួន ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ឲ្យ​ជួយ​អន្តរាគមន៍​ពិនិត្យ​កោសល្យវិច័យ ។​ ព្រមទាំង​ប្ដឹង​ឲ្យ​ចាប់ខ្លួន​បុរស​នោះ​ចាត់ការ​តាម​ច្បាប់​ព្រោះ​សង្ស័យ​ថា​ ការ​ស្លាប់​នេះ​បណ្ដាល​មក​ពី​ការ​ប្រើ​អំពើ​ហឹ​ង្សា​វាយដំ​ពី​សំណាក់​បុរស​ជា​ឪពុក​។​​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]