ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ស្ទើរស្រែកទ្រហោយំ ខណៈដើរទៅបើកតូបបម្រុងនឹងលក់ដូរដូចសព្វដង ស្រាប់តែពិនិត្យឃើញអីវ៉ាន់នៅក្នុងតូបរបស់ខ្លួនបាត់អស់ជាច្រើន ដោយបន្ទាប់ពីក្រុមចោរចូលចាក់សោលួចរួចក៏ចាក់សោបិទវិញ លុះម្ចាស់តូបបើកមើលឃើញសភាពខុសប្រក្រតីទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ហេតុការណ៍ចោរលួចចាក់សោលួចអីវ៉ាន់ក្នុងតូបនេះបង្កឲ្យភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង៣នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ មាស ស្រី ហៅពៅ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយបាត់អស់កូនធុងបាសម៉ាក JBL ១គ្រឿងតម្លៃ៣០០ដុល្លារ ខោអាវកូរ៉េជាច្រើន អាវកូនក្មេង និងខោខ្លី(លីអូ)ជាច្រើនបាត់សារុងអស់១២០ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុខណៈអ្នកលក់កាហ្វេងើបទៅដាំទឹកសម្រាប់ឆុងកាហ្វេលក់ដូចសព្វមួយដង ស្រាប់តែឃើញជនសង្ស័យចំនួន២នាក់ មានដាក់អីវ៉ាន់នៅលើរទេះវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រលុះគាត់សួរនាំចុះឡើងៗ ពួកគេក៏នាំគ្នាអូសរទេះដែលមានឥវ៉ាន់នោះដាក់នឹងម៉ូតូ រួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
ប្រភពបញ្ជាក់ទៀតថា គាត់ក៏មិនចាប់អារម្មណ៍ថាជាចោរអ្វីនោះទេ ដោយស្មានតែអ្នករើសអេតចាយ ឬអ្នករៀបចំឥវ៉ាន់នៅក្នុងផ្សារលុះព្រឹកឡើងមានបាត់អីវ៉ាន់ទើបដឹងថា ជាក្រុមចោរលួចគាស់តូបលក់ប្រាកដមែន ។ បើតាមសម្តីស្ត្រីរងគ្រោះឈ្មោះ មាស ស្រី បានរៀបរាប់ឱ្យដឹងថា តូបរបស់គាត់បានចាក់សោរួចរាល់អស់ហើយ ដោយប្រើសោធម្មតាលុះព្រឹកឡើងមកចាក់សោលក់ដូចសព្វមួយដង ស្រាប់តែបាត់ឥវ៉ាន់អស់រលីងតែម្តង ។
គាត់បន្តថា រៀងរាល់ខែគាត់បង់ប្រាក់ឱ្យសន្តិសុខដែលយាមយប់ដោយទុកចិត្តថា គេមើលថែតូបក្នុងផ្សារបានល្អ ប៉ុន្តែបែរជាបាត់ឥវ៉ាន់របស់គាត់អស់រលីងទៅវិញ ។ គាត់មិនសុខចិត្តនោះ ទេ គឺនឹងដាក់ពាក្យបណ្តឹងឱ្យសន្តិសុខ ឬអ្នកគ្រប់គ្រងផ្សារឱ្យរកដំណោះស្រាយជូនគាត់ ព្រោះសន្តិសុខហាក់ដូចជា មិនយកចិត្តទុកដាក់យាមកាមឱ្យបានល្អនោះទេ ។
បន្ទាប់ពីបាត់ឥវ៉ាន់នៅក្នុងផ្សារបែបនេះអ្នកលក់ដូរជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ខណផ្សារមានសន្តិសុខតែដូចអត់សន្តិសុខ បែរជាធ្វែសប្រហែសឱ្យចោរចូលលួចគាស់ និងចាក់សោលួចអស់ជាច្រើនបែបនេះ ។
ដូច្នេះពួកគាត់ក៏សំណូមពរឱ្យប្រធានផ្សារ និងអ្នកគ្រប់គ្រងសន្តិសុខផ្សារទាំងអស់ត្រូវតែពង្រឹងការការពារឱ្យបានហ្មត់ចត់ផងដែរ ។ ពាក់ព័ន្ធនឹងបញ្ហានេះលោកគង់ សំណាង អធិការរងនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា ខាងលោកកំពុងតែធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាខាងលើដោយសារខណៈដែលចោរចូលទៅលួចនោះមិនបានធ្វើឱ្យបាត់ទ្រង់ទ្រាយដើម ដោយគាស់តូបនោះទេ គឺពួកគេចាក់សោចូលលួច រួចចាក់សោបិទវិញ ដែលជាហេតុនាំឱ្យមានការឆ្លល់សង្ស័យយ៉ាងខ្លាំង ហើយខាងលោកកំពុងឱ្យក្រុមការងារធ្វើការស៊ើបសួរឱ្យបានច្បាស់លាសដល់ម្ចាស់តូប ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]