ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ ទូរទស្សន៍ដ៏ល្បី នាំមុខគេក្នុងការផលិតភាពយន្តភាគខ្មែរ ភីអិនអិន បានធ្វើការដាក់បញ្ចេញនូវរឿងភាគដ៏ធំ «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» យ៉ាងអធិកអធម មានតារាជាច្រើនដួង បានធ្វើការចូលរួម នៅក្នុងផ្សារទំនើបអ៊ីអន១។

តួអង្គក្នុងរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»

រឿង«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ដែលមហាជនជាច្រើន បានទន្ទឹងរង់ចាំអស់ពេលជាយូរនោះ បានឆ្លងកាត់ការថតអស់ពេលជាច្រើនឆ្នាំ និងបានសម្រិតសម្រាំងយ៉ាងល្អ ដើម្បីចង់ឲ្យក្លាយជាស្នាដៃដ៏ធំប្រចាំឆ្នាំ២០១៩របស់ទូរទស្សន៍ដ៏ល្បី។ កញ្ញាទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយនៃទូរទស្សន៍ភីអិនអីន បានថ្លែងយ៉ាងក្បោះក្បាយថា៖

« រឿងភាគដំបូងនេះ បានចំណាយពេលផលិតរហូតដល់ជាង១ឆ្នាំ ហើយបានកម្លាយចេញពីប្រលោមលោកដ៏ល្បីមួយ ដែលមានអ្នកគាំទ្រចូលអានច្រើនបំផុត នាពេលកន្លងមក។ កញ្ញាបន្ថែមថា អ្នកគាំទ្រទូទាំងប្រទេស ដែលធ្លាប់បានអានរឿងនេះពីមុនមក ពិតជាចង់ឲ្យតួអង្គនីមួយៗនៅក្នុងប្រលោមលោកមួយនេះ មានសកម្មភាពពិតៗ សម្លេងពិត ក្លាយជាផ្ទាំងទស្សនីយភាព ដ៏រស់រវើកនៅលើកញ្ចក់ទូរទស្សន៍ ក្នុងលក្ខណៈជាខ្សែភាពយន្ដ ហើយភីអិនអិនក៏ពិតជាចង់ឲ្យរឿងនេះ ចេញមកប្រកមដោយគុណភាព»។
កញ្ញាទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយនៃទូរទស្សន៍ភីអិនអីន

រឿងភាគខ្មែរដែលប្រែក្លាយរូបរាង មកពីប្រលោមលោកដ៏ល្បីមួយនេះ ឆ្លុះបញ្ចាំង​ពីមនោសញ្ចតនា មិត្តភាពយូរអង្វែង ការភ័ន្តច្រឡំដោយអស្មិមានះ និងតម្លៃនៃគុណធម៌ឈរពីលើផលប្រយោជន៍។ លើសពីនេះរឿងនេះបានបញ្ចូលនូវឈុតឆាករំភើប និងកន្ត្រាក់អារម្មណ៍ជាច្រើន ដែលធ្វើឲ្យអ្នកទស្សនាកាន់តែពេញចិត្ត រីឯតួអង្គនីមួយៗក៏ចូលតួបានល្អទៅតាមនោះ។

លោក សុខសាធិត សាក់រ៉ាយុត នាយកគ្រប់គ្រងរបស់ទូរទស្សន៍ភីអិនអិន បានបញ្ចេញមតិក្នុងសារផ្លូវការទៅកាន់បណ្ដាញព័ត៌មាន យ៉ាងដូច្នោះថា៖

«ភីអិនអិនមានទស្សនវិស័យរយៈពេលវែង និងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងស្ថាប័នជំនាញ សិល្បករ សិល្បការិនីខ្មែរ ដើម្បីជំរុញកម្រិតបទដ្ឋានរឿងភាគក្នុងស្រុកឲ្យឈានដល់អ្វីដែលទីផ្សារកំពុងចង់បាន ហើយទូរទស្សន៍ភីអិនអិន នឹងដាក់ចេញនូវខ្សែរឿងភាគធំៗជាច្រើនចំណងជើងទៀត ដោយមានការសម្រិតសម្រាំងពីផលិតកម្មមានសមត្ថភាព និងចេញពីស្នាដៃអ្នកនិពន្ធល្បីៗ ដែលមានគុណភាព សាច់រឿងកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ»។
តួអង្គក្នុងរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»
តួអង្គក្នុងរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»
លោក លៀក លីដា
អ្នកគាំទ្ររឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»

តាមរយៈការបើកបង្ហាញពី សាច់រឿងខ្លះៗរបស់រឿងភាគមួយនេះ ឃើញថាទាំងរូបភាពពិតជាច្បាស់ ការដាក់ភ្លើងក៏ល្អ រាល់ប្លង់ថតពិតជាទាក់ទាញ និងមិនធ្វើឲ្យអ្នកទស្សនាមើលទៅសុំាភ្នែកនោះទេ។ 

ចំណែកឯតួអង្គនីមួយៗមានដូចជា លោកលឹម ជាឡាយ ពុធ ស្រីខួច លោកប៊ឺរី កញ្ញាសាឡាត់ ស្រីឡាង ចាន់ រាសី ង៉ែត លីតា នូ ឧសភា ឈិន ស៊ាវម៉ី រតនៈ ពិសិដ្ឋ ទេព មនោរម្យ ជា សំណាង ហង្ស អច្ឆរិយា និងតារាជាច្រើនផ្សេងទៀត សុទ្ធសឹងតែមានសមត្ថភាព និងទេពកោសល្យខ្ពស់លើការងារសម្ដែង ហើយពួកគេក៏បានសម្តែងឡើងយ៉ាងអស់ពីចិត្ត មានសើច មានយំ ស្នេហាលាយបញ្ចូលគ្នា គួរឲ្យសរសើរ។

គួរបញ្ជាក់ផងដែរថា រឿងភាគខ្មែរ«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»ខ្នាតធំមួយនេះ នឹងធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នេះតទៅ ចាប់ពីម៉ោង ៧:៥០ នាទីយប់ ជារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ៕

សោក សៅ ឧត្តម និងកញ្ញា សុវត្ថិឌី ធារិកា
ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]