ភ្នំពេញ៖ ផ្សារទំនើបអ៊ីអនម៉លសាខាភ្នំពេញ សាខាសែនសុខ និងផ្សារទំនើប The Heritage Walk នៅក្នុងខេត្តសៀមរាប សុទ្ធសឹងជាកន្លែងផ្តល់នូវការចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីថ្ងៃម្សិលមិញ ស្របពេលដែលអ្នកប្រើប្រាស់កម្មវិធី Pi Pay (ផាយ ផេ) រហូតដល់ទៅ ៣ ម៉ឺនាក់ បានចូលរួមអបអរព្រឹត្តិការណ៍ Pi Pay Day ដោយបានចំណាយប្រាក់ច្រើនជាង ៣ លានដុល្លារអាមេរិក ទៅលើទំនិញ និងអាហារផ្សេងៗជាច្រើនដូចជា ស្បែកជើង កាហ្វេ គ្រឿងអេឡិចត្រូនិក និងភីហ្សា។ អ្នកមានសំណាងម្នាក់ ក៏ត្រូវបានប្រកាសថា ជាអ្នកឈ្នះប្រាក់រង្វាន់ ៣១៤០០ ដុល្លារអាមេរិក ក្រោយពីបានចូលរួមក្នុងកម្មវិធីរាប់ថយក្រោយរបស់ព្រឹត្តិការណ៍ ផាយ ផេ។

ព្រឹត្តិការណ៍ Pi Pay Day ឆ្នាំ២០១៩

Pi Pay Day គឺជាការអបអរប្រចាំឆ្នាំរបស់ Pi Pay និងបដិវត្តន៍ទូទាត់មិនប្រើក្រដាសប្រាក់របស់ក្រុមហ៊ុននេះនៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ Pi Pay Day ឆ្នាំទី១ កាលពីឆ្នាំ ២០១៨ ទទួលបានកំណើនច្រើនជាង ២០០០% ទៅលើការទូទាត់តាមរយៈ ផាយ ផេ នៅផ្សារទំនើបអ៊ីអនម៉លសាខាភ្នំពេញ ស្របពេលអ្នកដើរផ្សារជាច្រើនបានប្រជែងគ្នា ដើម្បីរីករាយនឹងការបញ្ចុះតម្លៃលើទំនិញជាទូទៅ និងការផ្តល់ជូនតម្លៃយ៉ាងពិសេសជាច្រើន។

លោក ថូម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយ ផេ បានពន្យល់ថា នៅថ្ងៃនេះព្រឹត្តិការណ៍នេះ នឹងត្រូវពង្រីកទៅកាន់ទីតាំង ៣ ដើម្បីឈានទៅដល់ពលរដ្ឋកាន់តែច្រើន ដោយមានការបញ្ចុះតម្លៃដល់ទៅ ៣១,៤% ចំពោះពាណិជ្ជកររបស់ ផាយ ផេ ដែលចូលរួមក្នុងកម្មវិធីនេះ និងបង្ហាញឲ្យឃើញបន្ថែមទៀតពីទីតាំងរបស់ ផាយ ផេ ក្នុងនាមជាកម្មវិធីផ្តល់ការទូទាត់មិនប្រើក្រដាស់ប្រាក់ឈានមុខគេរបស់កម្ពុជា។ លោកបានឲ្យដឹងថា៖ 

«ព្រឹត្តិការណ៍ Pi Pay Day កាលពីឆ្នាំមុន ទទួលបានជោគជ័យដ៏គួរឲ្យកត់សម្គាល់ ហើយក្រោយពីការរីកចម្រើន និងការពង្រីកខ្លួនរយៈពេល ១ ឆ្នាំពេញ ខ្ញុំពិតជារីករាយណាស់ដែល Pi Pay Day ក្នុងឆ្នាំ ២០១៩ បានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ និងពាណិជ្ជករជាច្រើន»។

លោក ផូកូនី បានបន្ថែមទៀតថា៖ 

«ស្របពេលដែលយើងបានបន្តបង្ហាញពីសុវត្ថិភាព និងអត្ថប្រយោជន៍នៃការទូទាត់មិនប្រើក្រដាសប្រាក់នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងកន្លែងជាច្រើនបន្ថែមទៀតទូទាំងប្រទេសកម្ពុជា ផាយ ផេ កំពុងតែគាំទ្រដល់បដិវត្តន៍ផ្នែកឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា និងផ្តល់ជូនមធ្យោបាយថ្មីមួយសម្រាប់ពលរដ្ឋរាប់ម៉ឺននាក់ក្នុងការចំណាយ សន្សំ និងផ្ទេរប្រាក់»។
ព្រឹត្តិការណ៍ Pi Pay Day ឆ្នាំ២០១៩

ក្រោយពីបានពង្រីកបណ្តាញរបស់ខ្លួនទៅកាន់ខេត្តសៀមរាប និងព្រះសីហនុ កាលពីឆ្នាំមុនក្រុមហ៊ុន ផាយ ផេ បានផ្តល់ការគាំទ្រការទូទាត់មិនប្រើក្រដាសប្រាក់ឥតឈប់ឈរសម្រាប់ពាណិជ្ជករទូទាំងខេត្តក្រុងសំខាន់ៗទាំងនេះ និងសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាដៃគូទូទាត់ប្រាក់ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដូចជា AliPay និង WeChat។ ភ្ញៀវបរទេសជាច្រើន ជាពិសេសមកពីប្រទេសចិន ឥទ្បូវនេះអាចរីករាយនឹងអត្ថប្រយោជន៍នៃការទូទាត់មិនប្រើក្រដាសប្រាក់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា ដោយមិនចាំបាច់យកប្រាក់តាមខ្លួន ឬក៏ប្តូររូបិយប័ណ្ណរបស់ប្រទេសកំណើតខ្លួនទៅជាដុល្លារអាមេរិក ឬប្រាក់រៀលឡើយ។

ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ Pi Pay Day ឆ្នាំ២០១៩ អ្នកប្រើប្រាស់ ផាយ ផេ ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងប្រាក់រង្វាន់ប្រចាំថ្ងៃ។ ដោយគ្រាន់តែធ្វើការដាក់លេខកូដក្នុងកម្មវិធី Pi Pay អ្នកប្រើប្រាស់ទទួលបាននូវឱកាសនៃការផ្សងសំណាងប្រាក់រង្វាន់ ៣១៤ ដុល្លារអាមេរិកប្រចាំថ្ងៃ ៣១៤០ ដុល្លារប្រចាំសប្តាហ៍ និងរង្វាន់ធំ ៣១៤០០ ដុល្លារ សម្រាប់រាល់ការផ្ទេរប្រាក់ចាប់ពី ១ ដុល្លារ ទ្បើងទៅតាមរយៈកម្មវិធី ផាយ ផេ។

ពាក្យ «ផាយ (Pi)» គឺជាប្រមាណវិធី គណិតវិទ្យាដែលត្រូវបានប្រើប្រាស់ដើម្បីគណនាចំណុច ឬបរិមាត្ររង្វង់មួយពីកាំរង្វង់នោះ ហើយលេខកាត់សម្រាប់ពាក្យនេះគឺ ៣.១៤ ឬខែ មីនា ទី១៤ ដើម្បីបង្កើតឲ្យថ្ងៃដ៏ល្អឥតខ្ចោះសម្រាប់ ផាយ ផេ ក្នុងការអបអរជាមួយនឹងអ្នកប្រើប្រាស់ និងពាណិជ្ជករទូទាំងព្រះរាជាណាចក្រកម្ពុជា៕  

ព្រឹត្តិការណ៍ Pi Pay Day ឆ្នាំ២០១៩
ព្រឹត្តិការណ៍ Pi Pay Day ឆ្នាំ២០១៩
ព្រឹត្តិការណ៍ Pi Pay Day ឆ្នាំ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]