កូរ៉េខាងត្បូង ៖ ឆ្នាំ ២០១៩ បានក្លាយទៅជា ឆ្នាំបញ្ចប់ជីវិតជាតារាល្បីរបស់ Seungri សមាជិកក្រុម BigBang ដោយសារតែតារាប្រុសរូបនេះ ត្រូវបានគេរកឃើញថា មានចំណែកពាក់ព័ន្ធក្នុងរឿង បទឧក្រិដ្ឋខុសច្បាប់ជាច្រើនករណី ដូចជាការរំលោភបំពាន និងជួញដូរផ្លូវភេទ ការសូកប៉ាន់ ការជួញដូរគ្រឿងញៀនជាដើម។

កាលពីពេលថ្មីៗកន្លងទៅនេះ Seungri បានអះអាងថា លោកព្រមនឹងសហការណ៍ជាមួយប៉ូលីស យ៉ាងពេញទំហឹង ដើម្បីស្វែងរកការពិត ជុំវិញពាក្យចោទប្រកាន់ដែលថា លោកជាប់ពាក់ព័ន្ធនឹង ការជួញដូរគ្រឿងញៀន ការរំលោភបំពានផ្លូវភេទ និងអំពើហឹង្សាដែលកើតឡើង នៅក្នុងក្លឹបកម្សាន្តដែលលោកគ្រប់គ្រង ។

ជាការពិតណាស់ អ្នកគាំទ្ររបស់ BigBang ទូទាំងពិភពលោក បានក្រោកឈរឡើង ហើយផ្ដល់កម្លាំងចិត្ត ជូនទៅដល់សមាជិកកូនពៅប្រចាំក្រុមម្នាក់នេះ យ៉ាងច្រើនកុះករ។

ប៉ុន្តែអ្វីៗខុសពីការស្មាន ក្រោយពីការស៊ើបអង្កេត និងការបំភ្លឺរឿងក្ដីពីសំណាក់ តារាប្រុសដ៏ល្បីរូបនេះរួចមក បែរជាកាន់តែធ្វើឲ្យរូបលោក ទទួលរងនូវបទចោទប្រកាន់ថ្មីៗ កាន់តែច្រើនទៅវិញ។

ជាក់ស្ដែង បន្ទាប់ពីការបំភ្លឺរឿងក្ដីរបស់ Seungri អស់រយៈពេលជាច្រើនម៉ោង អ្វីដែលអ្នកគាំទ្រ និងមហាជនទទួលបានវិញ គឺមានតែការខកចិត្ត និងភាពសោកសៅ ខណៈដែលតារាប្រុសដ៏ល្បីលំដាប់ប្រទេសដូចជា Seungri សមាជិកក្រុម BigBang ត្រូវបានគេរកឃើញភស្ដុតាងជាច្រើនបង្ហាញថា លោកងប់ងុលយ៉ាងខ្លាំងនឹង ល្បែងស៊ីសងនៅក្រៅប្រទេស ថែមទាំងផ្តល់សេវាកម្មផ្លូវភេទ ដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ លើសពីនេះទៅទៀត ពាក្យសម្ដីជាច្រើន នៅក្នុងសារសម្ងាត់ទាំងនោះ ហាក់ដូចជាបង្ហាញថា រូបលោកគឺជាអ្នករកស៊ី ជួញដូរផ្លូវភេទយ៉ាងស្ទាត់ជំនាញម្នាក់ យ៉ាងដូច្នោះដែរ។

ដំណឹងនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រ តក់ស្លុតយ៉ាងខ្លាំង ហើយក៏ល្បីកក្រើកពាសពេញអ៊ីនធើណែត តាំងពីពាក់កណ្ដាលយប់ ឈានចូលថ្ងៃទី ១៥នេះ។ ទោះបីជាយ៉ាងនេះក្ដី នៅមិនទាន់មានចំណាត់ការ ណាមួយច្បាស់លាស់ អំពីរឿងនេះនៅឡើយទេ។ សូមប្រិយមិតុ្តធ្វើការតាមដាន ដោយការពិចារណា ជាបន្តទៅទៀត៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BigBang
រូបភាព Seungri
រូបភាព Seungri
រូបភាព Seungri
រូបភាព សាររបស់ Seungri និងដៃគូជំនួញ
រូបភាព សាររបស់ Seungri និងដៃគូជំនួញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]