ខេត្តស្វាយរៀង ៖ ក្មេង​ស្រី​ម្នាក់​អាយុ​៧​ឆ្នាំ​ត្រូវ​សត្វ​កណ្តុរ​ខាំ​ដាច់​មេដៃ​ខាងឆ្វេង​របួសធ្ងន់ ព្រួយបារម្ភ ខ្លាច​ស្លាប់​ដូច​សត្វ​ឆ្មា​ខាំ​បាន​អំពាវនាវ​រក​សប្បុរស់ជន​ផ្តល់​ក្តី​មេត្តា​ជួយ​ជា​សោហ៊ុយ​ដើម្បី​ទៅ​រាជធានី​ភ្នំពេញ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្កួត​។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៤ មីនា ២០១៩ នៅ​ភូមិ​សួន​ថ្មី សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​។

កុមារី​រង​គ្រោះ​រស់នៅ​ជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ មានកូន​៣​នាក់ ហើយ​មាន​ជីវភាព​ទីទាល់​ក្រ​គ្មាន​លទ្ធភាព​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ បាន​ដ​ង្ហើ​យ​រក​សប្បុរសជន​ឱ្យ​ជួយ​ខណៈ​កូនស្រី​ពៅ​បាន​រង​របួស​មេដៃ​ឆ្វេង​ដោយសារ​តែ​សត្វ​កណ្តុរ​ខាំ​ហើយ​កំពុង​មាន​ជំងឺ​ក្តៅខ្លួន​ខក​ខានមិនបាន​ទៅ​រៀន​អស់​រយៈពេល​មួ​យស​ប្តា​ហ៍​មក​ហើយ​។

បើ​តាម​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ មាស ផល្លា អាយុ​៤២​ឆ្នាំ សព្វថ្ងៃ​មាន​ទីលំនៅ​ភូមិ​សួន​ថ្មី សង្កាត់​ព្រៃ​ឆ្លាក់ បានឱ្យ​ដឹង​ថា កូនស្រី​របស់​គាត់​ដែល​ត្រូវ​សត្វ​កណ្តុរ​ខាំ​រង​របួស នោះ​ឈ្មោះ សៅ ស៊ី​ណាត មាន​អាយុ​៧​ឆ្នាំ សព្វថ្ងៃ​រៀន​នៅ​ថ្នាក់​ទី​១ នៃ​សាលា​បឋម​សិក្សា ២​ធ្នូ​។

ប្រភព​ខាងលើ​បានឱ្យ​ដឹង ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៩​នេះ រូប​គាត់​ទាំង​៤​នាក់​ម្តាយ និង​កូន បាន​គេង​ក្នុង​មុង ជាមួយ​គ្នា តែ​ចៃដន្យ​កូនស្រី​រង​គ្រោះ បាន​ដាក់​ដៃ​ចេញ​ក្រៅ​មុង​ហើយ​ក៏​ត្រូវ​សត្វ​កណ្តុរ​ខាំ​ចំ​មេដៃ​ខាងឆ្វេងតែ​ម្តង​បណ្តាល​ឱ្យ​រង​របួស។

​ហើយ​ក្រោយ​ពី​ត្រូវ​សត្វ​កណ្តុរ​ខាំ​បាន​មួយ​យប់​កូន​របស់​គាត់​ក៏​កើត​មាន​អាកា​រៈ​ក្តៅខ្លួន រួច​រូប​គាត់​ក៏​បាន​នាំ​កូន​ទៅ​ព្យាបាល​មុខរបួស​នៅ​មន្ទីរពេទ្យ​ខេត្ត បាន​រយៈពេល​៣​ថ្ងៃ ក៏​សុំ​គ្រូពេទ្យ ត្រឡប់​មក​ផ្ទះ​វិញ ដោយសារ​ពេទ្យ​ពុំ​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ប្រភេទ​សត្វ​ខាំ​ខាងលើ​នោះ​ទេ ម្យ៉ាង​សង្ស័យ​ថា ក្រែង​សត្វ​ឆ្មា​ខាំ​គួរ​ទៅ​រាជធានី​ភ្នំពេញ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្មា​ឆ្កួត​។ ស្ត្រី​ដដែល​បាន​បន្ត​ថា នៅ​ពេល​ដែល​កូន​គាត់​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​នោះ គ្រូពេទ្យ​បានឱ្យ​រូប​គាត់​នាំ​កូន​ទៅ​ភ្នំពេញ​ដើម្បី​ព្យា​ល​បាល​ទៅ ពីព្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​គ្មាន​ថ្នាំ​វ៉ាក់សាំង សម្រាប់​ចាក់​ឱ្យ​ទេ​។

ដោយសារ​រូប​គាត់​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ដើរ​ស៊ីឈ្នួល​លាងចាន​ឆ្នាំង​ឱ្យ​គេ ហើយ​កូន​តូច​ៗ​នៅ​ក្នុង​បន្ទុក​រហូត​ដល់​ទៅ​៣​នាក់​ផង ជីវភាព​ទីទាល់​ក្រ​រកតែ​អង្ករ​ច្រក​ឆ្នាំង ស្ទើរ​មិន​បាន​ផង គាត់​ក៏​សម្រេចចិត្ត​យក​កូន​មក​ផ្ទះ​ដេក​មើល​តាម​យថាកម្ម​តែ​ម្តង​ទៅ​។ បច្ចុប្បន្ន​រូប​គាត់​មាន​តែ​លើក​ម្រាមដៃ​១០​ប្រណម​សុំ​ដល់​សប្បុរសជន​ដែល​មានចិត្ត​ធម៌​ផ្តល់​ក្តី​មេត្តា​ជួយ​ជា​ថវិកា​ធ្វើ​សោហ៊ុយ និង​ថ្លៃ​ចាក់​វ៉ាក់សាំង​ឲ្យ​កូនស្រី​ពៅ​របស់​គាត់​ផុត​ពី​គ្រោះកាច​នេះ​ផង​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ លោកគ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ពិតជា​បាន​ចូល​មក​សម្រាក​ព្យាបាល​មុខរបួស​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩​ប្រាកដ​មែន ហើយ​ក៏​បាន​សុំ​ចេញ​ទៅ​វិញ​ផង​ដែរ​ក្រោយ​ពេល​ដែល​គ្រូពេទ្យ បាន​លាងមុខ​របួស​និង​ចាក់​ថ្នាំ​ផ្សះ​រួម​នឹង​ថ្នាំ​បញ្ចុះ​កម្ដៅ​រួច​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មន្ទីរពេទ្យ​ខេត្ត មិន​មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​សត្វ​កណ្តុរ ឬ​សត្វ​ឆ្មា​ខាំ​នោះ​ទេ​មាន​តែ​នៅ​ភ្នំពេញ​ទើប​មាន ដូច្នេះ​ត្រូវ​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​ទើបបាន​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]