ដំបូងៗដែលស្រឡាញ់នាង អ្នកប្រាកដជាឃើញនាងស្អាតហើយ ទើបអ្នកព្យាយាមចូលទៅក្នុងជីវិតនាង ហើយព្យាយាមធ្វើយ៉ាងម៉េច ដើម្បីបាននាងជាប្រពន្ធ។ តែអ្នកត្រូវដឹងថា សម្រស់របស់មនុស្សស្រី នាងមិនមែនស្អាតរហូតឡើយ ហើយនាងក៏មិនអាចជាមនុស្សស្រីដែលគួរឱ្យស្រឡាញ់គ្រប់ពេលនោះដែរ។

រូបតំណាង

មនុស្សស្រីរមែងប្រែប្រួលខ្លាំង ទាំងរូបរាងកាយ សម្រស់ សូម្បីតែអារម្មណ៍ នាងប្ដូរខ្លាំង នៅពេលដែលនាងចាប់ផ្ដើមមានផ្ទៃពោះ រហូតដល់នាងសម្រាល ក្លាយជាអ្នកម្ដាយគេ។

អ្នកជាប្ដី អ្នកជាឪពុក អ្នកត្រូវដឹងថា ថ្ងៃណាមួយប្រពន្ធអ្នកប្រាកដជា មុខចាស់ ស្បែកជ្រីវជ្រួញ រាងធាត់ ដៃគ្រើម លែងទន់រលោង តែសូមកុំបោះបង់នាងចោលឱ្យសោះ ព្រោះនាងប្រែប្រួលបែបនេះ ក៏ព្រោះតែនាងមានឈ្មោះជា ប្រពន្ធរបស់អ្នក។ ជាប្រពន្ធល្អ មិនមែននាងដេកស៊ី ចាំតែតុបតែងខ្លួននោះទេ ការងារសព្វយ៉ាង ចង្ក្រានចានឆ្នាំង បោសជូត គឺនាងជាអ្នកទទួលរ៉ាប់រងទាំងអស់ ដូច្នោះហើយ ទើបនាងប្រែបែបហ្នឹង។ ម្យ៉ាងទៀតក៏ព្រោះតែនាង ពពោះកូនរបស់អ្នក នាងលះបង់ រូបសម្រស់ដែលនាងស្រឡាញ់ខ្លាំង ដើម្បីបង្កើតកូនឱ្យអ្នក។

រូបតំណាង

មួយវិញទៀត ចិត្ត និងអារម្មណ៍នាងអាចនឹងប្រែប្រួល ឆេវឆាវ កាចឆ្នាស់ ជួនកាលក៏អាចនឹងគ្មានហេតុផល ខឹង រករឿងអ្នក តែសូមអ្នកដឹងថា គ្រប់យ៉ាង គឺមានដើមហេតុ ទើបធ្វើឱ្យនាងបែបហ្នឹង សូមឈ្វេងយល់ពីនាងផង កុំខឹង កុំបន្ទោស កុំបោះបង់នាង ព្រោះតែរឿងទាំងនេះ។ ភាពប្រែប្រួលស្ទើរតែ៩០%របស់នាង គឺអ្នកជាដើមហេតុ គឺព្រោះតែប្ដីរបស់នាងហ្នឹងហើយ។

សូមកុំក្បត់ចិត្តនាង មានស្រីខាងក្រៅ ព្រោះតែអ្នកមានអារម្មណ៍ធុញទ្រាន់នឹងភាពផ្លាស់ប្ដូរ ឬការប្រែប្រួលរូបសម្រស់របស់នាង សូមឱ្យតម្លៃប្រពន្ធ គោរពប្រពន្ធ ស្មោះត្រង់ចំពោះប្រពន្ធ។ ត្រូវរម្លឹកខ្លួនឯងជាប្រចាំថា គ្មានអ្នកណាស្អាតជាងប្រពន្ធរបស់ខ្លួនឡើយ សម្រស់ស្រីខាងក្រៅអាចនឹងស្អាតជាងប្រពន្ធអ្នក តែជាក់ស្ដែងចិត្តគំនិត របស់ស្រីខាងក្រៅ មិនអាចល្អស្អាត ហើយស្មោះត្រង់ លះបង់ដើម្បីអ្នក ដូចប្រពន្ធអ្នកឡើយ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]